អង្គភាពគ្រប់គ្រងកីឡាជិះស្គីនឹងត្រូវធ្វើការស៊ើបអង្កេតទៅលើការចោទប្រកាន់ផ្សេងៗថា កីឡាការិនីអាមេរិក Mariah Bell បានធ្វើឱ្យកីឡាការិនីកូរ៉េខាងត្បូង Lim Eun-soo រងរបួសដោយចេតនា អំឡុងពេលនៃការកម្តៅសាច់ដុំក្នុងព្រឹត្តិការណ៍ប្រកួតដណ្ដើមជើងឯកពិភពលោកនៅក្នុងប្រទេសជប៉ុន។
មន្ត្រីកីឡាកូរ៉េខាងត្បូង បានបញ្ជាក់ប្រាប់កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានដាក់ពាក្យបណ្តឹងជាផ្លូវការមួយ ក្រោយពីហេតុការណ៍នេះកើតឡើង ខណៈដែលភ្នាក់ងារចាត់ការទូទៅរបស់ Lim បានចោទប្រកាន់ថា Bell បានទាត់កីឡាការិនី(Lim)របស់ពួកគេ ដែលបណ្ដាលឱ្យនាងដាច់រលាត់ជើង ក្នុងពេលកម្តៅសាច់ដុំសម្រាប់កម្មវិធីប្រកួតលើវិញ្ញាសានារី កាលពីរាត្រីថ្ងៃពុធ។
មន្ត្រីកីឡាទាំងនោះបានបដិសេធក្នុងការបញ្ជាក់ពីសកម្មភាពក្នុងករណីនោះ ស្របពេលដែលសហព័ន្ធកីឡាជិះស្គីអន្តរជាតិហៅកាត់ថា ISU អាចនឹងចាត់វិធានការ ប៉ុន្តែបានទទួលស្គាល់ថា វាពិតជាលំបាកណាស់ក្នុងការបង្ហាញថា Bell មានបំណងធ្វើបែបនោះ។
ក្នុងពេលបន្ថែមថា ឪពុកម្តាយរបស់ Lim ក៏បានគិតថា ការប៉ះទង្គិចនេះគឺជារឿងចេតនាដែរនោះ មន្ត្រីម្នាក់របស់សហព័ន្ធកីឡាជិះស្គីរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា៖ «ក្នុងដំណាក់កាលនេះ យើងមិនអាចសរុបបានថា Bell បានបង្កឱ្យ Lim មានរបួសដោយចេតនាឡើយ វាពិតជាលំបាកណាស់ក្នុងការប្រាប់ដោយគ្រាន់តែមើលរូបភាពវីដេអូលើករណីនេះ»។
កីឡាការិនី Lim វ័យ 16ឆ្នាំ ដែលកំពុងតែប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកជិះស្គីពិភពលោកជាលើកទី1 របស់នាងបានរុំជើងការពារ នៅមុនពេលរកបាន 72.91ពិន្ទុ ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ5 ពីលើកីឡាការិនី Bell៕