Skip to content

ឆេះដុំ ក្ដៅងំស្លឹកត្រចៀក​…អាចារ្យធំ ដាក់បណ្ដាសាតារាវាយតប់ខ្មែរសុរិន្ទ្រ តូនី ចា និងហៅថា ជន…

បន្ទាប់ពីមានការភ្ញាក់ផ្អើលពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីដែលតារាសម្ដែងខ្មែរសុរិន្ទ្រ(ថៃ) និងជាតារាហូលីវូដ លោក តូនី ចា(ឬ ចា ផៈនំយីរ៉ាំ) ដែលបានសរសេរសារនៅលើហ្វេសប៊ុកប្រកាសមិនទទួលស្គាល់ថា ក្បាច់ប្រដាល់ថៃ(មួយថៃ) មិនមែនមានដើមកំណើតចេញពីក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ ដូចដែលសារព័ត៌មានចិនបានប្រកាសផ្សាយកាលពីពេលថ្មីនោះទេ។ ភ្លាមៗស្រាប់តែអ្នកលេងបណ្ដាញសង្គមជនជាតិខ្មែរជាច្រើនរូប រួមទាំងលោកអាចារ្យធំផងនោះ បានចេញមុខប្រតិកម្ម និងប្រើសម្ដីតិះដៀលទៅកាន់តារាថៃខ្មែរលើរូបនេះក្ឌាំងៗតែម្ដង។

តាមសំណេររបស់លោក តូនី ចា ឬ ចា ផៈនំយីរ៉ាំ បានសរសេរថា «ថ្មីៗនេះ ខ្ញុំបានឃើញសារឈ្លោះគ្នាទាក់ទងនឹងក្បាច់គុនថៃបុរាណ! ទោះយ៉ាងណាក្បាច់ថៃបុរាណនៅតែជាក្បាច់ថៃបុរាណ ឯក្បាច់ខ្មែរបុរាណ នៅតែជាក្បាច់ខ្មែរបុរាណ ឬ អាចនិយាយម្យ៉ាងទៀតបានថា ក្បាច់គុននៅតែជាក្បាច់គុនមិនសម្គាល់អ្វីទាំងអស់! រឿងដែលសំខាន់បំផុតក្នុងរឿងនេះ គឺជាការគោរពក្បាច់គុន និងគោរពគ្នាទៅវិញទៅមក ក្បាច់គុនមានប្រភពមកពីណាវាមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺទស្សនៈ ប្រសិនបើអ្នកទាំងអស់គ្នាយល់ពីទស្សនៈ ហើយព្រលឹងរបស់អ្នកស្ថិតនៅលើទស្សនៈនៃទ្រឹស្តីនោះ នោះទើបអ្នកក្លាយជាម្ចាស់របស់វា ហើយក្បាច់គុននេះនឹងមានប្រភពពីខ្លួនអ្នក!»។ ការលើកឡើងបែបនេះត្រូវបានតារារូបនេះបង្ហោះក្រោយពេលមានការអះអាងថា ខ្មែរជាម្ចាស់ក្បាច់គុនបុរាណ ខណៈដែលតារាសម្ដែងខាងវាយតប់ តូនី ចា យល់ថា ក្បាច់គុនគ្មានម្ចាស់នោះទេ ឱ្យតែអ្នកហាត់យល់ពីទស្សនៈក្បាច់គុន នោះទើបជាម្ចាស់ពិតប្រាកដ។

គ្រាន់តែបានឃើញសម្ដីបែបនេះភ្លាម អាចារ្យធំបានសរសេរតបទៅកាន់ តូនី ចា ទាំងភាសាខ្មែរ និងអង់គ្លេស រួមទាំងវីដេអូសម្ដីរបស់ តូនី ចា កាលពីប៉ុន្មានឆ្នាំមុនថា  «វីដេអូអនុស្សាវរីយ៍ចុកឈាមដែល ចា ផៈនំយីរ៉ាំ និយាយខ្មែរឱ្យជួយគាំទ្រក្បាច់គុនបុរាណយើង។ ល្បុក្កតោជារបស់ខ្មែរ..ជាក្បាច់គុនបុរាណខ្មែរ»។

«យើងសូមផ្ញើសារទៅកាន់លោក ចា ផៈនំយីរ៉ាំ ថាពាក្យចាស់លោកថា៖ មនុស្សដែលមានទោសអាក្រក់បំផុត គឺមនុស្សភ្លេចកំណើត ភ្លេចសាវតាដើមរបស់ខ្លួន។ លុយ និងកិត្តិយស មនុស្សលើលោកតែងតែប្រាថ្នាចង់បាន តែមហិច្ឆតាទុរយស រហូតដល់ព្រមបោះបង់ចោលដើមកំណើតរបស់ជាតិខ្លួន ភ្លេចគិតអំពីម៉ែឳជីដូនជីតាខ្លួនដែលមានឈាមជ័រជាខ្មែរនៅលើដីសុរិន្ទ្រ គឺជាគំរូដ៏គម្រក់ ដ៏ថោកទាបបំផុតរបស់មនុស្សជាតិ។ ខ្ញុំសូមថ្កោលទោសលោកក្នុងប្រវត្តិសាស្ត្រនៃផែនដីនេះ ដែលលោកជាជនទមិឡហ៊ានរំលាយឈាម សាច់ បំភ្លេចវីរភាពបុព្វការីខ្មែរ។ លោកនឹងត្រូវបណ្ដាសា!!!

ក្នុងនាមខ្ញុំជាខ្មែរម្នាក់ ខ្ញុំសែនសោកស្ដាយនូវទឹកចិត្តដ៏ស្មោះត្រង់របស់ខ្ញុំដែលតែងតែគាំទ្រលោកពីមុនមក។ ឈឺចាប់!..»៕

Leave a Reply

Your email address will not be published. Required fields are marked *