spot_img

លោកស្រី យឹម រ៉ា​ដែ​ត​ ជា​សហគ្រិន​ស្ត្រី​ឆ្នើម​តាំងចិត្ត​តស៊ូ​នឹង​អាជីវកម្ម​រហូត​ដង្ហើមចុងក្រោយ

- Advertisement -

សព្វថ្ងៃ​ពិភពលោក​មានការ​ផ្លាស់​ប្តូរ​ច្រើន ដូច្នេះ​ការអភិវឌ្ឍសមត្ថភាព​របស់​មនុស្ស​មិនមាន​ដែន​កំណត់​នោះទេ ស្ត្រី​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​បញ្ហា​ជាច្រើន​ដែល​តម្រូវឱ្យមាន​ការអភិវឌ្ឍ​សមត្ថភាព ទាំង​ការសិក្សា ការបំពេញ​ការងារ និង​ការធ្វើ​អាជីវកម្ម​ជាដើម។ ដើម្បី​អាច​ទទួលបាន​ជោគជ័យ​ និង​សម្រេច​គោលដៅ ក៏ដូចជា​ក្តី​សុ​បិ​ន្ត​ប្រកបដោយ​ភាព​ត្រចះត្រចង់​ស្ត្រី​ត្រូវមាន​ភាព​Challenge ការតាំង​ចិត្ត​ខ្ពស់ ការរុករក​ការស្រាវជ្រាវ​នូវ​វិធីសាស្ត្រ​ និង​បច្ចេកទេស​នៃ​ការគ្រប់គ្រង​ក៏ដូចជា​ភាព​ច្នៃប្រឌិត ​និង​ការបង្កើត​ថ្មី​ស្ត្រី​ត្រូវមាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ និង​ចេះ​ផ្តល់​កម្លាំងចិត្ត​ឱ្យ​ខ្លួនឯង​ត្រូវមាន​ក្តីសង្ឃឹម ​និង​តស៊ូ​ចំពោះ​ឧបសគ្គ​ទាំងឡាយ ដែល​គឺជា​ការតស៊ូ​មិន​ព្រម​បោះបង់។

លោកស្រី យឹម រ៉ា​ដែ​ត នាយិកា​មជ្ឈមណ្ឌល Global Art Cambodia ក៏​ជា​ស្ត្រី​ឆ្នើម​មួយរូប​ដែល​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព ជាមួយនឹង​ភាពរឹងមាំ និង​ឆន្ទៈ​ខ្ពស់​ប្រកបដោយ​ថាមពល​នៃ​ភាព​វិជ្ជមាន​បានសម្រេច​គោលដៅ​ជា​សហគ្រិន​ស្ត្រី​ក្នុងនោះ​ក៏បាន​ចូលរួមចំណែក​ជួយ​ដល់​សង្គម​តាម-រយៈ​ការផ្តល់​ការ​នូវ​ការសិក្សាអប់រំ​ចំណេះដឹង​ផ្នែក​គំនូរ​ច្នៃប្រឌិត​ដល់កុមារតូចៗផងដែរ។

នៅ​សប្តាហ៍​នេះ អ្នកយកព័ត៌មាន​នៃ​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ បានធ្វើ​បទសម្ភាសជាមួយនឹង​លោកស្រី យឹម រ៉ា​ដេ​ត ពី​ដំណើរ​ជីវិត និង​គ​ន្លឺះសំខាន់ៗក្នុងការ​គ្រប់គ្រង​ និង​ដឹកនាំ​អាជីវកម្ម ដើម្បី​ជា​ទុននៃ​គំនិត​សម្រាប់​ការពិចារណា​ក៏ដូចជា​ការចែករំលែក​ដល់​អ្នក​ចង់​បើក​អាជីវកម្មផ្សេងៗបាន​សិក្សា​ស្វែងយល់​ និង​ទុកជា​បទពិសោធផងដែរ។

- Advertisement -
លោកស្រី យឹម រ៉ា​ដែ​ត ចូលរួមក្នុងកម្មវិធី WOMAN OF TH FUTURE AWARDS

1.លោកស្រី​ជា​សហគ្រិន​ស្ត្រី​មួយរូប​ដែល​បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​ការអប់រំ។ តើ​លោកស្រី​អាច​ជម្រាប​ពី​ការអប់រំ និង​ជីវិត​នៅ​កុមារភាព​បានដែរ​ឬទេ?
តាមពិតទៅ​បើ​និយាយ​ពី​កុមារភាព ប្រហែលជា​មិនសូវមាន​ចំណុច​ចាប់អារម្មណ៍​ខ្លាំងពេក​នោះទេ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ដែល​គិតតែ​ពី​រៀន ហើយ​មិនសូវ​រវីរវល់​ច្រើន​ពី​ការសប្បាយ​ការលេង​ច្រើន​ដូច​ក្មេង​ដទៃ​តែ​អ្វី​ដែលជា​ចំណុច​ល្អ​នោះ​គឺ​ខ្ញុំ​ទទួលបាន​លទ្ធផល​គួរសម​ក្នុង​ការសិក្សា គឺ​តាំងពី​តូច​មក​ខ្ញុំ​ទទួលបាន​ចំណាត់ថ្នាក់​លេខ2រហូត។ ពេលខ្លះ​ខ្ញុំ​ក៏​ឆ្ងល់​ និង​សួរ​ខ្លួនឯង​ថា ហេតុអ្វី​បានជា​ខ្ញុំ​មិនអាច​ទទួលបាន​លេខ1 តែ​ទោះជា​យ៉ាងនេះ​ក្តី ខ្ញុំ​នៅតែ​អាចមាន​ទឹក-ចិត្ត​ច្រើន​ក្នុង​ការបន្ត​ការខិតខំ​ប្រឹងប្រែង រហូត​បាន​ក្លាយជា​សិស្ស​ពូកែ​ជាប់​ចំណាត់ថ្នាក់​លេខ2 ប្រចាំ​អនុវិទ្យាល័យ​វត្ត​កោះ និង​ជា​តំណាង​អនុវិទ្យាល័យ​វត្ត​កោះ ទៅ​ចូលរួម​ប្រឡង​ទូទាំងប្រទេស​ផ្នែក​រូបវិទ្យា​នៅ​ខេត្តសៀមរាប​ផងដែរ ឆ្នាំ2001នោះ​ជា​ឆ្នាំ​ដំបូង​ដែល​ក្រសួង​អប់រំ បើកឱកាស​ឱ្យ​សិស្ស​ទូទាំងប្រទេសប្រឡង​សិស្ស​ពូកែ ដែល​នេះ​ក៏​ជា​មោទនភាព​មួយ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ និង​ក្រុមគ្រួសារ។

បើ​និយាយ​ពី​ចំណង់​ចំណូលចិត្ត​វិញ គឺ​ខ្ញុំ​ជា​មនុស្ស​ដែល​ចូលចិត្ត​រៀន​ភាសា​ច្រើន និង​ចូលចិត្ត​អាន​សៀវភៅ។ មិន​ថា​ភាសា​អង់គ្លេស បារាំង អេ​ស្ប៉ា​ញ​ ឬចិនទេ ពេល​រៀន​ខ្ញុំ​តែងតែ​ឆាប់​ចាំបាន បើទោះបីជា​ភាសា​ដែល​អាច​ប្រើប្រាស់​បានជា​ផ្លូវការ​មានតែ​ភាសា​អង់គ្លេស​ក៏ដោយ។ ចំពោះ​ភាសាផ្សេងៗទៀត​ខ្ញុំ​អាច​ស្តាប់ និង​និយាយបាន តែ​មិន​ផ្លូវការ​ដូច​ភាសា​អង់គ្លេស​នោះទេ។ តាំងពី​តូច​មក​គឺ​ខ្ញុំ​តែងតែមាន​ក្តី​ស្រមៃ​ថា​ខ្ញុំ​ចង់​ដើរ​ស្វែងយល់​ឱ្យបាន​ច្រើន​ពី​ស្រុក​គេ​និង​ក៏​ចង់​រស់នៅ​ស្រុក​គេ​ផងដែរ។ ហេតុនេះ​អ្វីដែល​ខ្ញុំ​ចូលចិត្ត​ពី​ក្មេង​គឺមាន​លក្ខណៈ​ជា​បរទេស​ច្រើន ព្រោះ​បើ​សួរ​ពី​រឿងរ៉ាវ​បរទេស​ខ្ញុំ​ប្រហែលជា​ដឹង​ច្រើន​ជាង​រឿងរ៉ាវ​មួយចំនួន​ក្នុងស្រុក​យើង។

