លីកកំពូលនៃប្រទេសឥណ្ឌូនេស៊ី អាចក្លាយជាលីកកំពូលដែលទំនើបជាងគេបង្អស់ក្នុងតំបន់អាស៊ាន ក្រោយពេលដែលកិច្ចប្រជុំនៃលីកកំពូលប្រទេសនេះបានសម្រេចដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតមួយនេះ (VAR) ក្នុងការកាត់សេចក្តីការប្រកួត។
សហព័ន្ធកីឡាបាល់ទាត់ ឥណ្ឌូនេស៊ី បានបង្ហាញអំពីគោលបំណងនៃការប្រើប្រាស់បច្ចេកវិទ្យានេះថា គឺដោយសារតែចង់ឱ្យការប្រកួតបាល់ទាត់ក្របខ័ណ្ឌលីកកំពូលក្នុងប្រទេសរបស់ខ្លួនមានគុណភាពកាន់តែល្អបន្ថែមឡើងទៀត ក៏ដូចជាដើម្បីអភិវឌ្ឍវិស័យកីឡាបាល់ទាត់ឱ្យដើរទៅតាមបដិវត្តន៍នៃបច្ចេកវិទ្យាផងដែរ។
គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា VAR នេះត្រូវបាន FIFA សម្រេចដាក់ឱ្យប្រើប្រាស់សាកល្បងក្នុងឆ្នាំ2017 ហើយការប្រើប្រាស់ផ្លូវការលើកដំបូង គឺនៅក្នុងព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី ហើយទទួលបានជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើពិភពលោក៕