ឧកញ៉ា គង់ នួន៖ ទីផ្សារម៉ូតូ YAMAHA នឹងស្ទុះឡើងខ្លាំងម្ដងទៀតនៅកម្ពុជា

ក្រោយស្ងប់ស្ងាត់មួយរយៈលើទីផ្សារម៉ូតូប្រើលេខអូតូ និងប្រើលេខធម្មតា លោកឧកញ៉ា គង់ នួនដែលជាអគ្គនាយកគ្រប់គ្រងលើទីផ្សារម៉ូតូ YAMAHA កម្ពុជាមានជំនឿចិត្តយ៉ាងខ្លាំងថា ទីផ្សារម៉ូតូរបស់ជប៉ុនមួយនេះ នឹងស្ទុះឡើងខ្លាំងម្ដងទៀតនៅពេលដ៏ខ្លីខាងមុខនេះ ខណៈក្រុមហ៊ុនបាននាំចូលម៉ូតូជាមួយនឹងការបំពាក់បច្ចេកវិទ្យាថ្មីៗជាច្រើនដែលអាចបំពេញតម្រូវការអ្នកប្រើប្រាស់ និងប្លែកពីគូប្រកួតប្រជែង។

ថ្លែងក្នុងពិធីសម្ពោធហាងតំណាងចែកចាយថ្មី អ៊ុយ សាខន នៅតំបន់រោងកុនគិរីរម្យ លោកឧកញ៉ា គង់ នួន អគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប និងជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយម៉ូតូ YAMAHA ផ្តាច់មុខក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា ឥឡូវនេះ YAMAHA បាននិងកំពុងពង្រីកវិសាលភាពរបស់ខ្លួនឡើងវិញហើយ ក្រោយពីស្ងប់ស្ងាត់មួយរយៈលើទីផ្សារ។ លោកបន្ដថា កន្លងមកក្រុមហ៊ុនមិនសូវបាននាំចូលម៉ូតូម៉ូដែលថ្មីៗមកច្រើនទេ សម្រាប់ទីផ្សារមួយនេះ ប៉ុន្តែចាប់ពីពេលនេះទៅខ្លួននឹងធ្វើការនាំចូល និងដាក់លក់ម៉ូតូស៊េរីថ្មីៗ ប្លែកៗដែលក្រុមហ៊ុនជប៉ុនមួយនេះមាន ដើម្បីបំពេញតម្រូវការអតិថិជន ក៏ដូចវាយដណ្ដើមយកចំណែកទីផ្សារពីគូប្រកួតប្រជែងមកវិញទៀតផង។

លោកឧកញ៉ា ថ្លែងថា៖«ខ្ញុំមានជំនឿថា YAMAHA នឹងមានសម្ទុះទីផ្សារខ្លាំងឡើងវិញក្នុងរយះពេលដ៏ខ្លីខាងមុខនេះ។ តាមរយៈបទពិសោធរបស់ខ្ញុំ និងយុទ្ធសាស្ត្រថ្មី ទីផ្សារម៉ូតូមួយនេះនឹងទៅមុខលឿនជាក់ជាមិនខានឡើយ»។

ជាយុទ្ធសាស្រ្ដមួយក្នុងចំណោមយុទ្ធសាស្រ្ដជាច្រើនទៀតរបស់ក្រុមហ៊ុន និងការចាប់ដៃគូពាណិជ្ជកម្មជាមួយនឹងហាងលក់ម៉ូតូនានានៅទូទាំងប្រទេស គឺជាកត្ដាជំរុញឱ្យទីផ្សារបស់ YAMAHA អាចបន្តទៅមុខខ្លាំង។ លោកអគ្គនាយកឱ្យដឹងបន្ថែមទៀតថា ការចាប់ដៃគូពាណិជ្ជកម្មជាមួយនឹងហាងលក់ម៉ូតូ អ៊ុយ សាខន ធ្វើឡើងដើម្បីចែកចាយម៉ូតូរបស់ខ្លួននៅតំបន់រោងកុនគិរីរម្យនេះ ក្រោយពីអវត្តមានជាច្រើនឆ្នាំនៃប្រភេទម៉ូតូម៉ូដែល YAMAHA នៅក្នុងតំបន់រោងកុនគីរីរម្យដែលជាតំបន់លក់-ទិញម៉ូតូគ្រប់ម៉ូដែល គ្រប់ធុនធំជាងគេបំផុតនៅក្នុងក្រុងភ្នំពេញ។

លោកឧកញ៉ាបន្តថា៖ «ហាងលក់ម៉ូតូរបស់លោក អ៊ុយ សាខន មានបទពិសោធក្នុងវិស័យនេះរយៈពេលជាង 20 ឆ្នាំមកហើយ ហើយខ្ញុំក៏មានបទពិសោធជាង 20 ឆ្នាំហើយដែរ។ អ៊ីចឹងវាជាផ្លូវមួយដែលអាចធ្វើឱ្យស្លាកសញ្ញារបស់យើងទៅមុខបានលឿន»។

លោក អ៊ុយ សាខន ដែលជាម្ចាស់ហាងលក់-ទិញម៉ូតូ អ៊ុយ សាខន បានឱ្យដឹងដែរថា លោកបានមើលឃើញអំពីចក្ខុវិស័យរបស់ YAMAHA ទៅថ្ងៃអនាគត និងមានសេចក្តីទុកចិត្តលើការគ្រប់គ្រងរបស់ក្រុមហ៊ុន គង់ នួន គ្រុប ទើបលោកសម្រេចចិត្តចាប់ដៃគូជាមួយដើម្បីសម្រេចឱ្យបានគោលដៅរួមជាមួយគ្នា គឺការរីកចម្រើនជាមួយគ្នា។ ម្យ៉ាងវិញទៀតម៉ូតូម៉ាក YAMAHA គឺជា Brand ឈរនៅលំដាប់កំពូលនៅលើពិភពលោកទាំងការរចនាម៉ូដ បច្ចេកទេស និងការរៀបចំយុទ្ធសាស្ត្រលក់ដ៏ត្រឹមត្រូវ។

ម្ចាស់ហាង អ៊ុយ សាខន មានប្រសាសន៍ថា៖ «ខ្ញុំមើលឃើញពីអនាគតទៅមុខរបស់ YAMAHA ខ្ញុំជឿជាក់ទៅលើបច្ចេកវិទ្យារបស់ក្រុមហ៊ុន ជាពិសេសបច្ចេកវិទ្យាថ្មីឈ្មោះថា Blue Core ដែលជួយសន្សំសំចៃសាំង ជួយកាត់បន្ថយកម្តៅម៉ាស៊ីន ជួយកាត់បន្ថយសំឡេងរំខាន និងបង្កើនថាមពលម៉ាស៊ីន ដែលជាកត្តាសំខាន់ជួយសន្សំដល់អ្នកប្រើប្រាស់»។

ក្រុមហ៊ុន YAMAHA បានបញ្ជាក់ថា នៅពេលខាងមុខឆាប់ៗនេះ ខ្លូននឹងពង្រីកម៉ូដែលថ្មីៗបន្ថែមជាច្រើនមុខទៀតពីលើម៉ូដែលដែលយើងមានស្រាប់ ដូចជា FZ-Fi, Grand Filano, Fino និង Sirius ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន និងទីផ្សារទាំងមូល ដែលវាមិនតម្រូវតែយុវវ័យប៉ុណ្ណោះទេ អ្នកធ្វើការ អ្នកប្រកបអាជីវកម្មផ្សេងៗក៏អាចប្រើដែរ៕

 

 

 

Advertisement