- Advertisement -

នៅ​ឆ្នាំ2002ខ្ញុំ​បាន​ប្រឡង​ជាប់​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ2គឺ​ផ្នែក​សេដ្ឋកិច្ច​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) និង​មួយទៀត​គឺ​នៅ​វិទ្យាស្ថាន​ភាសាបរទេស (IFL)។ ពេលនោះ​ជា​ពេល​លំបាកព្រោះ​ជំនាន់​របស់ខ្ញុំ​ជា​ជំនា​ន់ទី1ដែល​សាលា RULEបើក​មហាវិទ្យាល័យ​សេដ្ឋកិច្ច​ព័ត៌មានវិទ្យា ហេតុនេះ​ក្រសួង​បាន​យក​ឆ្នាំ​ដែល​ខ្ញុំ​រៀន​នេះ​ជា​ឆ្នាំ​ដក​ពិសោធហេតុនេះហើយ​ទើប​ធ្វើឱ្យ​ពួកយើង​ពេលខ្លះ​មិនសូវ​ពេញចិត្ត​ជាមួយនឹង​កម្មវិធី​សិក្សា​ប៉ុន្មាន​ទេ​ចំណែកឯ និស្សិត​ជំនាន់ក្រោយៗអាចមាន​កម្មវិធីសិក្សា​ល្អ​ជាង​ជំនាន់​ខ្ញុំ។

2.តើ​ក្រោយ​ពេលដែល​លោកស្រី​បញ្ចប់​មហាវិទ្យាល័យ លោកស្រី​បាន​បន្ត​ការសិក្សា​បន្តទៀត ឬ​បានចេញ​ធ្វើ​ការងារ​នៅក្នុង​ស្ថាប័ន​ណាខ្លះ?
តាមពិតទៅ ខ្ញុំ​ចេញ​ធ្វើ​ការងារ​តាំងពី​ខ្ញុំ​រៀន​នៅ​ឆ្នាំ​ទី3មក​ម្លេ៉ះ។ ការងារ​ដំបូង​របស់ខ្ញុំ​គឺ ធ្វើការ​ងារ​នៅ​ក្រុមហ៊ុន​ទេសចរណ៍ ហើយ​វា​ក៏​ជាការ​ងារ​ដែល​លំបាក​ផងដែរ​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​មិនមាន​បទពិសោធ ឬ​ចំណេះដឹង​ផ្នែក​ទេសចរណ៍​នេះ​សោះ។ អ្វីដែល​អាចឱ្យ​ខ្ញុំ​ធ្វើការ​ងារ​នេះ​បាន​គឺ មកពី​ខ្ញុំ​ចេះ​ភាសា​ច្រើន ព្រោះ​ខ្ញុំ​បាន​រៀន​ភាសា​អង់គ្លេស​តាំងពី​អាយុ8ឆ្នាំ ហើយ​មេ​នៅ​កន្លែង​នេះ​គឺជា​ជនជាតិ​ស្កុ​តលែ​នដែល​ពេល​ដាក់ពាក្យ​ភ្លាម​ក៏​ជាប់​បានធ្វើ​ការងារ​ភ្លាម។ ការងារ​ពេលនោះ ខ្ញុំ​គឺជា​ភ្នាក់ងារ​ប្រឹក្សា​យោបល់​ផ្នែក​ទេសចរណ៍ ដែល​ភាគច្រើន​ភ្ញៀវ​មកពី​បរទេស​ដូចជា​អង់គ្លេស អាមេរិក និង​ប្រទេស​អឺរ៉ុប។

- Advertisement -

ក្រោយមកទៀត​ខ្ញុំ​ក៏បាន​ធ្វើការ​ងារ​នៅ​ក្រុមហ៊ុន​ដឹកជញ្ជូន MAERSK ដែល​កាលនោះ​ក្រុមហ៊ុន​នោះ​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ធំជាងគេ​នៅ​កម្ពុជា។ បន្ទាប់មកទៀត​ក៏​ធ្វើការ​ងារ​នៅ​ក្រុមហ៊ុន​សវន​ករ Intertek និង​ចុងក្រោយ​បាន​ចូលធ្វើ​ការងារ​នៅ​ស្ថានទូត​អូស្ត្រាលី​ផ្នែក​ពិគ្រោះ​យោបល់​លើ​សេវាកម្ម​ទិដ្ឋាការ (VISA) សម្រាប់​អ្នក​ដាក់​ទិដ្ឋាការ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​ជា​លក្ខណៈ​ប្តី​ប្រពន្ធ និង​អ្នកស្នើសុំ​ទិដ្ឋាការ​ទៅ​សិក្សា។

ក្រោយ​ធ្វើ​ការងារ​នៅ​ស្ថានទូត​អូស្ត្រាលី បាន​មួយឆ្នាំ​ខ្ញុំ​ក៏បាន​រៀបការ ហើយ​ស្វាមី​របស់ខ្ញុំ​ក៏បាន​ទទួល​អាហារូបករណ៍ Australian Development Scholarship (ADS)។ ដើមឆ្នាំ2009 ខ្ញុំ​ក៏បាន​លាឈប់​ពី​ការងារ​នៅ​ស្ថានទូត​អូស្ត្រាលី​ដើម្បី​ទៅ​រស់នៅ​អូស្ត្រាលី​ជាមួយ​គាត់​ដើម្បី​ស្វែងរក​ឱកាស​ការងារ និង​ការសិក្សា​នៅ​ទីនោះ​ផង។ នៅពេលនោះ​ក៏​ជា​ពេលវេលា​មួយ​ដែល​ខ្ញុំ​បាន​ជួប​រឿង​ជាច្រើន ដូចជា​បទពិសោធ​ជីវិត​ព្រោះ​ត្រូវ​រៀន​ខ្លួនឯង​ថ្នាក់អនុបណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ផង​ធ្វើ​ការងារ​ផង ហើយ​មាន​បុត្រ​ដោយ​ចៃដន្យ​ផង​ គឺមាន​អនុស្សាវរីយ៍​ច្រើន​មែនទែន​រយៈពេល3ឆ្នាំ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី​នោះ។ តែ​ទោះជា​យ៉ាងនេះ​ក្តី យើង​អាច​ឆ្លងកាត់​ដំណាក់កាល​ទាំងអស់នោះ និង​បានបញ្ចប់​ការសិក្សា2ឆ្នាំ​ដោយ​ជោគជ័យ ហើយ​បាន​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​នៅ​ចុងឆ្នាំ2011។ បន្ទាប់មក​បាន​ជួយ​ស្វាមី និង​ក្រុមគ្រួសារ​ក្នុងការ​រៀបចំ​ធ្វើ​អាជីវកម្ម​ដំបូងបង្អស់​គឺ​ហាង Toys & Me និង​នៅ​ឆ្នាំ2012 ហើយ​គ្រួសារ​ក៏​ចាប់ផ្តើម​ទិញ Franchise Global Art បន្ត​ពី​ជនជាតិ​ឥណ្ឌូនេស៊ី​ដែល​គាត់​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​គាត់​វិញ​ហើយ​ពេលនោះ Global Artទើប​មាន​តែមួយ​សាខា​ដែលមាន​កូនសិស្ស​ប្រហែល50នាក់​ទេ គ្រួសារ​ខ្ញុំ​ក៏​ទិញ​បន្ត​ពី​គាត់​ហើយ​បើក​ដំណើរការ​មកដល់​សព្វ​ថ្ងៃនេះ។ បច្ចុប្បន្ននេះ ​Global Art មាន10សាខា​ហើយ​ដែល 5សាខា​ជា​របស់​យើង​ខ្លួនឯង និង5សាខា​ទៀត​យើង​លក់​Franchiseទៅឱ្យ​ដៃគូរ​របស់​យើង ។

