ក្រុមហ៊ុន​ Signatures​ of​ Asia​ ចុះ​ MoU​ ជាមួយ​សមាគម​កសិកម្ម​ និង​ក្រុមហ៊ុន​ 6ទៀត​ដើម្បី​ជួយ​វិស័យ​កសិកម្ម​ឱ្យ​មាន​និរន្តរភាព​

ដើម្បី​លើកកម្ពស់​ជីវភាព​ និង​ប្រាក់ចំណូល​ដល់​កសិករ​ខ្នាត​តូច​ និង​លើកកម្ពស់​ចង្វាក់​តម្លៃ​កសិផល​ប្រកបដោយ​និរន្តរភាព​ ក្រុមហ៊ុន​ Signatures​ of​ Asia​ ដែល​ជា​ក្រុមហ៊ុននាំចេញ​អង្ករ​សរីរាង្គ​ រួម​ទាំង​កសិផល​ជាច្រើន​មុខ​ផ្សេងទៀត​នោះ​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU​) ជាមួយ​សមាគម​ និង​ក្រុមហ៊ុន​ចំនួន6​ ផ្សេងទៀត​ ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​ថែមទៀត​។

ភាពជា​ដៃគូ​លើ​ចង្វាក់​តម្លៃ​ និង​កសិកម្ម​ប្រកបដោយ​និរន្តរភាព​នេះ​ មាន​គោលបំណង​ធ្វើ​ឱ្យ​មាន​អ្នក​ពាក់ព័ន្ធ​កាន់តែ​ច្រើន​ដើម្បី​ចូលរួម​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​ទាំងមូល​ និង​ជួយ​កាត់បន្ថយ​បញ្ហា​ប្រឈម​ដែល​កើតមានឡើង​ចំពោះ​កសិករ​ ដូចជា​ ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ បច្ចេកវិទ្យា​ បច្ចេកទេស​កសិកម្ម​ ធាតុ​ចូល​កសិកម្ម​ និង​ការ​ទទួល​បាន​ទី​ផ្សា​រថ្មីៗ​ជាដើម​។

ភាពជា​ដៃគូ​លើ​ចង្វាក់​តម្លៃ​ និង​កសិកម្ម​ប្រកបដោយ​និរន្តរភាព​នេះ​នឹង​មានការ​ចូលរួម​ពី​អ្នក​ផ្តត់​ផ្គង់​ធាតុ​ចូល​ អ្នកគាំទ្រ​ បច្ចេកទេស​ បច្ចេកវិទ្យា​កសិកម្ម​ និង​ម៉ាស៊ីន​ ការធានា​រ៉ាប់រង​លើ​ដំណាំ​ អ្នក​កែច្នៃ​ អ្នកនាំ​ចេញ​ អ្នកនាំ​ចូល​ និង​ស្ថាប័ន​ធនាគារ​ និង​ហិរញ្ញវត្ថុ​។

ម៉ូដែល​លើ​ចង្វាក់​តម្លៃ​ និង​កសិកម្ម​ដែល​មាន​និរន្តរភាព​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយក្រុម​ហ៊ុន​ Signatures​ of​ Asia​ ជាមួយ​សហគមន៍​កសិកម្ម​នៅ​តាម​បណ្ដា​ខេត្ត​នានា​ ក្រុមហ៊ុន​ Bayon​ Heritage​ Holding​ Group​ វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​កម្ពុជា​ អង្គការ​ទស្សន​ពិភពលោក​ ក្រុមហ៊ុន​កសិកម្ម​ឈ្លាសវៃ​ ក្រុម​ហ៊ុន​ហ្វូ​តតេ​ ក្រុមហ៊ុន​នាំចូល​ផលិតផល​កសិកម្ម​សរីរាង្គ​របស់​ប្រទេស​ហូ​ឡង់​ DOENS​ Foods​ International​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ AMK​។

