ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថា GMAC នឹងសហការជាមួយរាជរដ្ឋាភិបាលដើម្បីដាក់ញត្តិទៅរដ្ឋាភិបាលអាមេរិក ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (GSP) សម្រាប់ការនាំចេញស្បែកជើងពីប្រទេសកម្ពុជា។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានមានប្រសាសន៍ ដែលត្រូវបានដកស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មាននាព្រឹកថ្ងៃទី24 កក្កដានេះថា រដ្ឋាភិបាលអាមេរិកនឹងពិនិត្យលើគោលនយោបាយពាណិជ្ជកម្ម GSP របស់ពួកគេ ដែលក្នុងនោះផលិតផលស្បែកជើងត្រូវបានដកចេញ រួមជាមួយផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់។
លោកបានថ្លែងថា ឧស្សាហកម្មស្បែកជើង និងសម្លៀកបំពាក់របស់កម្ពុជាបាននិងកំពុងនាំចេញក្រោមកម្មវិធី MFN ទៅសហរដ្ឋអាមេរិកដែលតម្រូវឲ្យមានការបង់ពន្ធនាំចូលតិចជាង35ភាគរយ ខណៈរដ្ឋាភិបាលរបស់ពួកគេកំណត់ពន្ធខ្ពស់ដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់ពួកគេ។ ប្រភេទជាច្រើននៃផលិតផលស្បែកជើងគឺមានភាពរសើបសម្រាប់ការនាំចូល ប៉ុន្តែសព្វថ្ងៃនេះ ភាគច្រើនបំផុតនៃផលិតផលប្រភេទទាំងនោះគឺត្រូវបានផលិតនៅបរទេស។
លោកបានបន្តថា លោកគិតថា វាជាពេលវេលាសមស្របមួយសម្រាប់រដ្ឋាភិបាលអាមេរិកពិនិត្យកម្មវិធី GSP សម្រាប់ប្រទេសក្រីក្រដូចជាប្រទេសយើង។ GSP របស់អាមេរិកត្រូវបានផ្តល់ទៅឲ្យប្រទេសក្រីក្រតាំងពីឆ្នាំ1974 ប៉ុន្តែផលិតផលសម្លៀកបំពាក់ និងស្បែកជើងមិនដែលត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិធីនេះទេ»។ នាពេលថ្មីៗនេះ តាមអ្វីដែលលោកដឹង រដ្ឋាភិបាលអាមេរិកនឹងពិចារណាផ្តល់GSPសម្រាប់ស្បែកជើង។ នេះហើយជាមូលហេតុដែលយើងត្រូវខិតខំឲ្យអស់ពីសមត្ថភាពដើម្បីដាក់ញត្តិរបស់យើងទៅរដ្ឋាភិបាលរបស់ពួកគេដើម្បីពិចារណាផ្តល់ឲ្យយើងផងដែរ»។
លោក កាំង ម៉ូនីកា បានថ្លែងបន្តទៀតថា រហូតមកដល់ពេលនេះ សមាគមកំពុងពិភាក្សាជាមួយម្ចាស់រោងចក្រស្បែកជើងទាំងអស់លើបញ្ហានេះ និងស្វែងរកជំនួយមួយចំនួនពីក្រុមហ៊ុនច្បាប់មួយនៅសហរដ្ឋអាមេរិកនៅក្នុងដំណើរការការងារឯកសារ និងការរៀបចំឯកសារដទៃៗទៀតសម្រាប់ដាក់ញត្តិ។
លោកបន្តថា ពិតណាស់យើងត្រូវការជំនួយពីក្រុមហ៊ុនច្បាប់នៅសហរដ្ឋអាមេរិកក្នុងការរៀបចំឯកសារ និងការងារឯកសារមួយចំនួនដើម្បីឲ្យយើងអាចដាក់ញត្តិបាន»។ «លក្ខខណ្ឌការងារប្រសើរជាងមុនសម្រាប់កម្មករ រួមជាមួយនឹងកម្រិតខ្ពស់នៃអនុលោមភាពសង្គម និងការងារ ការកើនឡើងនៃការនាំចេញ និងការកើនឡើងនៃប្រាក់ឈ្នួលអប្បបរមានាពេលថ្មីៗ គឺជាទិដ្ឋភាពសំខាន់ដើម្បីបង្ហាញពួកគេអំពីការអភិវឌ្ឍឧស្សាហកម្មនេះ។ ប្រសិនបើយើងអាចទទួលបាន វាសំខាន់ណាស់សម្រាប់កម្ពុជាក្នុងការជួយការអភិវឌ្ឍសេដ្ឋកិច្ចធ្វើឲ្យមានការវិនិយោគច្រើនជាងមុន និងបង្កើតការងារតាមរយៈការពង្រីកការនាំចេញស្បែកជើងទៅសហរដ្ឋអាមេរិក។ វាក៏រួមចំណែកបន្តិចបន្តួចផងដែរសម្រាប់ប្រទេសរបស់យើងចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមានាពេលថ្មីៗ»។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាមានរោងចក្រស្បែកជើងប្រមាណ59រោងចក្រនិងបាននាំចេញគិតជាទឹកប្រាក់ប្រមាណ700លានដុល្លារកាលពីឆ្នាំមុន៕