លោកស្រី យឹម រ៉ា​ដែ​ត ឡើងទទួលពានរង្វាន់

3. តើ​អ្វីខ្លះ​ជាការ​តស៊ូ ដែល​លោកស្រី​ចងចាំ​បំផុត​ក្នុង​ជីវិត?
បើ​និយាយ​ពីបទ​ពិសោធការងារ ពេលដែល​ខ្ញុំ​ចងចាំ និង​តស៊ូ​បំផុត​គឺ​នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម​បើក​អាជីវកម្ម​ខ្លួនឯង​តែម្តង។ នៅពេលដែល​ធ្វើការ​ងារ​ឱ្យគេ គឺ​ខ្ញុំ​អត់​ដែលមាន​សម្ពាធ​ការងារ​ណាមួយ​ដែល​ធ្វើឱ្យ​ខ្ញុំ​ពិបាក​ និង​ស្មុ​គស្មាញ នោះឡើយ ព្រោះ​ការងារ​ជា​រៀងរាល់ថ្ងៃ​គឺ 8ម៉ោង​ ចប់​ម៉ោង​ការងារ​គឺ​ខ្ញុំ​មិនមាន​គិត​អ្វី​ច្រើន​នោះទេ។ តែ​ក្រោយ​ពេលដែល​ខ្ញុំ​ចាប់ផ្តើម​បើក​អាជីវកម្ម​ខ្លួនឯង​គឺ​ខ្ញុំ​អត់​មាន​ពេល​ឈប់សម្រាក​ថ្ងៃបុណ្យ​ឫ​ថ្ងៃ​ចុង​សប្តាហ៍​ដូច​កាលពី​ធ្វើ​ការងារ​ឱ្យគេ​នោះទេ។ ការគិត​របស់ខ្ញុំ​វា​កើនឡើង​ច្រើនជាង​មុន រហូតដល់​មានពេលខ្លះ​បើ​អាច​អត់​គេង​បាន​ក៏​ខ្ញុំ​អត់​គេង​ដែរ ព្រោះថា​ការចាប់ផ្តើម​អាជីវកម្ម​ដំបូង​គឺ​វា​មាន​លក្ខណៈ​លំបាក​ខ្លាំង ដើម្បី​ធ្វើយ៉ាងណា​ជំ​រុញឱ្យ​អាជីវកម្ម​នោះ​មានការ​អភិវឌ្ឍ​លឿន និង​ទប់​លំនឹង​បានល្អ។

ស្ថាន​ភាពលំបាក​ទាំងអស់​នោះ​គឺ​រាប់បញ្ចូល​ទាំង​ការគ្រប់គ្រង​បុគ្គលិក ព្រោះ​វា​ខុសពី​ការគ្រប់គ្រង​បុគ្គលិក​ដែល​កាល​ខ្ញុំ​នៅ​ធ្វើការ​ឱ្យគ េ​ការទទួល​ខុសត្រូវ​កើនឡើង​ទ្វេដង។ បុគ្គលិក​ខ្លះ​ទោះបីជា​បាន​បណ្តុះបណ្តាល​ហើយ ​តែ​នៅតែ​មិនទាន់​អាចមាន​សមត្ថភាព​ធ្វើ​ការកើត ក៏​នៅតែ​បន្ត​បណ្តុះបណ្តាល និង​បន្ត​ព្យាយាម​ដោះស្រាយ​បញ្ហា​សព្វគ្រប់​បែបយ៉ាង​ដោយ​ខ្លួនឯង។

នៅពេលដែល​បើក Global art ដំបូង​បំផុត ខ្ញុំ​មាន​ភាពលំបាក​ខ្លាំង ព្រោះ​ខ្ញុំ​មិនមាន​បទពិសោធ និង​ជំនាញ​ក្នុងការ​គូរ​ទាល់តែសោះ ហើយក៏​មិនដែល​ធ្វើ​ការងារ​ជាមួយ​កូនក្មេង​ដែរ វា​ខុសគ្នា​ទាំងស្រុង​ពី​ជំនាញ​ដែល​ខ្ញុំ​រៀន។ ការចាប់ផ្តើម​អាជីវកម្ម​ដំបូង​បំផុត​នេះ​មាន​មនុស្ស​ជាច្រើន​គាត់​បន្ទោស ដោយ​លើកឡើងថា ខ្ញុំ​មិនចេះ​មើល​ក្មេង ​និង​មិនមាន​ជំនាញ​ផ្នែក​សិល្បៈ តើ​ខ្ញុំ​អាច​ទៅគ្រប់​គ្រង​អាជីវកម្ម​មួយ​នេះ​យ៉ាងម៉េច​កើត​ទៅ? តែ​គំនិត​ទាំងនេះ​មិនអាច​រាំងស្ទះ​ខ្ញុំ​បាន​នោះទេ ព្រោះ​អ្វីដែល​ខ្ញុំ​តាំងចិត្ត​ធ្វើ​គឺ​ខ្ញុំ​ត្រូវតែ​ធ្វើឱ្យបាន ព្រោះ​ខ្ញុំ​មាន​ឆន្ទៈ​ក្នុងការ​ធ្វើ​វា។

ចាប់ផ្តើម​អាជីវកម្ម​ដំបូង​នៅ​ឆ្នាំ​ទី1 និង​ឆ្នាំ​ទី2 គឺ​ពិតជា​មាន​ភាព​ស្មុ​គស្មាញ​ច្រើន​ខ្លាំង ទម្រាំ​តែ​អាច​វិវឌ្ឍមកដល់​បច្ចុប្បន្ននេះ។ ជាងនេះទៅទៀត​ខ្ញុំ​ត្រូវ​ចេញទៅ​ប្រទេសផ្សេងៗជាច្រើន​ដើម្បី​ស្រាវជ្រាវ និង​រៀន​ពី​គេ ព្រោះ​ទីផ្សារ​នៃ​ប្រទេសនីមួយៗគឺ​ខុសគ្នា​ទៅតាម​វប្បធម៌ ផ្នត់គំនិត និង​របៀបរបប​នៃ​ការរស់នៅ។ តែ​ទោះជា​យ៉ាងនេះ​ក្តី មកដល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ខ្ញុំ​ឃើញថា​ទោះបី​ជាមាន​បញ្ហា​ប្រឈមជាច្រើន​ត្រូវ​ដោះស្រាយ តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​មាន​សភាព​ធូ​រស្រាល​ច្រើន​ទាំង​ការគ្រប់គ្រង​បុគ្គលិក​ក៏មាន​លក្ខណៈ​រលូន​ច្រើន និង​ផ្នែកផ្សេងៗទៀត​នៃ​អាជីវកម្ម​ក៏​ដំណើរការ​បានល្អ​ដែរ។

ខ្ញុំ​តែងតែ​ចងចាំ​នូវ​ពាក្យចាស់​មួយ​ឃ្លា​ថា “សមុទ្រ​ជ្រៅ តែ​ជ្រៅ​មិន​ដល់​ចិត្ត​មនុស្ស ហើយ​ចិត្ត​មនុស្ស​ក៏​មុត​ជាង​កំបិត​ដែរ”។ ហេតុនេះ​ការលំបាក​ក្នុង​ជីវិត​របស់ខ្ញុំ​ដែល​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​តាំងពីក្មេង​រហូត​មកដល់ពេលនេះ​គឺ​វា​ធ្វើឱ្យ​ចិត្ត​របស់ខ្ញុំ​កាន់តែ​មុត​ខ្លាំង​ឡើងជា​លំដាប់។ នៅពេលដែល​ជួប​បញ្ហា ខ្ញុំ​តែង​ជំរុញ​ខ្លួនឯង​បន្ថែមទៀតថា ខ្ញុំ​ត្រូវតែ​ខិតខំ​ធ្វើការ​ងារ​ដែល​ខ្ញុំ​ប្រឈម​ឱ្យដល់​ដង្ហើមចុងក្រោយ។ ភាព​មានះ និង​ការ​ប្រឈម​ជាមួយនឹង​បញ្ហា​ទាំងអស់​នេះហើយ ដែល​ធ្វើឱ្យ​ខ្ញុំ​អាច​ជម្នះរាល់​បញ្ហាលំបាក​ទាំងឡាយ​នៅក្នុង​ជីវិត​បាន។

