ដាំ​មមាញ​លើដី​ជាង 30អា មួយថ្ងៃ​រកប្រាក់​បាន​ពី 20 ទៅ30ម៉ឺន​រៀល

មមាញ គឺជា​រុក្ខជាតិ​អាហារ​មួយ​ប្រភេទ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​និយម​បេះយក​ដើមខ្ចីៗយកទៅ​ធ្វើជា​បន្លែ​ជ្រក់ លាយ​ជាមួយ​សណ្តែកបណ្តុះ​មាន​រសជាតិ​ឆ្ងាញ់​ពិសា ពិសេស​ញ៉ាំ​ផ្ទាប់​ជាមួយ​ត្រីអាំង (ជា​ម្ហូប​ខ្មែរ​សុទ្ធ) ពិតជា​មានឱជារស​គួរឱ្យ​ចង់​ទទួលទាន​ខ្លាំងណាស់។

កសិករ​ដែល​ដាំ​ដើម​មមាញ​នៅ​ភូមិ​ក្បាលកោះ ឃុំ​កោះ​ខ្សាច់​ជ​ន្លា ស្រុក​ស្អាង ខេត្តកណ្តាល គឺ​អ្នកស្រី​ឯក សៀក​គីម បានឱ្យដឹងថា គ្រួសារ​គាត់​បាន​ប្រកប​របរ​ដាំ​ដើម​មមាញ​លក់ អស់​រយៈពេល 3ឆ្នាំ​មកហើយ​នៅលើ​ផ្ទៃដី 50 គុណ​នឹង70ម៉ែត្រ។ ក្នុង​មួយថ្ងៃ​អាច​កាត់​លក់បាន​ចន្លោះ​ពី20ម៉ឺន​រៀល ទៅ30ម៉ឺន​រៀល និង​ងាយស្រួល​ថែទាំ​ជាង​ដំណាំ​ដទៃទៀត ហើយ​ថែមទាំង​ឆាប់​ទទួលបាន​ផល​ទៀតផង។

អ្នកស្រី​បញ្ជាក់ថា ដាំ​ដើម​មមាញ​មិនសូវ​ជាមាន​សត្វល្អិត​មក​យាយី​នោះទេ គ្រាន់តែ​ប្រើ​ជី​អាច​ម៌​គោ​រោយ​លើ​ថ្នាល​ពេល​ដាំ​ដំបូង ហើយ​ស្រោច​ទឹក​ឱ្យបាន​ជាប់​ជាប្រចាំ ត្រឹមតែ​រយៈពេល1ខែ​ប៉ុណ្ណោះ ដើម​មមាញ​នឹង​ផ្តល់​ផល​អាច​ច្រូត​បាន មាន​ម៉ូ​យមក​ទទួល​ទិញ​ដល់​ចម្ការ ឬ​យកទៅ​បោះ​ឱ្យ​ម៉ូយ​នៅ​ផ្សារ​នាគ​មាស​ក្នុង​ក្រុងភ្នំពេញ​ក៏បាន។

ចំពោះ​វិធីសាស្ត្រ​ដាំ​ដុះ មុនដំបូង​គេ​គ្រាន់តែ​ភ្ជួរ​ដី​ហាល​ចោល​មួយ​សប្តាហ៍ ដើម្បីឱ្យ​ដី​បាន​ឆ្អិន​ល្អ សម្លាប់​មេរោគ និង​កុំឱ្យ​ស្មៅ​ដុះ​ច្រើន រួចហើយ​គេ​លើក​ជា​ថ្នាល ចន្លោះ​មួយ​ម៉ែត្រ​ពី​រង​មួយ​ទៅ​រង​មួយទៀត បន្ទាប់មក​ទើប​យក​ចំបើង​ទៅ​ក្រាល​ពីលើស្តើងៗដើម្បី​ការពារ​ឱ្យ​ដី​រក្សា​សំណើម​បានយូរ រួច​ទើប​យក​គ្រាប់​មមាញ​ទៅ​រោយ​ពីលើ​ថ្នាល ហើយ​ស្រោច​ទឹក​ព្រឹក-ល្ងាច។ រយៈពេល 3ថ្ងៃ​គ្រាប់​មមាញ​នឹង​ដុះ​ពន្លក​ចេញ​ស្លឹក​ពីរ បន្ទាប់ពីនោះ​មិនបាច់​ស្រោច​ទឹកជា​ប្រចាំ​ទេ ត្រូវ​ស្រោច​ទឹក​មួយថ្ងៃ​រំលង​មួយថ្ងៃ ដោយ​មិនបាច់​ថែទាំ​បាញ់ថ្នាំ​សម្លាប់សត្វ​ល្អិត​នោះទេ ព្រោះ​ដើម​មមាញ​មិនមាន​ពពួក​ដង្កូវ ឬ​សត្វល្អិតផ្សេងៗមក​យាយី​ច្រើន​ទេ ហើយ​ត្រឹមតែ​មួយខែ​ដើម​មមាញ​ក៏​នឹង​លូតលាស់​ធំ​ឡើង និង​អាច​កាត់​យកទៅ​លក់បាន​ហើយ។

អ្នកស្រី​បន្ថែមថា ក្នុង​ទំហំ​ដី 50ម៉ែត្រ​គុណ​នឹង 70ម៉ែត្រ គ្រួសារ​គាត់​អាច​ច្រូត​លក់បាន​ចន្លោះ​ពី200គីឡូក្រាម ទៅ300គីឡូក្រាម​ក្នុង​មួយថ្ងៃ ដោយ​លក់​ក្នុងតម្លៃ1,000រៀល ទៅ1,200រៀល​ក្នុង​មួយ​គីឡូក្រាម ទៅតាម​ការ​កុម្ម៉ង​ទិញ​របស់​ម៉ូយ។ ដើម​មមាញ​មិនមែន​ច្រូត​លក់​តែមួយ​ដង​ហើយ​អស់​នោះទេ ពេល​ច្រូត​ម្តង​រួចហើយ ត្រូវ​ស្រោច​ទឹក​ថែទាំ​ដាក់​ជី​ឡើងវិញ​ម្តងទៀត ពេលនោះ​ដើម​មមាញ​នឹង​បែកមែក​លូតលាស់​សាជាថ្មី និង​អាច​កាត់​លក់បាន​ទៀត។

ពោលគឺ​កាត់​វិលជុំ​នៅលើ​ផ្ទៃដី​ទំហំ 50គុណ​នឹង70ម៉ែត្រ​នេះ គេ​អាច​កាត់​មួយថ្ងៃ​ខាន​មួយថ្ងៃ​បាន ប៉ុន្តែ​ទោះយ៉ាងណា​វា​មាន​អាយុកាល​ត្រឹមតែ​ពីរ​ខែ​ប៉ុណ្ណោះ ព្រោះ​ពេលនោះ​ដើម​មមាញ​នឹង​ចាស់ លែងឱ្យ​ផល តែ​គេ​អាច​ទុកឱ្យ​វា​ចេញ​ផ្លែ​ទុក​ធ្វើ​ពូជ​បន្ត ឬ​យក​គ្រាប់​លក់​បន្តបាន ដែលជា​ទូទៅ​គ្រាប់​មមាញ​មួយ​គីឡូក្រាម មានតម្លៃ​ពី 6ទៅ7ម៉ឺន​រៀល។

ទោះយ៉ាងណា ក្រោយពី​មមាញ​ចាស់​ដើម គេ​អាច​ភ្ជួរ​ដី​ហាល​ចោល​សាជាថ្មី ដើម្បី​ដាំ​វា​ឡើងវិញ​ម្ដងទៀត ដោយ​ប្រើ​រយៈពេល​ត្រឹមតែ1ខែ​ដូច​មុន ដើម​មមាញ​ថ្មី​នឹង​ឱ្យ​ហុច​ផល​អាច​កាត់​លក់បាន​ប​ន្ត​ទៀតហើយ ឯ​តម្លៃ​ទៀតសោត​ក៏​នៅ​នឹង​មិនសូវ​ប្រែប្រួល​ទេ ពោលគឺ​នៅត្រឹម1,000រៀល ទៅ1,200រៀល​ក្នុង​មួយ​គីឡូក្រាម​រហូត ដោយសារតែ​មិនសូវមាន​អ្នក​ដាំ​ច្រើន៕

Advertisement