គម្រោង​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ ជា​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា

ចិន​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការតភ្ជាប់​ប្រទេស​ចិន​មក​កម្ពុជា និង​បង្កើន​ការតភ្ជាប់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​នៅក្នុង​តំបន់​អាស៊ី និង​នៅ​ទូទាំងពិភពលោក​តាមរយៈ​គោលនយោបាយ​កម្មវិធី​ខ្សែក្រវាត់ និង​ផ្លូវ (Belt and Road Initiative – BRI)។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​នៅក្នុង​វេទិកា Belt and Road Initiative BRI and etradeថា គម្រោង​ដឹកជញ្ជូន​ដ៏​ធំធេង​របស់​ចិន​នឹង​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ជាការ​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន។ ឯកឧត្តម​រដ្ឋមន្ត្រី​បានបន្តថា BRI អាច​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម និង​ការតភ្ជាប់ “ការតភ្ជាប់ គឺមាន​សារៈសំខាន់​នេះ គឺជា​ហេតុផល​ដែល​យើង​ត្រូវ​ចូលរួម​នៅក្នុង BRI ដើម្បី​ទទួលបាន​ផលប្រយោជន៍​កាន់តែ​ប្រសើរ​ពីការតភ្ជាប់​នេះ”។

គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​ស្នើឡើង​ដោយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង​ក្នុង​ឆ្នាំ2013 គឺជា​ការខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​បង្កើត​ខ្សែបណ្តាញ​ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ដែល​ផ្តោតលើ​អាស៊ី អឺរ៉ុប​និង​អាហ្វ្រិក​តាម​បណ្តោយ​ផ្លូវ​បុរាណ​នៃ​ផ្លូវ​សូត្រ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់​នៅក្នុង​សុន្ទរកថា​របស់លោក​ថា៖ “គម្រោង​BRI នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ដល់​គ្រប់​ប្រទេស​ដែល​បាន​ចូលរួម ហើយ​វា​មាន​សក្តានុពល​ក្នុងការ​ភ្ជាប់​ពិភពលោក​ទាំងមូល” ។

ឯកឧត្តម​បានបញ្ជាក់​ទៀតថា រាជរដ្ឋាភិបាល​បានចាត់ទុក​វា​ជា​អាទិភាព​មួយ​ដើម្បី​ធ្វើឱ្យ​វិស័យ​ដឹកជញ្ជូន​មានការ​ប្រកួតប្រជែង ប្រសិទ្ធភាព តម្លាភាព និង​តម្លៃ​សមរម្យ​ដើម្បី​ជំរុញការអភិវឌ្ឍ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅក្នុង​ព្រះរាជាណាចក្រ។

លោកស្រី Pauline Tamesis អ្នកតំណាង​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​បាន​ថ្លែង​ទៅកាន់​វេទិកា​ថា៖ “BRI បាន​បង្កើត​នូវ​ឱកាស​អភិវឌ្ឍន៍ថ្មីៗដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​កម្ពុជា”។ លោកស្រី​បាន​រៀបរាប់​ពី​គម្រោង​នេះ​ថា ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​មាន​មហិច្ឆតា​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ចសហប្រតិបត្តិការ និង​ការតភ្ជាប់​តាម​តំបន់ ហើយ​បច្ចុប្បន្ន​មាន​ប្រទេស​ជាង 100បាន​ចូលរួម​នៅក្នុង​កិច្ចការ​ផ្លូវ​សូត្រ​ដែល​បាន​បំផុសគំនិត​រួចហើយ​នេះ។

លោកស្រី Tamesis បាន​និយាយថា តាមរយៈ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ និង​ការជំរុញ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​អាច​នាំទៅរក​ការគាំទ្រ​សកម្មភាព​ផលិតភាព ការបង្កើត​ការងារ​សមរម្យ ភាពជា​សហគ្រិន ភាព​ច្នៃប្រឌិត និង​ការច្នៃប្រឌិត។

សូមបញ្ជាក់ថា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ការតភ្ជាប់​ជាមួយ​ប្រទេស​ចិន​នៅតែមាន​ឧបសគ្គ តែ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា​ឥឡូវនេះ​បាន​ភ្ជាប់​ទៅ BRI ហើយ ប៉ុន្តែ​នៅក្នុង​លក្ខខណ្ឌ​ទាំង​មូលនៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ប្រទេស​កម្ពុជា​នៅ​មិនទាន់​រួចរាល់​ទេ។

ប្រទេស​កម្ពុជា​ត្រូវខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម​អេឡិចត្រូនិក​រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍។ ការណ៍​នេះ​នឹង​អនុញ្ញាតឱ្យ​ពាណិជ្ជកម្ម​មាន​លំហូរ​ចូល​ច្រើន​ពី​ប្រទេស​ទាំងនេះ និង​អាចបង្កើត​នូវ​ការងារ​ផងដែរ។

គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​គឺជា​កម្លាំង​ពិភពលោក​ថ្មី​នៃ​សន្តិភាព ស្ថិរភាព និង​ភាពសុខដុមរមនា។ បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​ក្នុងការ​ចូលរួម​គំនិត​ផ្តួចផ្តើម​គំនិត​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​នេះ។ កម្ពុជា​ជា​ប្រទេស​គាំទ្រ​ខ្លាំង​បំផុត​មួយ​ចំពោះ​គំនិត​ផ្តើមគំនិត​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​នេះ ដោយសារ​ទទួលបាន​នូវ​ឱកាស​ផ្នែក​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ពី​គំនិត​ផ្តួចផ្តើម​នេះ។ មិន​ត្រឹមតែ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប្រទេសនីមួយៗក៏មាន​សិទ្ធិ​ទទួលផល​ប្រយោជន៍​ពី ​BRI ដូចគ្នា។

ឯកឧត្តម លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ពី​យុទ្ធសាស្ត្រ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ថា គឺជា​បំណង​កំណត់​នូវ​វិស័យ​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​ប្រទេស​នៅតាម​បណ្តោយ​ផ្លូវ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​នៅក្នុង​តំបន់​អាស៊ី​កណ្តាល អាស៊ី​ខាងលិច អាស៊ី​ខាងត្បូង ប្រទេស​រុស្សុី ទ្វីបអឺរ៉ុប តាម​ឈូង​សមុទ្រ​ពែ​ក្សតាម​មហាសមុទ្រ​ឥណ្ឌា និង​ទៅ​ថ្ងៃ​អនាគត​ទៅដល់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក តាមរយៈ​ការតភ្ជាប់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​កំពង់ផែ។

សម្រាប់​កម្ពុជា ទំនាក់ទំនង និង​ការអភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​ផលប្រយោជន៍​ជាតិ​ដ៏​សំខាន់។ ដោយ​ក្តីសង្ឃឹម​ខ្ពស់​ថា ចិន​នឹង​ជួយ​កម្ពុជា​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់ ផ្លូវ​រថភ្លើង​ អាកាសយានដ្ឋាន កំពង់ផែ​សមុទ្រ វា​រី​អគ្គិសនី និង​តំបន់​សេដ្ឋកិច្ច ឬ​ឧស្សាហកម្ម​ពិសេស។ សកម្មភាព​ទាំងនេះ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ភ័ស្តុភារ ពង្រីក​ការប្រកួតប្រជែង​សេដ្ឋកិច្ច និង​ប្រភព​នៃ​កំណើនសេដ្ឋកិច្ច។ តាម​ការប៉ាន់ស្មាន កម្ពុជា​ត្រូវការ​ធនធាន​ប្រមាណ 600លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ”៕

Advertisement