ដោយហេតុ​នេះហើយ​ទើប​ខ្ញុំ​តែងតែ​ចូលរួម​ក្នុងការ​ចែករំលែក​នូវ​បទពិសោធល្អៗដល់​មនុស្ស​គ្រប់​រូបខ្ញុំ​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​មួយចំនួន​ដែលសព្វថ្ងៃ​ ខ្ញុំ​ក៏​ជា​សមាជិក​របស់​សហព័ន្ធ​ស្ត្រី​អ្នកជំនួញ​នៅ​ស្រុក​ខ្មែរ​ហើយក៏​ទើបតែ​ទទួលបាន​ពានរង្វាន់ថ្មីៗនេះដែរ​ដែល​ខ្ញុំ​តែងតែបាន​ផ្តល់ជូន​ជាពិសេស​គឺ​សហគ្រិន​ស្ត្រី ដើម្បី​ជួយផ្តល់​កម្លាំងចិត្ត​ដល់​ពួកគាត់​នៅពេលដែល​គាត់​កំពុងតែ​ជួប​នូវ​បញ្ហាលំបាក និង​ដំណោះស្រាយ​បញ្ហាផ្សេងៗក្នុង​ដំណើរ​ជីវិត​នៅពេលដែល​គាត់​ត្រូវការ​ជំនួយ។

ខ្ញុំ​ធ្លាប់​ជួប​បញ្ហា​ដោយ​ខ្លួនឯង ហើយ​ពេល​ខ្ញុំ​ជួ​បបញ្ហាលំបាក​ទាំងអស់នោះ​មិនមាន​អ្នកណា​អាចជួយ​ខ្ញុំ​បាន​នោះទេ​ខិតខំ​ស្វែងរក​ព័ត៌មាន​ដោយ​ខ្លួនឯង ហេតុនេះ​ទើប​ខ្ញុំ​យល់​ពី​អារម្មណ៍​មួយ​នេះ​ច្បាស់។ ខ្ញុំ​ជឿជាក់ថា​នេះ​ជា​ទង្វើ​ប្រកបដោយ​កុសល​ល្អ​មួយ​ដែល​វា​អាច​នឹង​ជួយ​ឱ្យមាន​មនុស្សល្អៗនៅ​ជុំវិញខ្លួន​ខ្ញុំ មកជួយ​ខ្ញុំ​វិញ​នៅពេលដែល​ខ្ញុំ​ជួប​ការលំបាក​នៅក្នុង​ជីវិត​នៅ​ថ្ងៃ​ត​ទៅមុខទៀត។ ម្យ៉ាងទៀត​ខ្ញុំ​ចង់​រស់នៅ​ដោយ​បន្សល់ទុកនូវ​កេ​រ្តី៍​ឈ្មោះ និង​គុណ​តម្លៃ​វិជ្ជមាន​សម្រាប់​មនុស្ស​ទូទៅ​នៅ​ជុំវិញខ្លួន​ផងដែរ។

4.ដូច​យើង​គ្រប់គ្នា​ដឹង​ហើយ​ថា​ការចាប់ផ្តើម​អាជីវកម្ម​ដំបូង (start Up) អ្នកណា​ក៏​ជួប​រឿង​លំបាក​ខ្លាំង​ដែរ។ តើ​លោកស្រី​អាច​ចែករំលែក​បានទេ​ពី​គន្លឹះ​ក្នុង​ការជំរុញឱ្យ Start up នោះ​អាចឈរជើង​បានយូរ​នៅក្នុង​ទីផ្សារ?
និយាយ​ទៅ​ កន្លែង​ណា​ក៏ដូចជា​កន្លែង​ណា​ដែរប្រសិនបើ​យើង​ជួប​អ្នក​ដែល​ទើបនឹង​បង្កើត​អាជីវកម្ម​ដូចគ្នា គាត់​ប្រាកដជា​និយាយ​ហើយ​ថា​គាត់​មិនមាន​ទេ​បទពិសោធដំបូង ហើយ​ពេលខ្លះទៀត​ក៏​មិនមាន​ចំណេះដឹង​ក្នុងការ​គ្រប់គ្រង​ឱ្យបាន​ល្អ​ដែរ។ នៅពេលដែល​គាត់​ជួប​បញ្ហា​មិនមាន​អ្នកណា​ជួយ​ប្រឹក្សា​យោបល់​ដល់​គាត់ ហើយ​ពេលខ្លះ​គាត់​ក៏​គ្មាន​បណ្តាញ​ទំនាក់ទំនង​ដើម្បី​ជួយ​គាត់​នោះដែរ។

ទម្រាំ​ខ្ញុំ​ដើរមក​ដល់ពេលនេះ​គឺ​ខ្ញុំ​ត្រូវ​សិក្សា​ស្វែងយល់​ដោយ​ខ្លួនឯង​ពីមួយ​ជំហាន​ទៅមួយ​ជំហានទាំង​ខ្ញុំ​មិនមាន​បទពិសោធន៍​លើ​អាជីវកម្ម​នេះ​ទាល់តែសោះ។ ការងារ និង​ការអប់រំ​ជាច្រើន​ដែល​ខ្ញុំ​ធ្លាប់មាន​គឺ​មិន​ពាក់ព័ន្ធ​គ្នា​ជាមួយនឹង​អាជីវកម្ម​ដែល​ខ្ញុំ​កំពុង​ធ្វើ រហូត​ពេលខ្លះ​ខ្ញុំ​ធ្លាប់​ដាក់​សំណួរ​ដើម្បី​សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​អាចធ្វើ​វា​កើត​ឬ​មិនកើត?

ទោះជា​យ៉ាងនេះ​ក្តី ខ្ញុំ​នៅតែមាន​ចិត្ត​មួយ​ដែល​ដាស់តឿន​ខ្លួនឯង​ថា អ្វីដែល​ខ្ញុំ​ត្រូវធ្វើ​គឺ​កុំ​បោះបង់ចោល​ឱ្យសោះ ព្រោះ​មនុស្ស​ជាច្រើន​ផ្សេងទៀត​គេ​លំបាក​ជាង​យើង ហេតុនេះ​នៅពេលដែល​យើង​មានឱកាស​ហើយ​សូមកុំ​បោះបង់ចោល​ឱ្យសោះ។ អ្វី​ក៏​មនុស្ស​អាចធ្វើ​បានដែរ គ្រាន់តែ​វា​ត្រូវការ​ពេលវេលា ដើម្បី​សិក្សា​ពី​បញ្ហា​ឱ្យបាន​ច្បាស់លាស់​ជាង​មុន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ភាព​ឆ្លាត​វៃ​ថា​ តើខ្ញុំ​ត្រូវ​ប្រឈម​ជាមួយនឹង​បញ្ហា​ទាំងអស់នោះ​ដោយ​របៀប​ណា។

ហើយ​អ្វីដែល​ខ្ញុំ​នៅតែ​ប្រកាន់​ភ្ជាប់​នោះ​គឺ “ជីវិត​ជា​មេទ័ព ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ​យើង​ចាំបាច់​ត្រូវតែ​ស្ថិត​នៅមុខ​គេ​ជានិច្ច ដើម្បីឱ្យ​ក្រុម​ដែល​នៅ​ខាងក្រោយ​យើង​មាន​ភាពកក់ក្តៅ​ថា​មេ​មិន​បោះបង់​គាត់​ចោល​នោះទេ”។ ហេតុនេះ​ទោះបី​ជាមាន​បញ្ហា​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ យើង​ចាំបាច់​ត្រូវតែ​តស៊ូ​ប្រឈមមុខ​ដោះស្រាយ ​និង​រៀបចំ​ចាត់ចែង​ឱ្យ​ហើយ​ទើប​យើង​អាច​ងាក​ទៅធ្វើ​អ្វី​ផ្សេងទៀត​បាន។

