វេជ្ជបណ្ឌិត​អ៊ីតាលី​យ៉ាង​តិច​100​នាក់​បាន​ស្លាប់​​​ដោយ​សារ​ COVID-19 ខណៈបុគ្គលិក​សុខាភិបាល​ជាង​13,500​នាក់​កំពុង​ផ្ទុក​មេរោគ​នេះ​

Italy,doctors,died,កូរ៉ូណា,មេរោគ​,covid-19,អ៊ីតាលី,វេជ្ជបណ្ឌិត

យោង​តាម​ស្ថិត​តិ​មួយ​ដែល​បាន​ប្រកាស​ថ្មី​ៗ​នេះ​ថា យ៉ាង​ហោច​ណាស់​មាន​វេជ្ជ​បណ្ឌិត​ចំនួន​100​នាក់​បាន​បាត់​បង់ជីវិតព្រោះ​តែ​មេរោគ​COVID-19 នៅ​ក្នុងចំណោម​បុគ្គលិក​សុខាភិបាល​​13,522​នាក់​ដែល​បាន​ឆ្លង​វីរុស​ដ៏កាច​សាហាវ​នេះ​។

សារ​ព័ត៌មាន CNN ដក​ស្រង់​ស្ថិតិ​របស់​សមាគម​វេជ្ជបណ្ឌិត​អ៊ីតាលី​ ដែល​បាន​ប្រកាស​​ក្នុង​​ថ្ងៃទី​9​មេសា​ឱ្យ​ដឹង​ថា ​វេជ្ជ​បណ្ឌិត​អ៊ីតាលី​យ៉ាង​តិច​100​នាក់​ បាន​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី(COVID-19)។ ក្នុង​ចំណោម​វេជ្ជ​បណ្ឌិត​ដែល​បាន​ស្លាប់​នេះ គឺ​មាន​80​%​ ធ្វើ​ការ​នៅ​អ៊ីតាលី​ភាគ​ខាង​ជើង​ ជា​តំបន់​ដែល​កំពុង​រង​គ្រោះ​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​វិបត្តិ​សុខ​ភាព​នេះ​។

គិត​មក​ដល់​ថ្ងៃ​ទី​8​មេសា បុគ្គលិក​សុខាភិបាល​នៃ​ប្រទេស​អ៊ីតាលី​ចំនួន​13,552​នាក់​បាន​ឆ្លង​វីរុស​COVID-19 ដែល​នេះ​គឺ​យោង​ទៅ​តាម​ទិន្ន​ន័យ​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​វិទ្យា​ស្ថាន​សុខាភិបាល​អ៊ីតាលី​។

“យើង​មិន​ធ្លាប់​បាន​ឃើញ​ក្រុម​គិលានុបដ្ឋាក​ ធ្វើ​ការ​លើស​កម្លាំង​ដល់​កម្រិត​នេះ​នោះ​ទេ​ ពិសេស​គឺ​អ្នកដែល​ធ្វើ​ការ​នៅ​កន្លែង​ព្យាបាល​ពិសេស​។ ពួក​គេ​មិន​មាន​ពេល​ដើម្បី​សម្រាក​នោះ​ឡើយ​” នេះ​គឺ​ជា​សម្ដី​របស់លោក Giorgio Cometto ដែលជា​អ្នក​គ្រប់​គ្រងផ្នែក​ធនធាន​មនុស្ស​ទាក់​ទិន​នឹង​គោល​នយោបាយ​ និង​ស្ដង់ដារសុខាភិបាល​​ របស់​​អង្គ​ភាព​កម្លាំង​ពល​កម្ម​នៃ​​អង្គ​ការ​សុខ​ភាព​ពិភពលោក​ WHO។

នៅ​ពេល​ដែល​អ៊ីតាលី​នៅ​តែ​បន្ត​អនុវត្ត​បម្រាម​គោចរ​ទូទាំង​ដែន​ដី ប្រទេស​នេះ​ក៏​នៅ​តែ​ជា​ “វាល​ពិឃាត” របស់​វីរុស​COVID-19 ធំជាង​គេ​បង្អស់​ក្នុងពិភពលោក​ ដោយ​មាន​អ្នក​ស្លាប់​សរុប​17,669​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ​ John Hopkins នៃ​​សហរដ្ឋ​អាមេរិក​។

តួលេខ​សរុប​នៃ​អ្នក​បាន​ឆ្លង​វីរុស​COVID-19 នៅអ៊ីតាលី គិត​មក​ដល់​ពេល​នេះ​ មាន​ចំនួន​139,422​នាក់​ ក្នុង​នោះ​មាន​3,693​នាក់​កំពុង​ទទួល​ការ​ព្យាបាល​ជា​ពិសេស​។

គិត​មក​ដល់​បច្ចុប្បន្ន ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​ចំនួន​1,518,773​នាក់​ ក្នុង​នោះ​មាន​330,589​​នាក់​បាន​ជាសះ​ស្បើយ និង​88,505​នាក់​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត​៕

ប្រភព៖ សារ​ព័ត៌មា​ន​បរទេស​

Advertisement