នៅយប់ថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2019នេះ លោកតា ផ្លុង មឿក ដែលគេស្គាល់ថា ជាព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ និងតារាសម្ដែងមួយរូបដល់ល្បីល្បាញនោះ បានមរណភាពក្នុងវ័យ 85 ឆ្នាំ ដោយសាររោគាពាធ ព្រោះថាវ័យចាស់ជរាសល់តែស្បែកដណ្តប់ឆ្អឹងនឹងមានរូបកាយស្គមស្គាំងស្លេកស្លាំង ហើយសុខភាពក៏ចេះតែដុនដាបកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
កូនស្រីលោកតា ផ្លុង មឿក បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា«លោកតាបានផុតរលត់ដង្ហើមនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ហើយពេលនេះក្រុមគ្រួសារកំពុងរៀបចំចាត់ចែងសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី»។ សូមជម្រាបដែរថា កន្លងមកមានសប្បុរសជនជាច្រើនតែងតែជួយជាថវិការសម្រាប់ព្យាបាលលោកតា តែនៅតែមិនអាចសង្រ្គោះបានព្រោះតែលោកតាកាន់តែចាស់ជរា និងមិនអាចប្រឆំាងច្បាប់ធម្មជាតិបាន គឺការកើត ចាស់ ឈឺស្លាប់ បាននោះទេ៕