SONY នៅតែបន្តចេញស្មាតហ្វូនអេក្រង់ 90Hz ម្តង 2 ហើយអាចនឹងមាន 5G

ក្រុម​ការងារ​របស់​​ XDA បាន​ចែក​រំលែក​រូបភាព ​ដែល​ទំនង​ជា​រូបភាព​លេច​ធ្លាយ និង​លក្ខណសម្បត្តិ​របស់​​ស្មាតហ្វូន Sony ឆ្នាំ2020 គឺ​មាន​ឈ្មោះ Xperia 1 II និង Xperia 10 II។

ស្មាតហ្វូន Xperia 1 II នេះ ​ដូច​ឈ្មោះ​វា​បាន​បញ្ជាក់​ស្រាប់ហើយអ៊ីចឹង គឺ​វា​ជា​ប្រភេទ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ថ្មី​របស់ Sony Xperia 1 ដោយ​មាន​ប្ដូរ​ប្រើ​សេវា 5G ប្រើ​បន្ទះ​ឈីប Snapdragon 865 ដែល​សមត្ថភាព​ខ្លាំង​​ជាង​មុន និង​​មានអេក្រង់​ដែល​អាច​បង្ហាញ​ ដូច​ជា​អេក្រង់ 90Hz ផង​ដែរ។ ការ​ផ្លាស់​ប្ដូរ​ផ្សេង​ទៀត​ រួម​មាន​ថ្ម​ទំហំ 4000 mAh (ពីមុន 3300 mAh), កាមេរ៉ាមានសមត្ថភាព​ Zoom បាន​ 3ដង, មាន RAM ទំហំ 8GB និង​អង្គ​ផ្ទុកទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ 256GB។
ចំណែក​ស្មាតហ្វូន Xperia 10 II វិញ គឺ​នៅ​តែ​ប្រើ​ប្រាស់​សេវា 4G LTE ដដែល មាន​អេក្រង់​ OLED អាច​បង្ហាញ​រូប​ភាព​កម្រិត 2520×1080 ភិកសែល​ ដូច​ Xperia 10។ វា​មាន​​សមត្ថភាព​ខ្លាំង​លើស​ស៊េរីមុន ​ត្រង់​ការ​ប្រើ​ឈីប Snapdragon 665 មាន RAM ទំហំ 4GB មាន​កាមេរ៉ា​ក្រោយ 3គ្រាប់ និង​អង្គ​ផ្ទុក 128GB។

ថ្ងៃ​នៃ​ការ​ប្រកាស​បង្ហាញមុខ ​មិន​បាន​មក​ព្រម​គ្នា​ជា​មួយ​រូបភាព​លេច​ធ្លាយទេ ប៉ុន្តែ​គេ​អាច​ដឹង​អំពី​វា​ឆាប់ៗនេះ ​ដោយ​សារ​នៅ​លើ​ផ្ទាំង​ទូរស័ព្ទ ​មាន​បង្ហាញ​​អំពី​ថ្ងៃ​ទី24 ​ខែ​កុម្ភៈ៕​​

Advertisement