លោកស្រី យឹម រ៉ា​ដែ​ត ថតរូបជុំគ្នាជាមួយកូនសិស្សដែលជាប់ពានរង្វាន់ទៅប្រទេសម៉ាឡេសុី

5. តើ​លោកស្រី​មាន​វិធីសាស្រ្តអ្វីខ្លះ​ដើម្បី​គ្រប់គ្រង​ការងារ​ក៏ដូចជា​គ្រប់គ្រង​បុគ្គលិក​ទាំងអស់?
នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម Global art ដំបូង ខ្ញុំ​មិនសូវ​ដឹង​ពី​ចរិតលក្ខណៈ​នៃ​អាជីវកម្ម​នេះ​ប៉ុន្មាន​នោះទេ ព្រោះ​ខ្ញុំ​មិនមាន​ជំនាញ​ពាក់ព័ន្ធ​ទាល់តែសោះ។ ចំពោះ​ការគ្រប់គ្រង​ក៏​មិនសូវមាន​ដែរ ព្រោះ​ខ្ញុំ​ធ្លាប់តែ​ធ្វើការ​ឱ្យគេ ដែល​ផ្នត់គំនិត​នៃ​ការធ្វើការងារ​ឱ្យគេ គឺ​ខុសគ្នា​ឆ្ងាយ​ណាស់​ពី​ការធ្វើ​អាជីវកម្ម​ខ្លួនឯង។ ការធ្វើការងារ​ឱ្យគេ​គឺ​យើង​គិតតែ​ពី​ការទទួល-ខុសត្រូវ​មួយផ្នែក​របស់​យើង​តែប៉ុណ្ណោះ តែ​ចំពោះ​អាជីវកម្ម​ខ្លួនឯង​វិញ យើង​ចាំបាច់​ត្រូវតែ​ធ្វើឱ្យ​អស់ពី​ចិត្ត ហើយ​ដោះស្រាយ​នូវ​បញ្ហា​គ្រប់យ៉ាង​ដើម្បីឱ្យ​អាជីវកម្ម​ដើរទៅ​មុខ និង​រស់​បន្តទៀត។ បញ្ហា​ប្រឈម​សំខាន់​ជាងគេ​ទី1 នោះ​គឺ​បញ្ហា​បុគ្គលិក ព្រោះ​មនុស្សម្នាក់ៗមានការ​អប់រំ និង​មកពី​បរិស្ថាន​ខុសគ្នា មានគំនិត​ខុសគ្នា។ ប្រសិនបើ​យើង​មិន​ពូកែ​ក្នុងការ​ទំនាក់​ទំនងជា​មួយ​ពួកគាត់ វា​នឹង​ធ្វើឱ្យ​ការដឹកនាំ​របស់​យើង​ជួប​ភាពលំបាក។

ពេលខ្លះ​នៅពេលដែល​យើង​ជួបគ្នា​ជាមួយ​ម្ចាស់​អាជីវកម្ម​នានា គាត់​តែងតែ​និយាយថា​ពួកគាត់​ពិបាក​ស្វែងរក​បុគ្គលិក ហើយ​ពេលខ្លះ​បាន​បុគ្គលិក​មកហើយ​បុគ្គលិក​មិនសូវមាន​សមត្ថភាព​ដែល​ទាមទារ​ពេលវេលា​ច្រើន​ក្នុងការ​បណ្តុះបណ្តាល​ពួកគាត់។ ចំណែកឯ​បុគ្គលិក​ខ្លះទៀត គាត់​មាន​សមត្ថភាព​ហើយ តែ​យើង​មិនអាច​ទាញ​ទឹកចិត្ត​គាត់​ឱ្យ​រួម​ដំណើរ​ជាមួយ​យើង​បានយូ ព្រោះ​ទស្សនវិស័យ​របស់គាត់​ខុសពី​ទស្សនវិស័យ​របស់​ក្រុមហ៊ុន។ ជា​ដំណោះស្រាយ រាល់​ពេលដែល​បុគ្គលិក​ចូលមក​ធ្វើ​ការងារ​គឺ​ខ្ញុំ​តែងតែ​ចែករំលែក​ឱ្យ​គាត់​ដឹង​ពី​ទិសដៅ និង​ទស្សនវិស័យ​របស់ខ្ញុំ និង​ក្តី​ស្រមៃ​របស់ខ្ញុំ​ក្នុងការពង្រីក​អាជីវកម្ម​មួយ​នេះ។ ហើយ​ខ្ញុំ​តែងតែ​ប្រាប់​ពួកគាត់​ថា យើង​គួរតែ​ដើរ​រួមគ្នា មាន​បេះដូង​តែមួយ​ជាមួយគ្នា ដើម្បី​សម្រេច​ក្តី​ស្រមៃ​រួម​ទើប​យើង​អាច​អភិវឌ្ឍ​ក្រុមហ៊ុន​បានល្អ​ជាមួយគ្នា ហើយ​នៅពេល​ដែលមាន​បញ្ហា​យើង​ត្រូវ​ចែករំលែក​ជាមួយគ្នា កុំឱ្យ​យើង​ខាត​ពេល​ទាំងអស់គ្នា។ ប្រសិនបើ​អ្នក​គិតថា មក​ធ្វើការ​នៅទីនេះគ្រាន់តែ​មក​បណ្តោះអាសន្ន ឬ​ដើម្បី​តែ​ប្រាក់ខែ សូមកុំ​ឱ្យ​ខាត​ពេល​ទាំងអស់គ្នា​អី។

ទោះជា​យ៉ាងនេះ​ក្តី ការគ្រប់គ្រង​បុគ្គលិក គឺ​យើង​ទុក​រយៈពេល​សម្រាប់​សិក្សា​ពីគ្នា ហេតុនេះ​ក្នុង​រយៈពេល​សាកល្បង​ប៉ុន្មាន​ខែ​ដំបូង យើង​នឹង​អាច​ដឹង​ហើយ​ថា​អ្នកណាខ្លះ​អាចធ្វើ​ការងារ​ជាមួយគ្នា​បាន ហើយ​អ្នកណា​ខ្លះទៀត​មិនអាច​ធ្វើ​ការងារ​ជាមួយ​យើង​បានយូរ។

បញ្ហា​មួយទៀត​ដែល​ខ្ញុំ​ត្រូវ​ដោះស្រាយ​គឺ បុគ្គលិក​របស់ខ្ញុំ​មាន​ចម្រុះ​ជាតិ​សាសន៍ គឺមាន​ខ្មែរ​ផង មាន​ហ្វីលីពីន​ផង មាន​អាមេរិក​ផង មាន​នេ​ប៉ាល់ និង​មាន​ជនជាតិ​អង់គ្លេស។ ហេតុនេះ​បញ្ហា​វប្បធម៌ និង​ផ្នត់គំនិត​ខុសគ្នា​ក៏​ចាំបាច់​ត្រូវតែ​ដោះស្រាយ​បើ​មិន​បែបនេះ​ទេ​ពួកគាត់​នឹងមាន​ភាព​ប្រទាំង​ប្រ​ទើស​គ្នា​គ្រប់ពេល។ ក្នុង​កាលៈទេសៈ​នេះ​អា​ចរាប់ថា​សំណាងល្អ​ដែរ ដែល​ខ្ញុំ​ធ្លាប់ធ្វើ​ការងារ និង​សិក្សា​នៅ​បរទេស​ដែលមាន​លក្ខណៈ​ចម្រុះ​ជាតិ​សាសន៍ ខ្ញុំ​អាចមាន​ជំនាញ​ក្នុងការ​ទំនាក់ទំនង និង​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​បាន។

