ប្រជា​ពល​រដ្ឋ​ប៉ាគីស្ថាន ធ្វើ​បាតុកម្មទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ជម្លៀស​និស្សិត​របស់​ប្រទេស​នេះ ចេញ​ពី​ស្រុក​ចិន​

រដ្ឋា​ភិបាល​ប៉ាគីស្ថាន​ បាន​សម្រេច​ចិត្ត​មិន​ជម្លៀស​និស្សិត​របស់​ខ្លួន​​ជាង​1,000នាក់ ​ចេញ​ពី​តំបន់​ Wuhan ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា​ ខណៈ​និស្សិត​ជា​ច្រើន​មាន​បំណង​ត្រឡប់​មក​ស្រុក​វិញ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ប៉ាគីស្ថាន​ Zafar Mirza បាន​ឱ្យ​ដឹង​នៅ​លើ​ទំព័រ​ Twitter កាល​ពី​ថ្ងៃ​ទី​15កុម្ភៈ​ថា រូប​លោក និង​ក្រុម​រដ្ឋ​មន្ត្រី​ នឹង​បើក​កិច្ច​ប្រជុំ​មួយ​សម្រាប់​អាណា​ព្យា​បាល​សិស្ស និស្សិត​នៅ ទី​ក្រុង​ Islamabad នា​ថ្ងៃ​ពុធ​ ហើយ​រដ្ឋា​ភិបាល​ក៏កំពុង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ចិន ដើម្បី​ធានា​សុវត្ថិ​ភាព​របស់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ឯក្រុង​ Wuhan ប្រទេស​ចិន​។

ក៏ប៉ុន្តែ និស្សិត​ និង​គ្រួសារ​របស់​ពួកគេ​ បាន​សម្ដែង​ការ​ខក​ចិត្តកាន់​តែ​ខ្លាំង ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា ចេះ​តែ​កើន​ឡើង​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។

“ដើម្បី​ផល​ប្រយោជន៍​របស់​យើង​ យើង​ស្នើរ​ឱ្យ​រដ្ឋា​ភិបាល​​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កូន​ចៅ​របស់​យើង​ខ្ញុំ សូម​មេត្តា​ស្ដាប់​នូវ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​របស់​អ្នក​ម្ដាយ​មួយ​រូប​ដូច​ខ្ញុំ”។ នេះ​គឺជា​សម្ដី​របស់​បាតុ​ករ​ម្នាក់​ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន។

បាតុករ​នាំ​គ្នា​ស្រែក​ខ្លាំង​ៗ​ថា “នាំ​កូន​យើង​ខ្ញុំ​ត្រឡប់​មក​ស្រុក​វិញ” និង​នាំ​គ្នា​លើក​បដា​ដែល​មាន​សរសេរ​ពាក្យ​ដូចគ្នា​នេះ​។

កាល​ពី​ដើម​សប្ដាហ៍​មុន មនុស្ស​រាប់​​រយ​នាក់​នៅទី​ក្រុង​ Lahore នៃ​ប្រទេស​ប៉ាគីស្ថាន ក៏បាន​ធ្វើ​បាតុ​កម្ម​ដូចគ្នា​នេះ​ដែរ នៅ​ខាង​ក្រៅ​ស្ថានកុង​ស៊ុល​ចិន ដោយ​សារ​តែ​មាន​និស្សិត​ជនជាតិ​ប៉ាគីស្ថាន​ជា​ច្រើន​នាក់ បាន​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​ប្រទេ​សចិន​។ អាជ្ញាធរ​ប៉ាគីស្ថាន​បាន​ឱ្យ​ដឹង​ថា និស្សិត​ប៉ាគីស្ថាន​6នាក់​ដែល​បាន​ឆ្លង​មេរោគ​នេះ កំពុង​ទទួល​ការ​​ព្យា​បាល​ និង​កំពុង​មាន​សុខ​ភាព​ប្រសើរ​ឡើង​វិញ​ខ្លះហើយ​។

យ៉ាង​នេះ​ក្ដី ក្រុម​និស្សិត​ប៉ាគីស្ថាន​ដែល​កំពុង​ជាប់​គាំង​នៅឯ​ប្រទេស​ចិន បាន​ទាក់ទង​មក​កាន់​ភ្នាក់​ងារ​សារ​ព័ត៌មាន​ Reuters ដោយ​ប្រាប់​ថា ពួកគេ​ចង់​ចាក​ចេញ​ពី​ប្រទេស​ចិន​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement