តើ​ការ​ញ៉ាំ​ចំណីអាហារ​ដែល​ផុតកំណត់​ញឹកញាប់​ប៉ះពាល់​សុខភាព​ដែរ​ឬទេ​?

ញ៉ាំ​របស់​ផុតកំណត់​(ហួស​ដេ​ឡេ​)ញឹកញាប់​ នឹង​ធ្វើ​ឱ្យ​ខូចសុខភាព​ ឬឈឺថ្កាត់​ដែរ​ឬទេ​? ​បើ​លោកអ្នក​ធ្លាប់ធ្វើ​បែបហ្នឹង​ញឹកញាប់​ ឡា​រ៉ែ​ន មាន​ចម្លើយ​ពី​លោក​វេជ្ជបណ្ឌិត​ អ្នកជំនាញ​ខាង​ផ្នែក​អាហារ​ និង​សុខភាព​មក​ជម្រាប​ជូន​ដូច​ក្រោម​។

កា​រទទួលទាន​អាហារ​ដែល​ផុតកំណត់​អាយុ​ញឹកញាប់​ មិនមែន​ជា​រឿង​ល្អ​ទេ​ ហើយ​តើ​វា​នឹង​ហុច​ផល​ធ្វើ​ឱ្យ​ឈឺថ្កាត់​ឬក៏​អត់​? តើ​ទទួល​បាន​គុណប្រយោជន៍​ខាង​ភោជនាហារ​ ឬក៏​អត់​នោះ​? ចំណុច​នេះ​ប្រហែលជា​ត្រូវ​ពិចារណា​មើល​បន្តិច​សិន​។

ផល​ប៉ះពាល់​ចំពោះ​សុខភាព​ ពេល​បរិភោគ​អាហារ​ដែល​ផុតកំណត់​ហើយ​នោះ​ អាច​ជួប​ប្រទះ​តាំងពី​ “គ្មានផល​ប៉ះពាល់​ដល់​រាងកាយ​” រហូត​ទៅដល់​ “មានផល​ប៉ះពាល់​ដល់​រាងកាយ​យ៉ាងធ្ងន់ធ្ងរ​” អាស្រ័យ​លើ​ប្រភេទ​របស់​អាហារ​ដែល​យើង​ទទួលទាន​ចូល​ទៅ​នោះ​។

លើក​ឧទាហរណ៍​ងាយ​ៗ ដូចជា​ បើ​យើង​បរិភោគ​ដំណាប់​ផ្លែឈើ​ដែល​ទើបតែ​ផុតកំណត់​កាលពី​ម្សិលមិញ​ ឬយក​ដុំ​ប៊័រ​ដែល​ទើបតែ​ផុត​កំណត់កាល​ពី​ 2ថ្ងៃមុន​មក​ធ្វើជា​អាហារ​ ករណី​ 2នេះ​ស្ទើរតែ​គ្មាន​ហុច​ផល​ប៉ះពាល់​អ្វី​ដល់​សុខភាព​ ឬធ្វើ​ឱ្យ​មានការ​ឈឺថ្កាត់​អ្វី​ឡើយ​។

តែបើ​យក​សាច់​ត្រីខ​កំ​ប៉ុង​ក្លា​ស្សេ​ត្រជាក់​ដែល​ផុតកំណត់​ 2សប្តាហ៍​មក​ហើយ​ មក​ចម្អិន​ជា​អាហារ​ ឬក៏​ទឹកដោះគោឆៅ​ដែល​ផុតកំណត់​កាលពី​ 1សប្តាហ៍​មុន​មក​បរិភោគ​ អាច​នឹង​ធ្វើ​ឱ្យ​កើត​អាការ​រាករូស​ ក្អួតចង្អោរ​ ចុកពោះ​ ដោយសារ​តែ​អាហារ​ទាំងនោះ​មាន​ជាតិពុល​ ដល់​ថ្នាក់​ត្រូវ​នាំចូល​ទៅដេក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ក៏អាច​ថា​បាន​ដែរ​។ ដូច្នេះ​មុននឹង​ទិញ​អាហារ​ ឬយក​អាហារ​មក​ចម្អិន​ពិសា​ ត្រូវ​ពិនិត្យមើល​ថ្ងៃ​ផុត​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ជាមុន​សិន​។

ការ​សរសេរ​បញ្ជាក់​ថ្ងៃ​ផុតកំណត់​នៅ​លើ​ស្លាក​ផលិតផល​មាន​រូបភាព​ខុសប្លែក​ពីគ្នា​ ដូចជា​នៅក្នុង​ប្រទេស​យើង​ ដែល​ជួបប្រទះ​ញឹកញាប់​នោះ​មាន​ 2បែប​គឺ​ ​”គួរ​បរិភោគ​មុន​ថ្ងៃទី​…ឬ Best​ Befor​…ឬ BB​…” ហើយនិង​ “ថ្ងៃ​ផុតកំណត់​ ឬ Expire​…”។
ជាទូទៅ​ បើ​នៅ​លើ​ស្លាក​ផលិតផល​បញ្ជាក់​ថា​ “គួរ​បរិភោគ​មុន​ថ្ងៃទី​…” នោះ​ មានន័យថា​ ​អាហារ​នឹង​នៅ​មាន​រសជាតិ​ល្អ​ នៅ​មានគុណ​-ប្រយោជន៍​ខាង​ភោជនាហារ​គ្រប់​ចំនួន​ ដូចដែល​មាន​បញ្ជាក់​នៅ​លើ​ស្លាក​ផលិតផល​រហូតដល់​ថ្ងៃ​នោះ​។ ក្រោយពី​ថ្ងៃ​នោះ​ទៅ​ រសជាតិ​ ​គុណភាព​ និង​គុណប្រយោជន៍​ខាង​អាហារ​នឹង​ចុះថយ​ ​តែ​គ្មាន​បញ្ហា​ចំពោះ​សុខភាព​ឡើយ​ ទើប​អាច​បរិភោគ​បាន​ដោយ​គ្មាន​គ្រោះថ្នាក់​ គ្រាន់តែ​អាច​មិនបាន​ទទួលគុណ​ប្រយោជន៍​ដូចដែល​បាន​សរសេរ​បញ្ជាក់​នៅ​លើ​ស្លាក​ផលិតផល​ប៉ុណ្ណោះ​ តែ​ក៏​មានកំណត់​ថ្ងៃ​ទុកជាមុន​មួយ​រយ:ដែរ​ ​មុន​នឹង​អាហារ​នោះ​ផុតកំណត់​ ឬខូចគុណភាព​។

ចំណែក​ “ថ្ងៃ​ផុតកំណត់​” នោះ​ មានន័យថា​ ថ្ងៃ​ដែល​អាហារ​នោះ​ផុត​អាយុ​កំណត់​ ដែល​ក្រោយពី​ថ្ងៃ​នោះ​មក​ អាហារ​នឹង​ផ្អូម​ស្អុយ​ ឬខូច​ ហាម​ទទួលទាន​ និង​គួរតែ​យក​ទៅ​បោះចោល​។ អាហារ​ដែល​ផុត​អាយុ​កំណត់​ហើយ​ នឹង​មានផល​ប៉ះពាល់​ដល់​រាងកាយ​ដូចជា​ អាហារ​មាន​ជាតិពុល​ ធ្វើ​ឱ្យ​ចុកពោះ​ ក្អួត​ គ្រុនក្តៅ​ខ្លួន​ វិលមុខ​ រាក​ខ្លាំង​ អាការ​អាច​ធ្ងន់ធ្ងរ​រហូត​កើត​សភាវ​ខ្វះ​ជាតិទឹក​ និង​ដល់​ថ្នាក់​ត្រូវ​នាំទៅ​មន្ទីរពេទ្យ​ក៏​មាន​។

ដូច្នេះ​ការពិនិត្យ​មើល​ស្លាក​ទំនិញ​បញ្ជាក់​ពី​ “ថ្ងៃ​ផុតកំណត់​” ឬ “គួរ​បរិភោគ​មុន​ថ្ងៃ​…” ដើម្បី​ឱ្យ​ប្រាកដ​ក្នុងចិត្ត​ថា​ អាហារ​ដែល​យើង​ទទួលទាន​នោះ​មិន​ខូចគុណភាព​ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ និង​រាងកាយ​នោះ​ គឺជា​វិធី​មួយ​ដ៏​ល្អ​បំផុត​៕

Advertisement