ជា​ថ្នាក់​ដឹកនាំ​យើង​ត្រូវ​គិត ​និង​ថ្លឹងថ្លែង ពី​ផលប៉ះពាល់​រវាង​ផលប្រយោជន៍​ក្រុមហ៊ុន និង​ផលប្រយោជន៍​របស់​បុគ្គ​លិ​ក។ ពេលខ្លះ​ដំណាក់កាល​នេះ​ក៏​ធ្វើឱ្យ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​មានការ​ឈឺចាប់​ខ្លះ​ដែរ​នៅពេលដែល​ត្រូវ​បញ្ឈប់​បុគ្គលិក​មាន​កំហុសតែ​កាលៈទេសៈ​ខ្លះ​គឺ​ចាំបាច់​ត្រូវតែ​អនុវត្ត​ទៅតាម​ស្តង់ដារ​នៃ​ការគ្រប់គ្រង។ ទោះជា​យ៉ាងនេះ​ក្តី ដោយសារតែ​ខ្ញុំ​ជា​មនុស្ស​ដែល​ធ្វើការ​ដោយ​ផ្តោតលើ​មនោសញ្ចេតនា​ច្រើន ខ្ញុំ​តែងតែ​ផ្តល់ឱកាស​សម្រាប់​បុគ្គលិក​ទាំងអស់ ព្រោះ​គ្មាន​អ្នកណាម្នាក់​មិនចេះ​ខុស​នោះទេ អ្វីដែល​សំខាន់​គឺ​កុំ​ខុស​រឿងដដែល។

ហេតុនេះហើយ​ទើប​នៅទីនេះ បុគ្គលិក​របស់ខ្ញុំ​តែងតែ​ប្រើប្រាស់​បេះដូង​ទៅធ្វើ​ការងារ ដែល​ឱ្យ​គាត់​អាចអនុវត្ត​បានល្អ​ទៅតាម​តួនាទី និង​លក្ខខណ្ឌ​ការងារ​របស់គាត់​ដែល​ផ្តល់​ឱកាសល្អ​ដល់​ខ្ញុំ​ក្នុងការ-​ដកខ្លួន​ទៅ​គិតពី​ឱកាស​អាជីវកម្ម​ដទៃទៀត​បាន។

6.មកដល់​បច្ចុប្បន្ននេះ តើ Global Art មានសាខា​ប៉ុន្មាន​កន្លែង ​និង​មាន​បុគ្គលិក​ប៉ុន្មាន​នាក់​ហើយ?
បច្ចុប្បន្ននេះ Global Art មាន​សាខា10កន្លែង​ហើយ ដោយ​ក្នុងនោះ 5កន្លែង​ជា​របស់ខ្ញុំ​ផ្ទាល់ និង5កន្លែង​ផ្សេងទៀត​គឺ​ខ្ញុំ​លក់​សិទ្ធ​អាជីវកម្ម​ឱ្យគេ (franchise)។ នៅក្នុង​សាខា​ទាំង 5កន្លែង​ប្រសិនបើ​បូករួម​ទាំង​ក្រុម​ស្នូល​នៅ​ស្នាក់ការ​កណ្តាល គឺមាន​បុគ្គលិក​សរុប​ទាំងអស់23នាក់។

ជា​រចនាសម្ព័ន្ធ ដោយសារ​ខ្ញុំ​ទទួល Master Franchise មាន​សិទ្ធ​ក្នុងការ​ចែកចាយ​អាជីវកម្ម និង license បន្តទៀត​សម្រាប់​ទីផ្សារ​នៅក្នុង​ស្រុក​ខ្មែរ​គឺ​យើង​បែងចែក​បុគ្គលិក​ជា 2ក្រុម ដោយ​មួយក្រុម​គឺ​ធ្វើ​ការងារ​នៅតាម​មជ្ឈមណ្ឌល​នីមួយ​របស់​យើង និង​មួយក្រុម​ទៀត​ជា​ក្រុម​ស្នូល​ដែល​ធ្វើការ​នៅ​ស្នាក់ការ​ធំ​ចាំ​ជួយ​ដោះស្រាយ​គ្រប់​បញ្ហា​របស់​សាខានីមួយៗ។

7.តើ​លោកស្រី​ធ្វើ​ដូចម្តេច​ដើម្បី​រក្សាបាន​លំនឹង​នៃ​គុណភាព​សម្រាប់​សាខានីមួយៗឱ្យ​ស្មើគ្នា​បាន?
បញ្ហា​ភាពមិន​ស្មើគ្នា​នៃ​គុណភាព​របស់​សាខានីមួយៗ គឺ​ភាគច្រើន​កើត​លើ​អាជីវកម្ម​លក់​សិទ្ធ​អាជីវកម្ម (franchise) តែ​សម្រាប់​យើង​ជា​ស្ថាប័ន​អប់រំ មិនសូវមាន​បញ្ហា​ទាំងអស់នោះ​ប៉ុន្មាន​ទេ ព្រោះ​ពាក្យ​ថា franchise គឺ​យើង​មាន​ស្តង់ដារ និង​ប្រព័ន្ធគ្រប់គ្រង​ត្រឹមត្រូវ​សម្រាប់​សាខា​ទាំងអស់។ នៅ​គ្រប់​សាខា​ទាំងអស់​គឺ​យើង​តែងតែ​តម្រង់ទិស​ពួកគាត់​មុនពេល​គាត់​ទិញ​សិទ្ធ​ិអាជីវ​កម្មនេះ ស្របពេល​ដែល​យើង​ក៏មាន​បុគ្គលិក​មួយក្រុម​ផ្សេងទៀត​សម្រាប់​ឆែក​គុណភាព​នៃ​ការអប់រំ​ជា​រៀងរាល់​មួយខែ​ម្តង។ ក្រៅពីនេះ​យើង​ក៏មាន​ក្រុម​បុគ្គលិក​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា និង​តាមដាន​រាល់​ដំណើរការ​តាម​មជ្ឈមណ្ឌលនីមួយៗ ដោយ​សូម្បីតែ​ភ្លើង​ដាច់ ឬ​មាន​បញ្ហា​អ្វី​តិចតួច​ក៏​យើង​សុំឱ្យ​គាត់​កែតម្រូវ​ឡើងវិញ​ដែរ ដើម្បី​កុំឱ្យ​មានការ​ប៉ះពាល់។

យើង​ក៏មាន​ក្រុម​បុគ្គលិក​ក្នុង​ការជួយ​ប្រឹក្សា​យោបល់ ក្រុម​បុគ្គលិក​រៀបចំ​រចនា Graphic design និង​ជួយ​ក្នុងការ​តម្រង់ទិស​ឱ្យស្រប​ទៅតាម​ស្តង់ដារ​ជា​លក្ខណៈ​អន្តរជាតិ ព្រោះ Global Art ជា Franchise មកពី​ប្រទេស​ម៉ាឡេស៊ី​សព្វថ្ងៃ​មាននៅ 18ប្រទេស​ដែល​សុទ្ធ​តែមាន​ទំនាក់​ទ​នង​ស្អិតរ​មួ​ត​ជាមួយគ្នា។

ចំពោះ​គ្រូបង្រៀន​វិញ ក៏​យើង​មានការ​បណ្តុះបណ្តាល​គាត់​ត្រឹមត្រូវ យ៉ាងហោចណាស់ 3ខែ​ទើប​អនុញ្ញាតឱ្យ​គាត់​ចេញ​បង្រៀន​បាន។ ចំណែកឯ​រដ្ឋបាល និង​គណនេយ្យ​ក៏​យើង​មាន​ប្រព័ន្ធ​មួយ​ទាក់ទង​គ្នា​យ៉ាង​ហ្មត់ចត់​ដើម្បី​ធានា​ពី​គុណភាព និង​ភាពច្បាស់លាស់​នៃ​ការគ្រប់គ្រង។

លើសពីនេះទៅទៀត យើង​ក៏​គ្រប់គ្រង​បាន​ដិតដល់​ផងដែរ​ពី​សម្ភារប្រើប្រាស់​នៅក្នុង​មជ្ឈមណ្ឌលនីមួយៗ ដើម្បី​ធានា​ពី​គុណភាព​ដែល​ផលិតផល​របស់​យើង​ផលិត​នៅ​ប្រទេស​កូ​រេ៉ ព្រោះ Global Art មិន​អនុញ្ញាតឱ្យ​អាណាព្យាបាល​សិស្ស​យក​សម្ភារ ឬ​Color ពី​ខាងក្រៅ​ចូល​នោះទេ។

