“វីរុស ឆ្លងគ្មានព្រំដែនទេ ដូច្នេះត្រូវរួមដៃគ្នា ទើបឆ្លងផុតឧបសគ្គនេះបាន” លោក ស៊ី ជីនភីង ទូរស័ព្ទពិភាក្សាជាមួយមេដឹកនាំទូទាំងពិភពលោក

មេរោគវីរុស បានបង្ហាញឱ្យពិភពលោកដឹងថា គ្មានព្រំដែន ឬបែងចែកជាតិសាសន៍ណាមួយឡើយ ហើយមានតែការធ្វើការរួមគ្នាប៉ុណ្ណោះ ទើបមនុស្សជាតិ អាចយកឈ្នះក្នុងការប្រយុទ្ធនឹងមេរោគវីរុសដែលកំពុងតែរាតត្បាតយ៉ាងខ្លាំងនេះបាន។

ចិនរួមដៃជាមួយអង់គ្លេស

លោក ស៊ី ជីនភីង ប្រធានាធិបតីនៃប្រទេសចិន បានថ្លែងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន កាលពីថ្ងៃចន្ទ កន្លងទៅថា ចិនត្រៀមជាស្រេចក្នុងការគាំទ្រ និងជួយសហរាជអាណាចក្រ។ លោកប្រធានាធិបតី ស៊ី បានបន្ថែមថា លោកជឿជាក់ថា អង់គ្លេសនឹងទទួលបានជោគជ័យលើការឆ្លងរាតត្បាតរបស់មេរោគ ក្រោមការដឹកនាំរបស់លោក ចនសុន។

ចំណែកលោកនាយករដ្ឋមន្ត្រី ចនសុន បានស្វាគមន៍ និងអបអរសាទរចំពោះរដ្ឋាភិបាលចិន និងប្រជាជនចិន ចំពោះភាពជោគជ័យក្នុងការការពារ និងគ្រប់គ្រងជំងឺរាតត្បាត ដែលបានប្រើការព្យាយាមយ៉ាងខ្លាំងក្លា និងការលះបង់យ៉ាងមហាសាល។

នាពេលបច្ចុប្បន្ន ស្ថានការណ៍COVID-19 នៅក្នុងសហរាជអាណាចក្រ បានក្លាយជារឿងដែលគួរឱ្យវិតក្កកង្វល់យ៉ាង​ខ្លាំង។ លោកបន្ថែមថា៖ “សហរាជអាណាចក្រ កំពុងសិក្សា និងរៀនយល់ដឹងពីបទពិសោធដ៏មានប្រយោជន៍របស់ចិន និងប្រើវិធានការការពារ និងគ្រប់គ្រងខាងវិទ្យាសាស្ត្រ និងមានប្រសិទ្ធភាព”។

លោក ចនសុន បានបន្តថា៖ “យល់ស្របយ៉ាងខ្លាំងបំផុតជាមួយលោកប្រធានាធិបតី ស៊ី ជីនភីង ថា គ្មានប្រទេសមួយណាតែម្នាក់ឯង អាចការពារខ្លួនឯងពីរោគរាតត្បាតនេះបាន ដោយមិនពង្រឹងការសហការគ្នាជាមួយប្រទេសផ្សេងទៀតនោះទេ” លោក ចនសុនបានបន្ថែមថា “អង់គ្លេសគាំទ្រWHO ក្នុងការមានតួនាទីសំខាន់ និងសង្ឃឹម​ថា គ្រប់គ្នានឹងពង្រឹងការសហការដែលពាក់ព័ន្ធនៅក្នុងប្រទេស G20 និងក្នុងកម្រិតពហុភាគីឱ្យកាន់តែស៊ីជម្រៅខ្លាំងឡើង”។

ចិនសហការជាមួយបារាំង

លោក ស៊ី ជីនភីង នៅបានទូរស័ព្ទទៅពិភាក្សាជាមួយលោក អេម៉ានូអែល ម៉ាខ្រុង ប្រធានាធិបតីនៃប្រទេសបារាំងផងដែរថា ប្រទេសចិនត្រៀមខ្លួនជានិច្ចក្នុងការធ្វើការរួមជាមួយប្រទេសបារាំង ដើម្បីការសហការដ៏ជិតស្និទ្ធខ្លាំងឡើងក្រោមកម្រិតពហុភាគី និងការគ្រប់គ្រងថែទាំផ្នែកសុខភាពដែលកាន់តែល្អឡើងទូទាំងពិភពលោក។

កាលពីពេលមុននេះ មេដឹកនាំបារាំង បានទូរស័ព្ទពិភាក្សាជាមួយលោក ស៊ី ជីនភីង តាំងពីខែមករា ដោយបានសម្ដែងឱ្យឃើញអំពីភាពជឿជាក់រវាងគ្នា និងគ្នា រវាងប្រធានាធិបតីទាំង2(បារាំង-ចិន)ក្នុងកម្រិតខ្ពស់មួយ។

លោក ម៉ាខ្រុង បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះភាពក្លាហានរបស់រដ្ឋាភិបាលចិន និងប្រជាជនចិន ក្នុងការប្រើវិធានការដាច់ខាត និងមានប្រសិទ្ធភាពក្នុងរយៈពេលដ៏ខ្លី។

ចិនសហការជាមួយអេហ្ស៊ីប

លោក ស៊ី ជីនភីង បានទូរស័ព្ទជជែកជាមួយលោក អាប់ឌែល ហ្វាថា អាល់ស៊ីស៊ី មេដឹកនាំនៃប្រទេសអេហ្ស៊ីបថា ចិនគាំទ្រការព្យាយាមក្នុងការការពារ និងគ្រប់គ្រងជំងឺរាតត្បាតរបស់អេហ្ស៊ីប និងអះអាងពីគោលជំហររបស់ចិនក្នុងការធ្វើការរួមជាមួយប្រទេសផ្សេងៗ ដើម្បីលើកកម្ពស់ការសហការរវាងប្រទេសក្នុងការការពារ និងគ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគ រួមគ្នាចាត់ការទៅលើមហន្តភ័យឈ្លានពាននេះ។

វេជ្ជភណ្ឌ ដែលចិនបញ្ជូនទៅឱ្យប្រទេសបារាំង បានទៅដល់ព្រលានយន្តហោះ Roissy-Charles de Gaulle ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី18 មីនា ឆ្នាំ2020

មេដឹកនាំនៃប្រទេសអេហ្ស៊ីប បានថ្លែងដោយសម្ដែងពីអារម្មណ៍អរគុណដែលបានទទួលការគាំទ្រ និងការជួយ សង្គ្រោះអំពីចិន និងជឿជាក់ក្នុងចិត្តថា ជាមួយនឹងការតស៊ូប្រយុទ្ធនឹងគ្រោះភ័យនេះ មិត្តភាពរវាងប្រទេសទាំង2 នឹងបានទទួលការតភ្ជាប់ជាបន្ត៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement