ទោះ​ស្ថិត​ក្នុង​ជំនាន់​ឌីជីថល​ក៏ដោយ​ ក៏​យុវជន​គួរ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ និង​អក្សរសាស្ត្រ​ឱ្យ​ច្បាស់​ដែរ​

បច្ចុប្បន្ន​នេះ​ជាស​ម័យ​ដែល​សកលលោក​មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ជាពិសេស​ផ្នែក​បច្ចេកវិទ្យា​។ គ្រប់​ប្រទេស​ទាំងអស់​សុទ្ធតែ​ជំរុញ​ឱ្យ​ប្រជាជន​ចាប់ផ្តើម​សិក្សា​លើ​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​ឆ្លើយតប​ជាមួយនឹង​ទី​ផ្សា​ការងារ​ក្នុង​យុគសម័យ​ឌីជីថល​ រួម​ទាំង​ការប្រកួត​ប្រជែង​ជា​អន្តរជាតិ​ទៀតផង​ តែ​ទោះជា​យ៉ាងនេះ​ក្តី​ ក៏​ប្រទេស​នី​មួយ​ៗមិន​ភ្លេច​ដែរ​ ក្នុង​ការជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​សិក្សា​ឱ្យ​បាន​ច្បាស់​ពី​ប្រវត្តិសាស្ត្រ​ និង​រាល់​ចំណុច​សំ​ខាន់​ៗដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ប្រទេស​របស់​ខ្លួន​។

ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ជួន​ ណា​រ៉ុន​ បាន​លើកឡើង​ថា​ យុវជន​គួរ​ធ្វើការ​ស្រាវជ្រាវ​អំពី​ប្រវត្តិវិទ្យា​ និង​ភាសាខ្មែរ​ឱ្យ​បាន​ទូលំទូលាយ​ ទោះ​ស្ថិត​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ក៏ដោយ​។ បច្ចុប្បន្ន​នេះ​ កម្ពុជា​បាន​រៀបចំ​ប្រព័ន្ធ​អប់រំ​កាន់តែ​ប្រសើរ​ ដែល​ធ្វើ​ឱ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​កាន់តែ​ងាយស្រួល​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ និង​អក្សរសាស្ត្រ​របស់​ខ្មែរ​។

ឯកឧត្តម​មានប្រសាសន៍​ថា​ ការសិក្សា​ពី​ប្រវត្តិសាស្ត្រ​អតីតកាល​ បូករួម​ជាមួយនឹង​ការ​ដឹង​ច្បាស់​ពី​ស្ថានភាព​ជាក់ស្តែង​នា​បច្ចុប្បន្ន​កាលនោះ​ នឹង​ធ្វើ​ឱ្យ​យើង​អាច​រៀបចំផែនការ​បាន​កាន់តែ​ប្រសើរ​សម្រាប់​អនាគតកាល​។ នៅពេល​យើង​ស្គាល់​ខ្លួនឯង​ច្បាស់​ហើយ​ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ ក៏​យើង​នៅតែ​អាច​រក្សា​បាន​នូវ​តម្លៃ​ និង​វប្បធម៌​ដែល​ជា​អត្តសញ្ញាណ​របស់​យើង​បាន​យ៉ាង​ល្អ​ប្រសើរ​ដែរ​។

ឯកឧត្តម​ ហង់​ជួន​ ណា​រ៉ុន​ មានប្រសាសន៍​ថា​៖ “ប្រវត្តិសាស្ត្រ​ និង​ភាសាខ្មែរ​ មាន​អាយុកាល​យូរ​មុន​ភាសា​នៅ​អឺរ៉ុប​ ហេតុនេះ​ការ​ព្យាយាម​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ស្គាល់​ច្បាស់​ពី​ភាសាខ្មែរ​ គឺជា​កិច្ចការ​ដ៏​សំខាន់​សម្រាប់​យុវជន​កម្ពុជា​”។

បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី​ ប្រវត្តិសាស្ត្រ​ជា​មេរៀន​យ៉ាង​សំខាន់​ ឬជា​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ការរស់នៅ​ និង​ការ​ធ្វើការងារ​ជាដើម​។ នៅ​ក្នុង​មេរៀន​ប្រវត្តិវិទ្យា​ គេ​បាន​លើកឡើង​ពី​រឿងរ៉ាវ​យ៉ាង​មាន​សារៈសំខាន់​ជាច្រើន​ដែល​បុគ្គល​សំ​ខាន់​ៗធ្វើការ​ដោះស្រាយ​បញ្ហា​នានា​រហូត​សម្រេច​បាន​ជា​ផ្លែផ្កា​យ៉ាង​សំខាន់​សម្រាប់​សង្គម​ ក៏ដូចជា​សម្រាប់​ការរស់នៅ​របស់​មនុស្សជា​ដើម​។ ហេតុនេះ​ការសិក្សា​ពី​ប្រវត្តិសាស្ត្រ​ ជា​ការសិក្សា​ពី​រឿងរ៉ាវ​ ឬមេរៀន​ជាក់ស្តែង​ពីអ​តី​តកាល​ដើម្បី​ទុកជា​ទុន​នៃ​គំនិត​សម្រាប់​យក​មក​ប្រើប្រាស់​នា​ពេល​អនាគត​។ ទោះជា​យ៉ាងនេះ​ក្តី​ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ផង​ដែរ​ឱ្យ​យុវជន​សិក្សា​បន្ថែម​ពី​ភាសាបរទេស​មួយ​ចំនួន​ ដូចជា​ភាសា​បារាំង​ និង​ភាសាអង់គ្លេស​ជាដើម​ ដើម្បី​បន្ត​ស្វែងរក​ឯកសារ​ដែលគេ​បាន​ចងក្រង​ជា​ភាសាបរទេស​ទាំងអស់​នោះ​អំពី​ប្រវត្តិសាស្ត្រ​ និង​អក្សរ​សាស្រ្ត​ខ្មែរ​ បន្ថែម​ពីលើ​អ្វី​ដែល​យើង​មានស្រាប់​។

បន្ទាប់មក​ទៀត​ យុវជន​ក៏អាច​សិក្សា​បន្ថែម​ផង​ដែរ​ពី​វប្បធម៌​នៃ​សកល​ភាវូបនីយកម្ម​ ដើម្បី​បង្កើន​គំនិត​ឱ្យ​កាន់តែ​ទូលំទូលាយ​ក្រោយពេល​ស្គាល់​ពី​មូលដ្ឋាន​គ្រឹះ​របស់​ខ្លួនឯង​រួចហើយ​៕

Advertisement