លោកស្រី យឹម រ៉ា​ដែ​ត ឡើងប្រគល់ពានរង្វាន់ក្នុងកម្មវិធី National Art Competition 2017

8.តើ Global Art មាន​សារៈសំខាន់​យ៉ាងដូចម្តេចខ្លះ​ក្នុងការ​អប់រំ​កុមារ​ឱ្យ​ក្លាយជា​ធនធាន​ដ៏​មានតម្លៃ​សម្រាប់​ថ្ងៃ​អនាគត?
មកដល់​ចំណុច​នេះ​ខ្ញុំ​ចង់​ជម្រាប​ផងដែរ​ថា​កាលពី3ឆ្នាំមុន​អាណាព្យាបាល​មួយចំនួន​គាត់​យល់ច្រឡំ​ថា Global Art គ្រាន់តែ​ជា​សាលាបង្រៀន​គូរគំនូរ។ តែ​ធាតុពិត គឺ​មិនមែន​បែប​នោះទេ អ្វីដែល​យើង​បង្រៀន​គឺ​បង្រៀន​កុមារ​ឱ្យ​គាត់​មានគំនិត​ច្នៃប្រឌិត​ដោយ​យក​គំនូរ​ជាយា​នសម្រាប់​បកប្រែ​ក្តី​ស្រមៃ​របស់គាត់។

អ្វីដែល​យើង​បង្រៀន​គឺ​គំនូរ​ពាណិជ្ជកម្ម (commercial art) មិនមែន​គំនូរ​សិល្បៈ (fine art) នោះទេ។ គំនូរ​បែប​ពាណិជ្ជកម្ម​គឺជា​ប្រភេទ​គំនូរ​ដែល​យើង​បណ្តុះ​នូវ​ក្តី​ស្រមៃ ការដោះស្រាយ​បញ្ហា និង​គំនិត​ច្នៃប្រឌិត​នៅក្នុង​ក្រដាស មិនមែន​ឃើញ​បែបណា​គូរ​បែប​នោះ ឬ​គូររូបដូចៗទៅនឹង​អ្វី​ដែលជា​ស្ថានភាពពិតៗដូច​គំនូរ​បែប fine art នោះទេ។

បើ​គិត​ឱ្យដល់​ទៅ​គេ​រកឃើញថា​អនាគត​ទៅ​អ្វីដែល​មនុស្ស​ត្រូវការ​បំផុត​លើ​ពិភពលោក​គឺ​ជំនាញ​ច្នៃប្រឌិត ហេតុនេះ​ភាព​ច្នៃប្រឌិត​គឺជា​រឿង​សំខាន់បំផុត​ដែល​កុមារ​ត្រូវ​ចេះ។ ដូច​យើង​បាន​មើលឃើញ​ជាក់ស្តែង​ហើយ​ថា តាំងពី​ក្បាល​ដល់​ចុងជើង​របស់​យើង​គឺ​កើតឡើង​ពី​ការ​គូរ​ព្រាង (sketch)ទាំងអស់។ សម្លៀកបំពាក់​ក៏​កើតចេញពី​ការ​គូរ ឡាន​ម៉ូតូ​ក៏​កើតចេញពី​ការ​គូរ គ្រឿង​គ្រប់យ៉ាង​ដែល​យើង​ប្រើប្រាស់​ក៏​កើតចេញពី​ការ​គូរ​ដែរ ហេតុនេះ​ការ​គូរ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​អាចជួយ​ឱ្យក្មេងៗមាន​មូលដ្ឋានគ្រឹះ​ក្នុងការ​ស្វែងរក​គំហើញថ្មីៗ ឬ​ឌី​ហ្សា​ញ​ជា​ពាណិជ្ជកម្ម​សម្រាប់​អាជីវកម្ម​នៅ​ថ្ងៃ​អនាគត​ជាដើម។

យើង​បានឃើញ​ហើយ​ថា ក្មេងៗនៅ​ប្រទេស​គេ​មាន​ភាព​ច្នៃប្រឌិតខ្ពស់ៗណាស់ ហើយ​មាន​ភាពក្លាហាន​ខ្លាំង​ក្នុងការ​បកស្រាយ​នូវ​ក្តី​សុ​បិ​ន្ត​របស់​គេង ហេតុនេះ​យើង​ក៏​ចង់ឱ្យ​កុមារ​កម្ពុជា​អាចធ្វើ​បាន​បែប​នោះដែរ តាមរយៈ​ការប្រមូល​យកក្តី​ស្រមៃ និង​គំនិត​ច្នៃប្រឌិត​របស់​ពួកគេ​មក​ដាក់​លើ​ក្រដាស។

ក្មេង​មិន​អាចមាន​សមត្ថភាព​ក្នុងការ​ពន្យល់​នូវ​អ្វីដែល​គេ​គិត​ជា​ពាក្យសម្តី​នោះទេ ហេ​ត​នេះហើយ​ទើប​យើង​ព្យាយាម​បង្រៀន​គាត់​ឱ្យ​គាត់​ចេះ​បកប្រែ​នូវ​ក្តី​ស្រមៃ និង​ភាព​ច្នៃប្រឌិត​ទាំងអស់នោះ​លើ​ផ្ទាំងគំនូរ ដោយ​ការពន្យល់ និង​បង្កើត​ភាព​ស្មុ​គស្មាញ​បន្តិចម្តងៗ ស្រប​ពេលដែល​គាត់​អាច​កម្សាន្ត​ជាមួយនឹង​សិល្បៈ រហូតដល់​គាត់​ក្លាយជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ម្នាក់។

9.តើ​លោកស្រី​មាន​សារ​អ្វី​ដើម្បី​ផ្តាំផ្ញើ និង​ចែករំលែក​ទៅដល់​មនុស្ស​ទូទៅ​នៅ​កម្ពុជា និង​ជាពិសេស​គឺ​ស្ត្រី​ដើម្បី​ជំរុញ​ទឹកចិត្ត និង​បង្កើត​ភាពរឹងមាំ?
ក្នុងនាម​ជា​ស្ត្រី​ម្នាក់​ដែល​កំពុង​ធ្វើ​អាជីវកម្ម ខ្ញុំ​ចង់ឃើញ​ស្ត្រី​ដទៃទៀត​មាន​ភាពរឹងមាំ និង​មាន​កម្លាំងចិត្ត​ខ្ពស់​ក្នុងការ​ជម្នះ​ជាមួយនឹង​ឧបសគ្គ​ក្នុង​ដំណើរ​ជីវិត និង​អាជីវកម្ម​ដែល​កើតមាន​ចំពោះមុខ។ ខ្ញុំ​ជឿជាក់ថា អ្នកណា​ក៏​ធ្លាប់​ជួប​រឿង​បរាជ័យ​ដែរ ហើយ​អ្នកណា​ក៏​ធ្លាប់​ជួប​បញ្ហា​ដែរ ហើយ​ដើម្បី​ជម្នះ​បញ្ហាលំបាក​ទាំងអស់នោះ គឺ​យើង​ត្រូវតែដើរ​ចូលទៅ​ជម្នះ​វា​ឱ្យបាន​ដោយ​ខ្លួនឯង ប្រកបដោយ​ភាព​វិជ្ជមាន។ សូម​ចំណាយ​ពេលវេលា​ដើម្បី​សួរ​ខ្លួនឯង ហើយ​មើល​ឡើងវិញ​ថា​យើង​ត្រូវធ្វើ​បែបណាខ្លះ​ដើម្បី​ដើរ​ឱ្យដល់​គោលដៅ ហើយ​កុំ​បោះបង់ចោល​ឱ្យសោះ​នៅពេលដែល​យើង​ជួប​រឿង​បរាជ័យ ឬ​រឿង​ខកចិត្ត​មួយចំនួន​នៅក្នុង​ដំណើរ​ជីវិត។ ឱ្យ​តែមាន​កម្លាំងចិត្ត យើង​នឹង​អាច​ដើរ​រហូតដល់​ចំណុច​ជោគជ័យ​គ្រប់យ៉ាង មិន​ថា​អាជីវកម្ម ឬ​ការ​រស់នៅក្នុង​ជីវិត​នោះទេ។