លោក​ ចាន់​ សុ​ឃាំង​ អគ្គនាយក​នៃ​ក្រុមហ៊ុន​ Signatures​ of​ Asia​ បានឱ្យ​ដឹង​ថា​ ការ​សហការ​ ប្រមូល​ផ្តុំ​ដៃគូ​ទាំងអស់​ទាក់ទង​នឹង​វិស័យ​កសិកម្ម​នេះ​ គឹ​ធ្វើ​យ៉ាងណា​ទ្រទ្រង់​វិស័យ​កសិកម្ម​ឱ្យ​មាន​ចីរភាព​ ដែល​នឹង​ផ្សារភ្ជាប់​តាំងពី​ការ​ដាំដុះ​ រហូតដល់​ទីផ្សារ​ ហើយ​ដើម្បី​បង្ហាញ​ឱ្យ​អ្នក​ដែល​បាន​ធ្វើការ​ដាំដុះ​ទាំងអស់​ ឱ្យ​គាត់​បានដឹង​ថា​ តើ​គាត់​គួរ​ដាំដុះ​ដំណាំ​ប្រភេទ​ណា​ ដែល​មានតម្លៃ​ខ្ពស់​ទៀតផង​។

លោក​បាន​បន្ត​ទៀត​ថា​ ក្រុមហ៊ុន​ Signatures​ of​ Asia​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នៅពេល​នេះ​ គឺ​ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​អភិវឌ្ឍ​ទៅលើ​វិស័យ​កសិកម្ម​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត​ ហើយ​ដៃគូ​ពាក់ព័ន្ធ​ដែល​បាន​ចុះ​ MoU​ នៅពេល​នេះ​ មាន​សហគមន៍​ខ្លះ​ ធ្វើ​កសិកម្ម​ទាក់ទង​នឹង​ស្រូវ​សរីរាង្គ​ សហគមន៍​ខ្លះ​ធ្វើ​ពាក់ព័ន្ធ​នឹង​ស្ករត្នោត​ និង​សហគមន៍​ខ្លះទៀត​ គឺ​កំពុងតែ​គិតគូរ​លើ​ដំណាំ​សរីរាង្គ​ដូចជា​ សណ្តែក​ខៀវ​ ម្រេច​ និង​ស្វាយចន្ទី​ជាដើម​។

លោក​ សុ​ឃាំង​ បាន​បន្ត​ថា​ នៅពេល​ដែល​ក្រុមហ៊ុន​បាន​ចាប់ដៃ​គ្នា​ជា​ដៃគូ​ហើយ​ គឺ​យើង​នឹង​មានការ​ទ្រទ្រង់​ច្រើនជាង​អ្វី​ដែល​ធ្លាប់ធ្វើ​ពី​មុន​ៗមក​ ដែល​នៅពេល​នេះ​មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ AMK​ បាន​ត្រៀម​កញ្ចប់​ថវិកា​ទ្រទ្រង់​រួចហើយ​ សម្រាប់​សហគមន៍​ទាំង15​ ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ ដើម្បី​ត្រៀម​ជួយ​ផ្នែក​ហិរញ្ញប្បទាន​ ធ្វើ​យ៉ាងណា​ឱ្យ​គាត់​អាច​មាន​ជា​ទុន​ផលិត​ដំណាំ​ដាំដុះ​បាន​ជាច្រើន​ជាង​មុន​ផង​ដែរ​។

លោក​ សុ​ឃាំង​ ក៏បាន​ស្នើ​ដល់​សហគមន៍​ដែល​មាន​សក្តា​នុ​ពល​ក្នុង​ការផលិត​កសិផល​សរីរាង្គ​ទាំងឡាយ​អាចម​កទំនាក់ទំនង​នឹង​ក្រុមហ៊ុន​ Signatures​ of​ Asia​ ដើម្បី​ធ្វើការ​ពិភាក្សា​ ស្វែងរក​ផលិតផល​ដែល​មាន​សក្តា​នុ​ពល​អាច​ធ្វើការ​ដាំដុះ​បាន​ ហើយ​ក្រុមហ៊ុន​នឹង​ទទួល​ទិញ​ក្នុង​តម្លៃ​ដែល​សមរម្យ​ និង​នាំ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​តែម្តង​។

លោក​ សុ​ឃាំង​ ថ្លែង​ថា​៖“យើង​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ៗ ហើយ​នា​ពេល​ខាងមុខនេះ​ យើង​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍​កសិកម្ម​ចំនួន15​ ទូទាំង​ប្រទេស​”។

លោក​បន្ត​ថា​ ជាមួយនឹង​កិច្ចសហការ​ភាពជា​ដៃគូ​នេះ​ នឹង​គាំទ្រ​កសិករ​បាន​ច្រើនជាង​មុន​ ខណៈ​យើង​មានដៃ​គូ​ខាង​មីក្រូហិរញ្ញវត្ថុ​ អេ​ អឹម​ ខេ​ (AMK​) ក្នុង​ការ​ផ្តល់​ជា​ហិរញ្ញប្បទាន​ ព្រម​ជាមួយ​ដៃគូ​បញ្ជាទិញ​ដែល​គួរ​ឱ្យ​ទុកចិត្ត​ក្នុង​ការ​ផ្តល់​ទំនុកចិត្ត​ដល់​កសិករ​ និង​ធានា​ថា​ កសិករ​មាន​ទីផ្សារ​មួយ​ពិតប្រាកដ​។

លោក​ សុ​ឃាំង​ បានឱ្យ​ដឹង​ថា​ រហូត​មកទល់​ពេលនេះ​ ក្រុមហ៊ុន​បាន​ធ្វើការ​ជាមួយ​សហគមន៍​កសិកម្ម​ នៅ​ខេត្តព្រះវិហារ​ ខេត្ត​ស្ទឹងត្រែង​ ខេត្ត​កំពង់ស្ពឺ​ ខេត្តកំពង់ធំ​ បន្ទាយមានជ័យ​ កំពង់ឆ្នាំង​ តាកែវ​ ស្វាយរៀង​ និង​កោះកុង​។

លោក​ Joeri​ Valckenier​ Von​ Geusau​ អ្នកបញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ Doens​ Food​ Ingredients​ B.V​. របស់​ប្រទេស​ហូ​ឡង់​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​របស់​លោក​នឹង​នាំចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ដើម្បី​យក​ទៅ​កែច្នៃ​ និង​លក់​នៅ​សហគមន៍​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ ដោយក្រុម​ហ៊ុន​របស់​លោក​នឹង​ស្វែង​ដំ​ណាំ​សក្តា​នុ​ពល​នៅ​កម្ពុជា​បន្ថែម​ទៀត​។

លោក​ Joeri​ ថ្លែង​ថា​ ក្នុងរយៈពេល​ពី3​ ទៅ​ 3ឆ្នាំ​ទៀត​ ក្រុមហ៊ុន​របស់​លោក​នឹង​ស្វែងរក​ការនាំចេញ​ដំណាំ​កសិកម្ម​សរីរាង្គ​ពី​កម្ពុជា​ដែល​មាន​ដូចជា​ អង្ករ​សរីរាង្គ​ ប្រមាណ​ 7,500​ ទៅ​ 10,000តោន​ ស្ករត្នោត​(100​ ទៅ​ 200តោន​) ស្ករអំពៅ​ (2,500តោន​) ស្វាយចន្ទី​ 1,500​ ទៅ​ 2,000តោន​ មើម​រមៀត​ 200​ ទៅ​ 500តោន​ សណ្តែកសៀង​ 2,500​ ទៅ​ 5,000តោន​ និង​ម្រេច​ប្រមាណ​ជា​ 500តោន​។

លោក​ Joeri​ បាន​បន្ត​ថា​៖“អ្វី​ដែល​យើង​នឹង​ធ្វើ​ គឺ​ធានា​ថា​ រាល់​ផលិតផល​ត្រូវតែ​ស្អាត​ និង​មាន​សុវត្ថិភាព​សម្រាប់​អតិថិជន​បរិភោគ​ ដូច្នេះ​យើង​បាន​ធ្វើការ​ត្រួតពិនិត្យ​មុននឹង​ដឹកជញ្ជូន​ឡើងកប៉ាល់​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ផលិតផល​ដែល​បាន​បម្រើ​ដល់​អតិថិជន​របស់​យើង​នឹង​ទទួល​បាន​សុវត្ថិភាព​ក្នុង​ការ​ទទួលទាន​ ហើយ​វា​ក៏​ជួយ​បង្កើន​ចំណេះដឹង​ដល់​កសិករ​អំពី​តម្រូវការ​របស់​អឺរ៉ុប​ និង​អាមេរិក​ផង​ដែរ​”៕

Advertisement