ទំពាំងបារាំង ជាប្រភេទបន្លែថ្មីម្យ៉ាងដែលស្ត្រីមេផ្ទះអាចយកទៅច្នៃធ្វើជាម្ហូបបានច្រើនយ៉ាង ពិសេសយកទៅធ្វើជាបន្លែអន្លក់ផ្ទាប់ជាមួយសាច់អាំង ឆាជាមួយសាច់មាន់-សាច់គោ ឬឆាប្រេងខ្យងមានរសជាតិឆ្ងាញ់ប្លែកមាត់គួរឱ្យចង់ទទួលទាន និងថែមទាំងជួយលើកកម្ពស់សុខភាពទៀតផង។
អ៊ំស្រី ជួន ជឿន ជាកសិករដាំទំពាំងបារាំងនៅក្នុងភូមិក្រចាប់ ឃុំអូតាវ៉ៅ ស្រុកប៉ៃលិន ខេត្តប៉ៃលិនមានប្រសាសន៍ថា គ្រួសារលោកអ៊ំទើបតែចាប់ផ្តើមដាំបន្លែទំពាំងបារាំងនេះបានត្រឹមរយៈពេល 2ឆ្នាំប៉ុណ្ណោះ និងពេលដាំដំបូងៗពុំសូវមានអ្នកស្គាល់ប៉ុន្មានទេ ប៉ុន្តែបន្ទាប់ពីបានទទួលទានតៗគ្នាមក ធ្វើឱ្យបន្លែមួយនេះទទួលបានការគាំទ្រខ្ពស់នៅលើទីផ្សារថែមទាំងផ្គត់ផ្គង់មិនគ្រប់គ្រាន់ទៀតផង។
អ៊ំស្រីបន្តថា ដើមឡើយជនជាតិថៃបានមកផ្សព្វផ្សាយលក់គ្រាប់នៅក្នុងភូមិ តែពុំមានអ្នកចាប់អារម្មណ៍ដាំនោះទេ ហើយដោយសារតែចង់ដឹង គ្រួសារលោកអ៊ំក៏ទិញគ្រាប់យកមកដាំសាក ល្បងលើផ្ទៃដីចំនួនមួយរ៉ៃ(40មx40ម) ហើយក៏ទទួលបានទិន្នផលដូចការផ្សព្វផ្សាយរបស់គេមែន។ ដំបូងឡើយបានចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែរហូតដល់អាយុ 8ខែទើបអាចប្រមូលបានចន្លោះពី8 ទៅ10គីឡូក្រាមជារៀងរាល់ថ្ងៃមិនដែលអត់នោះទេ ហើយបោះឱ្យម៉ូយយកទៅលក់បន្តនៅខេត្តសៀមរាប និងក្រុងភ្នំពេញក្នុងតម្លៃតែ 3.50ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម ចំណែកម៉ូយគេយកទៅលក់បោះដុំបន្ត ឬលក់រាយបានប្រហែល 5ដុល្លារក្នុងមួយគីឡូក្រាម។
អ៊ំស្រីបានបញ្ជាក់ថា “បច្ចុប្បន្នមានឈ្មួញមករកទិញដែរ តែដោយសារយើងដាំបានតិចពេក គេមិនទទួលយកទេ បើសិនប្រមូលផលបាន 30គីឡូក្រាមក្នុងមួយថ្ងៃគេនឹងចាំទិញដុំតែម្តង ហើយពេលនេះខ្ញុំកំពុងតែពង្រីកដីថែមមួយរ៉ៃទៀតហើយ។ សម្រាប់គ្រួសារលោកអ៊ំ បច្ចុប្បន្នកំពុងតែកាប់ដំណាំមួយចំនួនចោលដើម្បីពង្រីកដីដាំដុះបន្លែទំពាំងបារាំងនេះ ទោះបីវាជួបការលំបាកក្នុងការធ្វើស្មៅ និងស្រោចទឹកបន្តិចក៏ដោយ ប៉ុន្តែវាផ្តល់ផលប្រយោជន៍បានច្រើន ដោយក្នុងមួយហិកតាអាចប្រមូលផលលក់បានប្រហែល 100ដុល្លារដែរក្នុងមួយថ្ងៃ ហើយថែមទាំងផ្តល់ទិន្នផលបានច្រើនឆ្នាំទៀតផងទម្រាំតែវាងាប់ដើមទៅវិញ។
