អ្នក​ស្លាប់​ដោយ​សារ​អាសន្នរោគ​​ Covid-19 នៅ​អ៊ីរ៉ង់​ កើន​ដល់​​34នាក់​ ខណៈ​អ្នក​បាន​ឆ្លង​មេរោគ​ថ្មី​ត្រូវ​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់​

នៅ​ប្រទេស​អ៊ីរ៉ង់ អាសន្ន​រោគ​កូរ៉ូណា​ Covid-19 បាន​សម្លាប់​មនុស្ស​បន្ថែម​​8នាក់ និង​បាន​​ឆ្លង​ទៅ​មនុស្ស​ចំនួន​134​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​នេះនៅ​អ៊ីរ៉ង់ កើន​ឡើង​ដល់​388​នាក់។

“388នាក់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​ Covid-19 និង​មនុស្ស​ចំនួន​34នាក់​បាន​បាត់​បង់​ជីវិត បើគិតមក​ដល់​ថ្ងៃទី​28កុម្ភៈ​នេះ។ ​អ្នក​ឆ្លង​មេរោគ​ថ្មីចំនួន64ករណី​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រដ្ឋធានី​ Tehran។ ខេត្ត​ចំនួន​64របស់​អ៊ីរ៉ង់ ត្រូវ​បាន​រាយ​ការណ៍​ថាមាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19” នេះ​បើ​តាម​អ្នក​នាំពាក្យ​របស់ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ Kianooush Jahanpour ដែល​បាន​ថ្លែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ក្នុង​ថ្ងៃ​នេះ​។

បច្ចុប្បន្ន​ អ៊ីរ៉ង់​គឺជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា Covid-19 ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក បន្ទាប់​ពី​ប្រទេស​ចិន​។

មន្ត្រី​ជាន់​ខ្ពស់​របស់​អ៊ីរ៉ង់​ជា​ច្រើន​រូប​បាន​ឆ្លង​មេរោគ​ដ៏កាច​សាហាវ​ Covid-19 នេះ ក្នុង​នោះ​មានអនុប្រធានា​ធិបតី​​អ៊ីរ៉ង់ លោក​ស្រី Masoumeh Ebtekar ប្រធាន​គណៈ​កម្មការ​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​ និង​សន្តិ​សុខ​ជាតិ​របស់​សភាអ៊ីរ៉ង់ លោក​ Mojtaba Zolnour អនុ​រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល លោក​​ Iraj Harirchi និង​សមាជិក​សភាអ៊ីរ៉ង់ លោក Mahmoud Sadeghi។

សូម​រំឭកថា អាសន្ន​រោគ​កូរ៉ូណា Covid-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​ដំបូង​កាល​ពី​ចុង​ឆ្នាំ​2019នៅ​ប្រទេស​ចិន។ គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ជំងឺ​កូរ៉ូណា​ Covid-19 ចំនួន 83,774​នាក់ និង​មាន​អ្នក​ស្លាប់ចំនួន​​2,867​នាក់​ ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា​នេះ​៕

ប្រភព៖ សារ​ព័ត៌​មាន​បរទេស

Advertisement