Atletico សងសឹក Dortmundបានសម្រេច ខណៈ Red Star ធ្វើឱ្យ Liverpool ស្រឡាំងកាំង

ក្រុម Atletico Madrid ដណ្តើម​បានការ​សងសឹក​ចំពោះ​ការបរាជ័យ​របស់​ពួកគេ​ក្រោម​ស្នាដៃ​ក្រុម Borussia Dortmund កាលពី 2សប្តាហ៍​មុន និង​បាន​សង្គ្រោះ​ក្តីសង្ឃឹម​ក្នុងការ​បាន​ឈានទៅ​វគ្គ​បន្ត​ឡើងវិញ​ដោយ​ការ​ឈរ​លេខ1 ក្នុង​ពូ​ល A តាមរយៈ​ការ​ផ្តួល​ក្រុម​របស់​អាល្លឺម៉ង់​មួយ​នេះ​ក្នុង​លទ្ធផល 2-0 នា​កីឡដ្ឋាន Wanda Metropolitano កាលពី​ថ្ងៃ​អង្គារ។

ក្រុម Dortmund បានធ្វើឱ្យ​ក្រុម Atletico រង​បរាជ័យ​ដ៏​ធំ​បំផុត​ក្រោម​ការដឹកនាំ​របស់លោក Diego Simeone តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល 4-0 កាលពី​រយៈពេល 13ថ្ងៃមុន ប៉ុន្តែ​ការប្រកួត​នេះ​មាន​រូបភាព​ដូចជា​កញ្ចក់​ឆ្លុះ​មុខ​អ៊ីចឹង ខណៈដែល​ក្រុម​ម្ចាស់ផ្ទះ​បាន​គ្រប់គ្រង​តាំងពី​នាទី​ដំបូង​រហូតដល់​ពេល​ប​ញ្ច​ប់​ការប្រកួត។

ខ្សែបម្រើ Saul Niguez និង​ខ្សែប្រយុទ្ធ Antoine Griezmann បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី 1គ្រាប់​ម្នាក់​ដូចគ្នា​ក្នុង​តង់នីមួយៗ ដើម្បី​បំពេញ​ការ​ដណ្តើមបាន​ជ័យជម្នះ​មួយ​ដែល​ធ្វើឱ្យ​ក្រុម Atletico នាំមុខ 5ពិន្ទុ​ដាច់​លើ​ក្រុម Club Brugge និង​ខិត​កាន់តែ​កៀក​ក្នុងការ​ឈានទៅ​វគ្គ​បន្ត​នៃ​ក្របខ័ណ្ឌ Champions League។

ស្របពេល​ជាមួយគ្នានេះ Liverpool ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​កីឡាករ​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ Champions League វគ្គ​ចែក​ពូ​ល ក្រោយពី​ចាញ់​យ៉ាង​មិន​នឹកស្មាន​ដល់​ក្នុង​លទ្ធផល 2-0 ក្រោម​ស្នាដៃ​ក្រុម Red Star Belgrade ក្នុង​រដ្ឋធានី​របស់​ប្រទេស​ស៊ែ​ប៊ី កាលពី​ថ្ងៃ​អង្គារ។ កីឡាករ Milan Pavkov បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់​ក្នុង​តង់​ទី1 ដើម្បី​ជួយ​ឱ្យ​ក្រុម Red Star ដណ្តើមបាន​ជ័យជម្នះ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League ជា​លើក​ទី1 របស់​ពួកគេ ក្នុង​រយៈពេល 26ឆ្នាំ។

ក្រុម Liverpool នៅតែ​នាំមុខ​ក្នុង​ពូ​ល C ប៉ុន្តែ​បាន​ធ្លាក់​មកឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ2 ដោយសារ​តែមាន​គ្រាប់​បាល់​តិចជាង​ក្រុម Napoli ក្រោយពី​ក្រុម​របស់​អ៊ីតាលី​មួយ​នេះ បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ក្នុងការ​ប្រកួត1គូ​ផ្សេងទៀត​ក្នុង​ពូ​ល​ដូចគ្នានេះ៕

ប្រភពពី៖ Sport24

Advertisement