ការដាំដំណាំបន្លែទំពាំងបារាំងនេះដំបូងឡើងគេត្រូវយកគ្រាប់ទៅដាក់បណ្តុះក្នុងកូនកន្ទោង ប្រហែលជាមួយសប្តាហ៍ រួចមកកូនទំពាំងបារាំងនឹងចាប់ផ្តើមដុះ ហើយត្រូវស្រោចទឹកឱ្យសើមល្មមជាប្រចាំ និងដាក់ជីទើបកូនទំពាំងបារាំងលូតលាស់បានល្អ។ រហូតដល់ 3ខែទើបយកកូនទាំងនោះទៅដាក់ដាំនៅតាមរងនីមួយៗ ដែលមានចម្ងាយពីគ្នាប្រហែល1.5ម៉ែត្រ និងត្រូវដាក់ដាំឃ្លាតពីគ្នាប្រហែលកន្លះម៉ែត្រ។ អំឡុងពេលបណ្តុះកូន កសិករត្រូវរៀបចំដីឱ្យល្អ ដោយត្រូវភ្ជួររាស់ដីឱ្យបាន2-3ដង ដើម្បីហាលដីឱ្យបានឆ្អិនល្អ សម្លាប់ស្មៅ និងសម្លាប់មេរោគផ្សេងៗ រួចហើយទើបលើកជារងចន្លោះពីគ្នា1.5ម៉ែត្រ។ រហូតដល់កូនអាយុ 3ខែទើបត្រូវលើកយកមកដាំ ហើយមើលថែទាំបោចស្មៅដាក់ជីកំប៉ុស និងស្រោចទឹករាល់ថ្ងៃ (តែកុំស្រោចច្រើនពេកខ្លាចវាជាំទឹក អាចធ្វើឱ្យកូនទំពាំងបារាំងរលួយដើម) រហូតដល់ 3ខែក្រោយមកទៀត ទើបដើមទំពាំងបារាំងចាប់ផ្តើមដុះកូនចេញមកបណ្តើរៗ និងរហូតដល់អាយុ 8ខែទើបវាឱ្យហុចផលពេញលេញអាចដកលក់បានរាល់ថ្ងៃ។
យោងតាមឯកសារស្រាវជ្រាវបង្ហាញថា ទំពាំងបារាំងមានផ្ទុកជីវជាតិ និងវីតាមីនជាច្រើនដូចជា វីតាមីនអា (A) វីតាមីនសេ (C) វីតាមីនអ៊ី(E) វីតាមីនបេ1 (B1) ហើយសម្បកវាសម្បូរទៅដោយជាតិដែក កាល់ស្យូម(CA) សារធាតុខ្លាញ់ និងមានសារធាតុចិញ្ចឹមផ្សេងៗជាច្រើនទៀតដែលរាងកាយមនុស្សយើងត្រូវការ។ ក្រៅពីនេះ ជាតិកាកសរសៃដ៏ល្អក្នុងដំណាំនេះអាចជួយទប់ទល់ជាតិស្ករនៅក្នុងឈាមមិនឱ្យឡើងខ្លាំង ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ ជួយឱ្យពោះវៀនធំងាយស្រួលធ្វើការ ជួយឱ្យសរសៃសក់មានសុខភាពល្អ ជួយថែរក្សាសុខភាពភ្នែក និងជួយថែរក្សាសុខភាពបេះដូងថែមទៀតផង៕