អាង​ចិញ្ចឹម​ចង្រិត​បែប​ថ្មី​ ​ប្រើ​បច្ចេកវិទ្យា​ជួយ​អ្នក​ចិញ្ចឹម​ចង្រិត​នៅ​តំបន់​ឆ្ងាយ​ៗ​

ការ​ចិញ្ចឹម​ចង្រិត​ជាមុ​ខរ​បរ​ថ្មី​មួយ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​មួយចំនួន​ទទួល​បាន​ប្រាក់កម្រៃ​រាប់​រយ​ដុល្លារ​ក្នុង​មួយ​ខែៗ​ ​តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​របស់​អ្នក​ចិញ្ចឹម​នោះ​ ​គឺ​បញ្ហា​បច្ចេកទេស​គ្រប់គ្រង​កន្លែង​ចិញ្ចឹម​ ​និង​បញ្ហា​ភ្លើងអគ្គិសនី​ ​ព្រោះ​អ្នក​ដែល​អាច​ចិញ្ចឹម​ចង្រិត​បាន​ ​លុះត្រាតែ​ស្ថិត​ក្នុង​តំបន់​ដែល​មាន​ភ្លើង​រដ្ឋ​ប្រើប្រាស់​ ​ចំណែក​ឯ​អ្នក​នៅ​ជន​បទ​ឆ្ងាយ​ៗ​មិន​អាច​ចិញ្ចឹម​បានទេ​។​ ​

ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ​ ​និង​ចំណុច​ពិសេស​ជាច្រើន​ផ្សេងទៀត​ ​អ្នកជំនាញ​ផ្នែក​អគ្គិសនី​មួយ​ក្រុម​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​ITC​)​ ​បាន​រួមគ្នា​បង្កើត​គម្រោង​មួយ​ឈ្មោះថា​ ​The​ ​Licht ដើម្បី​បង្កើត​អាង​ចិញ្ចឹម​ចង្រិត​ដែល​មាន​លក្ខណៈ​ឆ្លាតវៃ​ ​គ្រប់គ្រង​សីតុណ្ហភាព​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​និង​អាច​ប្រើប្រាស់​ជាមួយ​អាគុយ​ ​ឬ​ផ្ទាំង​សូ​ឡា​បាន​យ៉ាង​ងាយ​សម្រាប់​ប្រជាជន​នៅ​តំបន់​គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​។​ ​

លោក​ ​ស្វែង​ឌី​ ​សិទ្ធិ​ផន​ ​ជា​អ្នកជំនាញ​ផ្នែក​អគ្គិសនី​ ​និង​ជា​សហ​ស្ថាបនិក​គម្រោង​ ​The​ ​Licht​ ​បាន​លើកឡើង​ថា​ ​មូលហេតុ​ដែល​លោក​ចាប់ផ្តើម​ផលិត​អាង​ចិញ្ចឹម​ចង្រិត​នេះ​ឡើង​ ​ព្រោះ​លោក​យល់ឃើញ​ថា​ ​ចង្រិត​ជា​សត្វ​ដែល​ងាយស្រួល​ចិញ្ចឹម​ ​ចំណាយ​ទុន​តិច​ ​ហើយ​ទទួល​បានផល​ច្រើន​ ​រួម​ទាំង​មាន​ប្រូ​តេ​អុីន​ខ្ពស់​ ​ល្អ​សម្រាប់​សុខភាព​មនុស្ស​ទៀតផង​។​

​ការ​ចិញ្ចឹម​ចង្រិត​ ​ប្រសិនបើ​ចិញ្ចឹម​ដោយ​ការ​ភ្ញាស់​ពង​ ​ត្រឹមតែ​ ​1សប្តាហ៍​ ​វា​អាច​ញាស់​ចេញ​មក​ជា​កូន​ចង្រិត​ ​រួចហើយ​ចំណាយពេល​ត្រឹមតែ6​ ​ទៅ7សប្តាហ៍​ទៀត​ ​យើង​អាច​ប្រមូល​ផល​បាន​ហើយ​។​ ​ចំណែក​ឯ​ចំណី​ទៀតសោត​ ​ក៏​មិន​ចំណាយ​ប្រាក់​ច្រើន​ដែរ​ ​ដែល​កត្តា​នេះ​ផ្តល់​ឱកាសល្អ​សម្រាប់​កសិករ​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ ​ចំណាយ​តិច​ ​និង​ចំណេញ​ច្រើន​។​ ​តែ​ទោះជា​យ៉ាងនេះ​ក្តី​ ​កសិករ​ខ្មែរ​អ្នក​ចិញ្ចឹម​ចង្រិត​បច្ចុប្បន្ន​ ​ក៏​មានក​ត្តា​ប្រឈម​មួយចំនួន​ផង​ដែរ​ ​ដូចជា​បញ្ហា​អាង​ចិញ្ចឹម​ដែល​ត្រូវការ​ទំហំដី​ធំ​ ​ប្រើប្រាស់​ភ្លើងអគ្គិសនី​ច្រើន​ ​ហើយ​ការគ្រប់គ្រង​សីតុណ្ហភាព​សម្រាប់​អ្នក​ចិញ្ចឹម​បែប​ប្រពៃណី​ក៏​នៅ​មិនទាន់​ធ្វើ​បាន​ល្អ​ដែរ​។

​ចង្រិត​ជា​សត្វ​ដែល​មិន​លំបាក​ថែទាំ​ពេក​ទេ​ ​តែ​វា​ត្រូវការ​ភាព​សើម​ ​និង​សីតុណ្ហភាព​ល្អ​ ​ចន្លោះ​ពី​ ​27​ ​ទៅ​ ​30អង្សា​រCប្រសិនបើ​ក្តៅ​ពេក​ ​ឬ​ត្រជាក់​ពេក​ ​វា​នឹង​ងាប់​ ​ហេតុនេះ​ការ​ចិញ្ចឹម​បែប​ធម្មជាតិ​អាច​ប្រឈម​នឹង​បាត់បង់​ចង្រិត​ច្រើន​ទៅតាម​ការប្រែប្រួល​របស់​អាកាសធាតុ​។​

​លោក​ ​ស្វែង​ឌី​ ​សិទ្ធិ​ផន​ ​បាន​និយាយ​ថា​៖​ ​“​ដោយ​មើលឃើញ​ពី​ផល​ចំណេញ​ ​និង​កត្តា​ប្រឈម​ទាំងនេះ​ ​ទើប​ក្រុម​របស់ខ្ញុំ​សម្រេចចិត្ត​បង្កើត​អាង​ចិញ្ចឹម​ចង្រិត​ឆ្លាតវៃ​ ​ដែល​មុខងារ​របស់​វា​អាច​ដោះស្រាយ​បញ្ហា​របស់​កសិករ​ចិញ្ចឹម​ចង្រិត​បាន​យ៉ាងច្រើន​ ​ទាំង​បញ្ហា​បច្ចេកទេស​ ​និង​ថវិកា​”​។​ ​

​អ្នកជំនាញ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ​អាង​ចិញ្ចឹម​ចង្រិត​ឆ្លាតវៃ​នេះ​មាន​បំពាក់​ដោយ​បន្ទះ​បញ្ជរ​ ​(​controller​ ​Board​)​ ​ដែល​មានមុខ​ងារ​គ្រប់គ្រង​សីតុណ្ហភាព​ឱ្យ​នៅ​ល្មម​សម្រាប់​ការ​ថែរក្សា​ចង្រិត​ ​និង​ចេះ​ប្រែប្រួល​ទៅតាម​អាកាសធាតុ​ ​ប្រសិនបើ​អាកាសធាតុ​ត្រជាក់​ក្រោម​ ​27អង្សាC​ ​វា​នឹង​ប្រើ​ម៉ាស៊ីន​កម្តៅ​ឱ្យ​មាន​សីតុណ្ហភាព​ល្មម​ឡើងវិញ​ ​តែ​ប្រសិនបើ​មាន​សីតុណ្ហភាព​លើស​ ​30អង្សាC​ ​វា​នឹង​បញ្ចេញ​សារធាតុ​សំណើម​ដើម្បី​បន្ថយ​សីតុណ្ហភាព​ឱ្យមក​ល្មម​វិញ​។​ ​ក្រៅពី​នេះ​ ​វា​មាន​បំពាក់​ ​Sensor​ ​ជាមួយ​ធុងទឹក​ ​និង​គ្រប់គ្រង​ចំណី​របស់​សត្វ​ចង្រិត​បាន​ល្អ​ផង​ដែរ​ ​ហើយ​ឧបករណ៍​មួយ​នេះ​ថែមទាំង​ស៊ីភ្លើង​តិច​ ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​-​ចិញ្ចឹម​ចង្រិត​អាច​ប្រើប្រាស់​អាគុយ​ ​ឬ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​(​ផ្ទាំង​សូ​ឡា​)​បាន​យ៉ាង​ងាយស្រួល​ ​មិន​លំបាក​ដូច​កាលពីមុន​ដែល​ត្រូវការ​តែ​ភ្លើង​រដ្ឋ​ទើប​អាច​ចិញ្ចឹម​បាន​នោះ​ទេ​។​ ​ម្យ៉ាងវិញទៀត​ ​ការ​ចិញ្ចឹម​ក្នុង​អាង​ចិញ្ចឹម​ចង្រិត​ឆ្លាតវៃ​នេះ​ធ្វើ​ឱ្យ​កសិករ​យើង​ចំណេញ​ដី​ ​ព្រោះ​ទំហំ​របស់​វា​ប្រហែលជា​ ​3ម៉ែត្រ​ ​4ជ្រុង​តែប៉ុណ្ណោះ​ ​មាន​កម្ពស់​ ​3ជាន់​ ​និង​មាន​ ​6អាង​ត្រួត​លើ​គ្នា​។​ ​ហេតុនេះ​ប្រជាជន​ដែល​មាន​ទីកន្លែង​តូច​ក៏អាច​ចិញ្ចឹម​បាន​ដែរ​ ​មិន​ចាំបាច់​ចំណាយ​ទីធ្លា​ធ្វើ​អាង​ធំ​ដល់ទៅ​ ​10ម៉ែត្រ​ ​4ជ្រុង​ ​ឬ​ធំជាង​នេះ​ដើម្បី​ចិញ្ចឹម​នោះ​ទេ​។​ ​

​លោក​ ​សុង​ ​វែ​ហ្សឺ​នី​ឡង​ឌី​ ​អ្នកជំនាញ​អគ្គិសនី​ ​និង​ជា​សហ​ស្ថាបនិក​គម្រោង​អាង​ចិញ្ចឹម​ចង្រិត​ឆ្លាតវៃ​នេះ​បាន​លើកឡើង​ថា​ ​អាង​ចិញ្ចឹម​ចង្រិត​តាម​បែប​បច្ចេកវិទ្យា​នេះ​ ​ក្រៅពី​ការ​រក្សា​សីតុណ្ហភាព​ ​និង​លក្ខខណ្ឌ​បច្ចេកទេស​មួយចំនួន​ហើយ​ ​អាង​នេះ​អាច​ជួយ​ប្រជាជន​ឱ្យ​មាន​ភាព​ងាយស្រួល​ខ្លាំង​ជាង​មុន​លើ​ការ​ប្រមូល​ផល​ផង​ដែរ​ ​ព្រោះ​ពីមុន​ ​អ្នក​ចិញ្ចឹម​តាម​បែប​ប្រពៃណី​ត្រូវ​ចុះទៅ​ប្រមូល​ចាប់​ចង្រិត​នៅក្នុង​អាង​ចិញ្ចឹម​ធំៗ​ដែល​ធ្វើ​ឱ្យ​ត្រូវ​ចំណាយពេល​យូរ​ ​និង​ចំណាយធនធាន​ច្រើន​ទៀតផង​តែ​សម្រាប់​អាង​ចិញ្ចឹម​ចង្រិត​ឆ្លាតវៃ​នេះ​វិញ​ ​គឺ​មិន​លំបាក​ទេ​ ​ពេល​ប្រមូល​ផល​ ​គាត់​គ្រាន់តែ​ទាញ​ថត​ចិញ្ចឹម​នី​មួយ​ៗ​ដែល​មាន​ចង្រិត​ចិញ្ចឹម​នៅក្នុង​នោះ​ចេញ​មក​ ​គឺ​អាច​ប្រមូល​ផល​ចង្រិត​បាន​យ៉ាង​ងាយ​។​ ​

​ចំពោះ​តម្លៃ​នៃ​ការ​ធ្វើ​អាង​ចិញ្ចឹម​ចង្រិត​ឆ្លាតវៃ​នេះ​វិញ​ ​ក៏​ធូរ​ថ្លៃជាង​ដែរ​ ​ទោះជា​ស្ថិត​ក្នុង​ចំនួន​ចិញ្ចឹម​ប៉ុនគ្នា​ក៏ដោយ​ ​ដូចជា​អាង​ចិញ្ចឹម​តាម​បែប​ប្រពៃណី​ត្រូវ​ចំណាយ​លុយ​ប្រមាណ​ជាង​ ​1ពាន់​ដុល្លារ​ ​តែ​អាង​ចិញ្ចឹម​ចង្រិត​ឆ្លាតវៃ​នេះ​ត្រូវ​ចំណាយ​ត្រឹមតែ​ជាង​ ​700ដុល្លារ​តែប៉ុណ្ណោះ​ ​ដោយ​កសិករ​អាច​ប្រមូល​ផល​ពី​ការ​ចិញ្ចឹម​មួយ​លើ​កៗ​បាន​ជាមធ្យម​ ​180គីឡូក្រាម​ក្នុង​អាង​មួយ​ ​និង​បើ​គិតជា​សាច់ប្រាក់​ក៏​ប្រហែលជា​ ​360ដុល្លារ​។​ ​

​លោក​ ​សុង​ ​វែ​ហ្សឺ​នី​ឡង​ឌី​ ​បាន​និយាយ​ថា​៖​ ​“​គម្រោង​បង្កើត​អាង​ចិញ្ចឹម​ចង្រិត​ឆ្លាតវៃ​នេះ​ ​មិនមែន​ត្រឹមតែ​ជា​គំនិត​អាជីវកម្ម​នោះ​ទេ​ ​តែ​វា​ក៏​ជា​គម្រោង​មួយ​ដែល​ជួយ​ដល់​បរិស្ថាន​ផង​ដែរ​ ​ព្រោះ​គោលបំណង​របស់​យើង​ ​គឺ​កាត់បន្ថយ​ការ​ប្រមូល​ចាប់​សត្វ​ចង្រិត​ពី​ក្នុង​ព្រៃ​ ​ដែល​មិនយូរ​មិនឆាប់​វា​នឹង​ប៉ះពាល់​ដល់​ជីវចម្រុះ​ ​ហើយ​វា​ថែមទាំង​អាច​សន្សំសំចៃ​ភ្លើងអគ្គិសនី​ដែល​ជាផ្នែក​មួយ​ក្នុង​ការ​ជួយ​ដល់​ភពផែន​ដី​យើង​ថែមទៀត​ផង​”​។

​ឆ្លើយតប​ចំពោះ​ការយល់ឃើញ​ខុសគ្នា​រវាង​ចង្រិត​ចិញ្ចឹម​ ​និង​ចង្រិត​ធម្មជាតិ​ ​លោក​ ​វែ​ហ្សឺ​នី​ឡង​ឌី​ ​បាន​លើកឡើង​ថា​ ​តាមពិត​មនុស្ស​ភាគច្រើន​មិន​ចូលចិត្ត​របស់​ចិញ្ចឹម​នោះ​ទេ​ ​ហើយ​ចូលចិត្ត​ចង្រិត​ធម្មជាតិ​ ​តែ​ស្ថានភាព​ពិត​ ​ចង្រិត​ចិញ្ចឹម​តាម​អាង​ចិញ្ចឹម​ឆ្លាតវៃ​អាច​មាន​អនាម័យ​ជាង​ចង្រិត​នៅក្នុង​ព្រៃ​ ​ព្រោះ​អាហារ​របស់​វា​ត្រូវ​បាន​ផ្សំ​ចេញពី​បន្លែ​ ​និង​អាហារ​មួយចំនួន​ទៀត​ដែល​គ្មាន​ជាតិគីមី​ ​ដែល​រកបាន​នៅក្នុង​ភូមិ​។​ ​ចំណែក​ឯ​ចង្រិត​នៅក្នុង​ព្រៃ​ ​វា​អាច​មាន​បញ្ហា​មួយចំនួន​លើ​រឿង​ចំណី​ ​ព្រោះ​យើង​មិន​អាច​គ្រប់គ្រង​វា​បាន​៕​

Advertisement