កម្ពុជា​ចាប់ផ្តើម​ជំរុញ​ការអភិវឌ្ឍ​ទីក្រុង​របស់ខ្លួន​ឱ្យក្លាយ​ជាទី​ក្រុង​ឆ្លាត​វៃ

រាជរដ្ឋាភិបាល​កម្ពុជា​ចាប់ផ្តើម​ជំរុញ​ការអភិវឌ្ឍ​ទីក្រុង​នានា​ឱ្យទៅជា​ទីក្រុង​ឆ្លាត​វៃ ដើម្បី​ធ្វើឱ្យ​ទីក្រុង​របស់​កម្ពុជា​កាន់​តែមាន​ភាពរស់រវើក ទាន់សម័យ ហើយ​រស់នៅ​ប្រកបដោយ​ផាសុកភាព។ គំនិត​ផ្តួចផ្តើម​របស់​ទីក្រុង​វៃឆ្លាត​នឹង​ធ្វើឱ្យ​ទីក្រុង​កាន់​តែមាន​សុវត្ថិភាព ប្រសិទ្ធភាព និង​និរន្តរភាព​អម​ជាមួយ​បរិស្ថាន​ល្អ​សម្រាប់​អ្នក​ដែល​រស់នៅក្នុង​ទីក្រុង។ នេះ​បើតាម​ការលើកឡើង​រប​ស់ម​ន្ដ្រី​រដ្ឋាភិបាល។

ឯកឧត្ដម ភឿង សោភ័ណ អគ្គលេខាធិការ​ក្រុមប្រឹក្សាភិបាល​ស្ថាបត្យករ​កម្ពុជា​បាន​មានប្រសាសន៍ថា​ចាប់ពីពេលនេះ​ទៅ ក្រុម​ស្ថាបត្យករ វិស្វករ និង​រាល់​ក្រុមហ៊ុន​សំណង់​ទាំងអស់​មុននឹង​ធ្វើការ​សាងសង់​ត្រូវ​គិតពី​គោលការណ៍​ទីក្រុង​ឆ្លាត​វៃ​ជាមុនសិន​ដើម្បីឱ្យ​ស្របតាម​ទស្សនៈវិស័យ​របស់​រាជ​រដ្ឋាភិបាល។ ការជំរុញឱ្យ​អ្នក​សាងសង់​នានា​គិតគូរ​ពី​គោលការណ៍​ទីក្រុង​ឆ្លាត​វៃ​នេះ គឺ​ស្រប​ពេលដែល​វិស័យ​សំណង់​កំពុងមាន​សម្ទុះ​រីកដុះដាល​យ៉ាងច្រើន ដូចជា អគារ​ពាណិជ្ជកម្មខ្ពស់ៗ សំណង់​លំនៅឋាន​ប្រណីត អគារ​ខុន​ដូ និង​បណ្តា​ផ្សារ​ទំនើប​ដែល​បម្រើ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​បែប​ស៊ី​វិ​ល័យ។

ឯកឧត្ដម​បាន​បន្ដថា៖ « រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​គោល​គំនិត​ច្នៃប្រឌិត ការ​រចនា និង​ការរៀបចំ​បែប​ទីក្រុង​បៃតង​ដើម្បី​ជា​ប្រយោជន៍​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាព​សុខដុម»។

សូមបញ្ជាក់ថា ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ទីក្រុង​ឆ្លាត​វៃ​នេះ ចាំបាច់​ត្រូវមាន​ការពាក់ព័ន្ធ​ច្រើនណាស់​ក្នុង​វិស័យ​សំណង់ ដូចជា​រាល់​សម្ភារ​សំណង់​នានា​ត្រូវតែ​ផលិត​ធានាថា​មានគុណ​ភាពល្អ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ស្របតាម​ស្តង់ដារ​ហើយ​គិតគូរ​ពី​បញ្ហា​បរិស្ថាន​ជា​ចម្បង​ដើម្បី​ធានា​ឱ្យ​សំណង់​អគារ​មាន​គុណភាព​ប្រើប្រាស់​បានយូរ​អង្វែង រួមទាំង​ឆ្លើយតប​ទៅនឹង​គោលការណ៍​ទីក្រុង​វៃឆ្លាត​របស់​រាជរដ្ឋាភិបាល​ផងដែរ។

ទីក្រុង​ចំនួន3 របស់​ប្រទេស​កម្ពុជា រួមមាន​រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្តបាត់ដំបង​ត្រូវបាន​ជ្រើសរើស​ជា​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន (Smart City)បន្ទាប់ពី​មេដឹកនាំ​ទាំងអស់​នៃ​ប្រទេស​ជា​សមាជិក​បាន​ឯកភាព​លើ​គំនិត​ផ្តួចផ្តើម​ឱ្យមាន​ទីក្រុង​ឆ្លាត​វៃ​ដែល​ស្នើ​ដោយ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក​Lee Hsien Loong នៅក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី32៕

Advertisement