អេ អឹម ខេ វឌ្ឍនភាព 15ឆ្នាំ

ភ្នំពេញ៖ អេ អឹម ខេ អបអរសាទរ​ខួប 15ឆ្នាំ​នៃ​វឌ្ឍនភាព នៅលើ​ទឹកដី​អ​ឆ្ឆ​រិ​យ​អង្គរ​កាលពី​ថ្ងៃទី30 វិច្ឆិកា 2018។ ក្នុង​រយៈពេល15 ឆ្នាំនេះ អេ អឹម ខេ បានសម្រេច​លទ្ធផល​គួរ​ជាទី​មោទន​តាមរយៈ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​សមស្រប និង​ឋិតថេរ​ពិសេស​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជនបទ​ដាច់ស្រយាល។

ពិធី​អបអរសាទរ​នេះ ត្រូវបាន​ប្រា​រព​ធ្វើឡើង​ជាមួយគ្នា នឹង​កិច្ចប្រជុំ​ថ្នាក់​គ្រប់គ្រង​ប្រចាំឆ្នាំ​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប។

អេ អឹម ខេ វិ​វត្ត​មកពី​កម្មវិធី​ឥណទាន​ខ្នាតតូច​របស់​អង្គការ Concern Worldwide នៅក្នុង​ទសវត្សរ៍​ឆ្នាំ1990។ ដោយសារ​ប្រតិ​ប​តិ្ត​ការ​មានការ​រីកចម្រើន​ក្នុង​ឆ្នាំ 2002 អង្គការ Concern បាន​បង្កើត​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ ដាច់ដោយឡែក​មួយ គឺ អេ អឹម ខេ ។

នៅ​ឆ្នាំ 2003 អេ អឹម ខេ បានធ្វើ​ប្រតិ​ប​តិ្ត​ការ​ដោយ​ឯករាជ្យ​ពី​អង្គការ Concern ហើយ បន្ទាប់មក​ទទួលបាន​អា​ជា្ញ​ប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ឆ្នាំ 2004។ បច្ចុប្បន្ន អេ អឹម ខេ បាន​ក្លាយជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុធំៗនៅ​ប្រទេស​កម្ពុជា។

ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ អេ អឹម ខេ តែងតែ​អភិវឌ្ឍ​ខ្លួន​ឥតឈប់ឈរ ដោយ​ធ្វើការ​កែលម្អ​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ និង​វិនិយោគ​លើ​បច្ចេកវិទ្យាថ្មីៗ ជាប្រចាំ​ដែលមាន​លក្ខណៈ​បត់បែន និង​សម្បូរបែប ដើម្បី​បំពេញតម្រូវការ​អតិថិជន​របស់​យើង ជាពិសេស​ដើម្បី​ដើរ​ឱ្យទាន់​ការរីកចម្រើន​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​របស់​សកលលោក។

ថ្លែង​នៅក្នុង​ពិធី​អបអរសាទរ និង​កិច្ចប្រជុំ​ថ្នាក់​គ្រប់គ្រង លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ អេ អឹម ខេ បាន​មានប្រសាសន៍ថា “ រយៈពេល 15ឆ្នាំនេះ អេ អឹម ខេ មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់។ ជាក់ស្តែង​នៅក្នុង​ឆ្នាំ2010 អេ អឹម ខេ យើង​បានទទួល​អ​ជ្ញា​ប័ណ្ណ​ប្រាក់​សន្សំ​ពី​ធនាគារជាតិ​នៃ​កម្ពុជា។ ក្នុង​ឆ្នាំ2011 អេ អឹម ខេ ដាក់​ដំណើរការ​សេវា​ផ្ទេរប្រាក់​ទូទាំងប្រទេស និង​ឆ្នាំ2013 យើង​ដាក់ឱ្យ​ដំណើរការ​ម៉ាស៊ីន​ដក​ប្រាក់ និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATM/CDM)។ អ្វីដែល​សំខាន់​ទៀត​នោះ យើង​ទើបតែ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ធនាគារ​ស្នូល T24 បាន​ជោគជ័យ ដោយ​ប្រព័ន្ធ​ថ្មី​នេះ ធ្វើឱ្យ​ការងារ​របស់​យើង​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន។

លោក​ប្រធាន​នាយក​ប្រតិបត្តិ បានឱ្យដឹង​ដែរ​ថា បើ​យើង​ក្រឡេកមើល​ទិន្នន័យ​ហិរញ្ញវត្ថុ​របស់​យើង គឺ​គិត​ត្រឹម​ខែតុលា ឆ្នាំ2018នេះ អេ អឹម ខេ សម្រេចបាន​លទ្ធផល​គួរ ឱ្យ​កត់សម្គាល់។

ចំនួន​បុគ្គលិក​របស់​យើង​កើន​ឡើងដល់​ជាង 2,700នាក់ អតិថិជន​ចំនួន​ជាង 84ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង 247 លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​ជាង 146លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន 150កន្លែង និង​មាន​ភ្នាក់ងារ​ជាង 3500 កន្លែង​នៅ​ទូទាំងប្រទេស។

លោក គា បូរាណ លើកឡើង​យ៉ាង​ដូច្នេះ​ថា “លទ្ធផល​ទាំងនេះ​នឹង​មិនអាច​កើតមាន​ទេ ប្រសិនបើ​មិនមាន​ការចូលរួម​ពី​បុគ្គលិក អេ អឹម ខេ គ្រប់​ជាន់ថ្នាក់។ ការរីកចម្រើន​នេះ គឺ​ដោយសារតែ​បុគ្គលិក អេ អឹម ខេ មានការ​តាំងចិត្ត​ខ្ពស់ និង​បាន​ចូលរួម​យ៉ាងសកម្ម​គ្រប់​សកម្មភាព។

លោក​ប្រធាន​នាយក​ប្រតិបត្តិ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បុគ្គលិក​ទាំងអស់ ដែល​បាន​បំពេញ​កាតព្វកិច្ច​បាន​យ៉ាង​ល្អ​ក្នុងការ​បំពេញបេសកកម្ម​របស់ខ្លួន ដោយ​មិន​គិតពី​ពេលវេលា និង​កំលាំងកាយ​ចិត្ត​ក្នុង​រយៈពេល​ពេញ 15ឆ្នាំ​មកនេះ ដែល​បាន​ជួយ​ឱ្យ អេ អឹម ខេ ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​គួ​ជាទី​គាប់ចិត្ត។

គួ​បញ្ជាក់​ផងដែរ​ថា អេ អឹម ខេ គឺជា​គ្រឹះស្ថាន​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី។ អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា៖ សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕

Advertisement