Federer ផ្តួល Thiem ដើម្បី​រក្សា​ក្តីសង្ឃឹម​ក្នុងការ​ប្រជែង​ពាន ATP Finals

កីឡាករ​វាយ​កូន​បាល់ Roger Federer បានគេច​ផុតពី​ការធ្លាក់​ចេញពី​ព្រឹត្តិការណ៍ ATP Finals នៅពេលដែល​ម្ចាស់​ជើងឯក 6សម័យកាល​រូបនេះ បាន​យកឈ្នះ​លើ​កីឡាករ Dominic Thiem យ៉ាង​ងាយស្រួល​ក្នុង​លទ្ធផល 6-2 និង6-3 កាលពី​ថ្ងៃ​អង្គារ។

ក្រោយពី​ចាញ់​ក្នុងការ​ប្រកួត​បើកឆាក​របស់គេ​នៅលើ​ទីលាន O2 Arena ក្នុង​ទីក្រុង​ឡុង​ដ៍​ក្នុងការ​ប្រកួត​ជាមួយ​កីឡាករ Kei Nishikori កីឡាករ Federer ត្រូវ​ធ្លាក់​ចេញ​ប្រសិនបើ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ Thiem។ Federer ធ្លាប់បាន​ខកខាន​ក្នុងការ​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ត្រឹមតែ 1លើក​គត់​ក្នុងការ​បង្ហាញខ្លួន​ទាំង15លើក​របស់គេ​កាលពីពេលមុនៗ ក្នុង​ព្រឹត្តិការណ៍​បិទ​រដូវ​កាល​ពោរពេញ​ដោយ​កិត្យានុភាព​មួយ​នេះ។

ការខកចិត្ត​តែមួយ​លើក​នោះបាន​កើតឡើង​កាលពី 10ឆ្នាំមុន នៅពេលដែល​ព្រឹត្តិការណ៍ ATP Finals ត្រូវបាន​រៀបចំឡើង​ក្នុង​ទីក្រុង​ស៊ា​ង​ហៃ ហើយ Federer នៅតែមាន​ឱកាស​ក្នុងការ​គេចផុត​ពី​ជោគវាសនា​នោះ ក្រោយពី​បាន​យកឈ្នះ​លើ​កីឡាករ Thiem ក្នុង​រយៈពេល​ត្រឹមតែ 66នាទី។

ការ​ប្រមាញ់​រក​ការ​ឈ្នះ​ពាន ATP Finals ជា​លើក​ទី7 និង​ជា​លើក​ទី១ក្នុង​យុទ្ធនាការ​នេះ ចាប់តាំងពី​ឆ្នាំ2011 ដែល​នឹង​ក្លាយជា​ពាន​ទី100 ក្នុង​អាជីព​ប្រកបដោយ​ផ្លៃ​ផ្កា​របស់គេ នឹង​តម្រូវឱ្យ Federer ត្រូវតែ​ផ្តួល​កីឡាករ​អាហ្វ្រិក​ខាងត្បូង Kevin Anderson ក្នុងការ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល ដើម្បី​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ៕

ប្រភពពី៖ Channel News Asia

Advertisement