ហេតុនេះ​កុំ​ដើរ​ផ្លូវដដែលៗ ឬ​កុំ​នៅតែ​ម្នាក់ឯង​នៅពេលដែល​យើង​ជួប​ឧបសគ្គ។ អ្វីដែល​យើង​ត្រូវធ្វើ​គឺ យើង​អាច​ស្វែងរក​សមាគម ឬ​បុគ្គលល្អៗជាច្រើន​ដែល​អាច​ប្រឹក្សា​យោបល់ និង​លើកទឹកចិត្ត​យើង រួមទាំង​ជំរុញ​ភាព​វិជ្ជមាន​ឱ្យ​កាន់តែច្រើន​នៅក្នុង​ខ្លួន​ដើម្បី​បន្តដំណើរ​ប្រកបដោយ​ថាមពល​ឆ្ពោះទៅរក​ការសម្រេច​ក្តី​ស្រមៃ។

ហើយ​ក្នុងនាម​ជា​ម្តាយ និង​ជា​មេផ្ទះ​ម្នាក់​វិញ ខ្ញុំ​ជំរុញ​ឱ្យ​ស្ត្រី​ទាំងអស់​រក្សា​ឱ្យបាន​នូវ​តុល្យភាព​សម្រាប់​គ្រួសារ ជាពិសេស​ម្រា​ប់កូន។ មិនត្រូវ​បណ្តោយឱ្យ​ខ្លួនឯង​បាក់​ទឹកចិត្ត​នោះទេ ព្រោះ​យើង​មាន​ភាពទទួល​ខុសត្រូវ​ច្រើន​លើ​អាជីវកម្ម​ផង និង​គ្រួសារ​ផង។ យើង​ចាំបាច់​ត្រូវតែ​ផ្តល់​ជីវិត​ប្រកបដោយ​ការទទួលខុសត្រូវ និង​ភាព​រីករាយ​ដល់​ពួកគេ ហើយ​នៅ​ដំណាក់កាល​ដំបូង​ចាប់ពី​ពេលដែល​ពួកគាត់​ចាប់កំណើត ដល់ 5ឆ្នាំ ក្មេង​ត្រូវការ​ភាពកក់ក្តៅ និង​ការយកចិត្តទុកដាក់​ខ្ពស់បំផុត។ យើង​ចាំបាច់​ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​ពួកគេ ដើម្បីឱ្យ​ពួកគេ​សិក្សា​ស្វែងយល់​ពី​យើង និង​បន្ត​ទម្លាប់​នៃ​ការទទួលខុសត្រូវ​នេះ​ទៅកាន់​ពួកគេ​ដើម្បី​ឱ្យគេ​ក្លាយជា​ធនធានមនុស្ស​យ៉ាង​មានតម្លៃ​សម្រាប់​សង្គម​នា​ថ្ងៃ​អនាគត៕

- Advertisement -
spot_img

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

កំពូលរថយន្ត Ford Ranger Raptor គឺមានសមត្ថភាពខ្លាំងក្នុងការបើកបរលើផ្លូវឧបសគ្គដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់ដែលបានឆ្លងកាត់ ដោយសារតែម៉ាស៊ីនសាំង 3.0L Twin-Turbo V6...

អាចម៍ផ្កាយដែលទើបតែធ្លាក់បុកផែនដីថ្មីៗនេះ មាន​រង្វិល​ខ្ញាល់​លឿន​បំផុត

2024 BX1 ​ដែលទើប​តែ​បាន​ធ្លាក់​មក​បុក​នឹង​ផែន​ដី​កាល​ពី​ថ្ងៃទី 21 មករា គឺ​ជា​​អាចម៍​ផ្កាយ​ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​​លឿន​ជាង​វត្ថុអវកាស​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្បែរ​ផែនដី​។ អាចម៍​ផ្កាយ ​2024 BX1 ប្រែក្លាយ​ជា​ដុំ​ភ្លើង​...

មនុស្ស​ហោះដល់ភពអង្គារ​ក្នុងរយៈ​ពេល​ខ្លីជាង​បច្ចុប្បន្ន ពេល​ប្រើ​បច្ចេកវិទ្យា​ថ្មី​នេះ

បច្ចេកវិទ្យា​រ៉ុក្កែតនុយក្លេអែរ​មួយ​ប្រភេទ​ដែល​ហៅ​ថា Pulsed Plasma Rocket (PPR) អនុញ្ញាត​ឱ្យ​យាន​អវកាស​ហោះ​ដល់​ភព​អង្គារ​ដោយ​ប្រើ​ពេល​តែ​ពីរ​ខែ​ ខណៈ​ដែល​បច្ចុប្បន្ន​គេ​ត្រូវ​ចំណាយ​ពេល​ប្រហែល​ 9​​ខែ។ កាល​ពី​ថ្ងៃទី 1...

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ៥ ជារថយន្តមានសុវត្ថិភាពបំផុត!

កន្លងទៅថ្មីៗនេះ រថយន្ត Next-Generation Ford Ranger ត្រូវបានផ្លាស់ប្តូររូបរាងថ្មី និងកំណែទម្រង់ថ្មីទាំង​ស្រុងដែលមានភាពហាប់ណែន រឹងមាំជាមុន និងរួមទាំងបូក​បញ្ជូល​​​នូវ​ប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន​ទៀត...

ថៃប្ដូរ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ ព្រោះ​តែ​អាកាសធាតុ

អគ្គនាយកដ្ឋាន​ទេសចរណ៍​ថៃ (TAT) កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ជំរុញ លើក​ទឹក​ចិត្ត​ដល់​ក្រុម​ទេសចរណ៍​ព្រឹក​ព្រលឹម និង​ព្រលប់ ក្នុង​បំណង​រក្សា​លំនឹង​ក្នុង​ទីផ្សារ​ទេសចរណ៍​ គ្រា​ដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ធ្វើ​ឱ្យ​មនុស្ស​ម្នា​មិន​ចង់ចេញ​ទៅ​ក្រៅ​។ ​លោក​ស្រី Somradee...

ក្រុមហ៊ុន Virtus Solis មានគម្រោងផលិតអគ្គិសនីព្រះអាទិត្យក្នុងទីអវកាស

ក្រុមហ៊ុន Virtus Solis គ្រោងនឹងប្រើប្រាស់រ៉ុក្កែត Starship ដើម្បីបាញ់បង្ហោះផ្ទាំងសូឡាទំហំមួយគីឡូម៉ែត្រ ឡើងទៅកាន់ទីអវកាស ដើម្បីផលិត និងបាញ់បញ្ជូនអគ្គិសនីពីលើមេឃមកកាន់ផែនដី។ Virtus...

ហេតុអ្វីអាកាសធាតុកាន់តែក្ដៅឡើងៗ?

ក្នុង​រង្វង់​ 100​ឆ្នាំ​កន្លង​ទៅ​នេះ​ ការ​កើន​ឡើង​កម្ដៅ​របស់​ផែនដី​កាន់​តែ​បង្ហាញ​ច្បាស់​ឡើង​ៗ​ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ព្រួយបារម្ភ។ ក្នុង​អនាគត​ កម្ដៅ​ផែនដី​ក៏​នឹង​កើន​ឡើង​បន្ត​ទៀត​ ហើយ​បន្សល់​ទុក​នូវ​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​។ ដូច្នេះ​តើ​បាតុភូត​ផែនដី​ឡើង​កម្ដៅ​កើត​ឡើង​ដោយ​សារ​កត្តា​អ្វី​ខ្លះ​? ការ​ឡើង​កម្ដៅ​ផែនដី​​បង្ក​ផល​វិបាក​អ្វី​ខ្លះ​?...

អត្ថបទស្រដៀងគ្នា

- Advertisement -spot_img