នៅពេលថ្មីៗនេះ គេសង្កេតឃើញថា តារាចម្រៀងស្រីដែលកំពុងស្ថិតនៅក្នុងផលិតកម្ម We Production និងរស្មីហង្សមាស គឺកញ្ញា ប៉ាច គីមមួយ ដែលធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំងតាមរយៈការប្រកួតក្នុងកម្មវិធី The Voice Cambodia លំដាប់ថ្នាក់ពិភពលោកកាលពីរដូវកាលទី1នោះ ទោះមិនបានជាប់ជាជយលាភីក៏ដោយ តែតារាស្រីកូនកាត់ចិនសាច់សខ្ចីរូបនេះ ក៏ត្រូវបានជ្រើសរើសឱ្យចូលច្រៀងក្នុងផលិតកម្មដែរ។ សម្ទុះនៃការច្រៀង គេមើលឃើញថា មិនសូវមានខ្លាំងដូចការសម្ដែងប៉ុន្មានទេ ព្រោះថា សម្រស់របស់នាងពិតជាស្រស់ស្អាតខ្លាំងណាស់ សឹងតែនិយាយបានថា មិនចាញ់តារាស្រីរួមផលិតកម្មប៉ុន្មានឡើយ រហូតដល់នាងទទួលបានការសម្ដែងក្នុងរឿងភាគប្រចាំស្ថានីយទូរទស្សន៍ហង្សមាសទៀតផង។
នាពេលបច្ចុប្បន្ននេះ តារាស្រី ប៉ាច គីមមួយ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងស្រទាប់មិត្តយុវវ័យទាំងក្រៅប្រទេស និងក្នុងប្រទេស ដោយសារតែសមត្ថភាព និងការលេងស្តាយល៍តុបតែងខ្លួនរបស់នាងដែលមើលទៅប្លែក និងទាក់ទាញអារម្មណ៍យុវវ័យខ្លាំង រហូតដល់អ្នកគាំទ្រនាងលាន់មាត់ថា មិនចាញ់តារាកូរ៉េឡើយ។ ស្របពេលកំពុងទាញបានប្រជាប្រិយភាពល្បីល្បាញខ្លាំងហើយនោះ តារាស្រីរូបស្រស់នេះបានបន្ថែមមុខរបរថ្មីមួយទៀត ទន្ទឹមនឹងអាជីពសិល្បៈរបស់ខ្លួនតែម្ដង គឺនាងឆ្លៀតពេលលក់ផលិតផលថែរក្សាសម្រស់ជាច្រើនយ៉ាងដែលនាំចូលពីប្រទេសកូរ៉េ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា តារាស្រីវ័យ 22ឆ្នាំម្នាក់នេះ មិនត្រឹមតែសម្រេចបានក្ដីស្រមៃក្នុងការដើរនៅលើវិថីសិល្បៈបានយ៉ាងជោគជ័យនោះទេ នាងថែមទាំងមានភាពវៃឆ្លាតក្នុងការរកប្រាក់ចំណូលបន្ថែមទៀតផង តែយ៉ាងណាក្ដី នាងនៅមិនទាន់មានលេចឮដំណឹងស្នេហាជាមួយបុរសណានៅឡើយទេ ដែលនេះគឺជារឿងមួយធ្វើឱ្យអ្នកគាំទ្រទាំងឡាយនឹកសង្ស័យថា រូបក៏ស្អាត ឆ្លាតក៏ឆ្លាត តែហេតុអីបានមិនមានបុរសណាក្រវែលឆ្វែលនាងសោះអ៊ីចឹង?? ( ឬមួយក៏…ហ៊ិៗៗ )៕