រាជរដ្ឋាភិបាលកម្ពុជា ស្នើភាគីថៃជួយគាំពារ និងសង្រ្គោះពលករដែលត្រូវគេជួញដូរ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងការងារបានស្នើសុំភាគីថៃជួយផ្តល់សេវាគាំពារ និងសង្រ្គោះពលករកម្ពុជាដែលត្រូវបានគេជួញដូរទៅកាន់ប្រទេសថៃ។

ក្នុងជំនួបជាមួយលោក អាឌុល សែងស៊ីកែវ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គមថៃកាលពីថ្ងៃម្សិលមិញ លោកអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើទៅកាន់ភាគីថៃលើចំណុចមិនប្រក្រតីមួយចំនួនផងដែរ ក្នុងនោះគឺរឿងពលករដែលត្រូវបាននាំចូលទៅធ្វើការនៅប្រទេសថៃខុសច្បាប់ គឺជាជនរងគ្រោះដែលត្រូវបានគេជួញដូរដែលគួរតែមានការគាំពារ ជួយសង្រ្គោះ និងផ្តល់សេវា។ នេះជាចំណុចដែលភាគីទាំងពីរគួរនាំគ្នាដោះស្រាយ។ មួយវិញទៀត រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាក៏បានលើកឡើងពីប្រពន្ធ និងកូនដែលទៅជាមួយពលករខ្មែរយើងនោះផងដែរ ដែលគួរតែមានការគាំពារ ផ្តល់សេវាកម្មផ្សេងៗ អប់រំ និងសេវាសុខាភិបាលដល់ពួកគេ។

លោករដ្ឋមន្រ្តីក្រសួងការងារក៏បានលើកពីគម្រោងដែលចង់ឲ្យភាគីថៃបង្កើតឱ្យមានជាមជ្ឈមណ្ឌលគាំពារពលករមួយសម្រាប់ទទួលយកពលករដែលជាជនរងគ្រោះដោយការជួញដូរដើម្បីធ្វើការប្រឹក្សាណែនាំដល់ពួកគេកុំឱ្យចាញ់បោកមេខ្យល់ទៀត ហើយភាគីថៃអាចបញ្ជូនពួកគេមកវិញតាមរយៈមជ្ឈមណ្ឌលនេះ។

ជាការឆ្លើយតបលោក អាឌុល សែងស៊ីកែវ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសង្គមថៃបានទទួលយក និងឯកភាពនឹងការលើកឡើងរបស់ភាគីកម្ពុជា ហើយលោកនឹងបន្តឆន្ទៈអនុវត្តខ្លឹមសារក្នុងអនុស្សរណៈដែលបានចុះកិច្ចព្រមព្រៀងគ្នាកន្លងមក។ ជាក់ស្តែងថ្មីៗនេះភាគីថៃបានដោះស្រាយបញ្ហាជួញដូរមនុស្សបានជាង100ករណី ហើយរឹបអូសទ្រព្យសម្បត្តិបានជាង790លានបាត និងកាត់ទោសឱ្យជាប់គុកលើមន្ត្រី និងអ្នកនយោបាយរបស់ខ្លួនដែលបានប្រព្រឹត្តបទល្មើសនេះប្រមាណជា130នាក់ផងដែរ។

ពលករកម្ពុជាដែលបម្រើការងារនៅក្នុងប្រទេសថៃបច្ចុប្បន្នមានប្រមាណជា 1,050,000 នាក់ ក្នុងនោះជាង70ម៉ឺននាក់មានភាពស្របច្បាប់ហើយ និងប្រមាណ30ម៉ឺននាក់ទៀតមិនទាន់មានភាពស្របច្បាប់នៅឡើយ។ ហើយថ្មីៗនេះ រដ្ឋាភិបាលថៃបានធ្វើការកែទម្រង់ច្បាប់ថ្មីដើម្បីគ្រប់គ្រងពលករបរទេសដែលមានភាពតឹងរ៉ឹងជាមុន ហើយធ្វើការផាកពិន័យធ្ងន់ធ្ងរជាងមុនចំពោះនិយោជក។ ភាគីថៃក៏បានចេញសេចក្តីប្រកាសឱ្យមានការពន្យាពេលក្នុងការអនុវត្តច្បាប់នេះ៦ខែដែលឯកឧត្តមមើលឃើញថា
នេះជាឱកាសមួយសម្រាប់ប្រទេសទាំងពីររួមគ្នាដោះស្រាយបញ្ហាពលករទេសន្តរប្រវេសន៍ សំដៅបង្កើតភាពស្របច្បាប់ និងការការពារសិទ្ធិ ព្រមទាំងការរំលោភបំពានផ្សេងៗ៕

Advertisement