ក្រសួង​នឹង​ចាត់វិធានការ​តឹងរ៉ឹង​លើ​អាជីវកម្ម​ទេសចរណ៍​គ្មាន​ច្បាប់​អនុញ្ញាត

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ជំរុញ​ជាថ្មី​ដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ត្រូវ​ស្នើសុំ​ច្បាប់​អនុញ្ញាត មុននឹង​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន បើ​ពុំ​ដូច្នេះ​ទេ​នឹងត្រូវ​ចាត់វិធានការ​តឹងរ៉ឹង តាមផ្លូវ​ច្បាប់។

ការណែនាំ​របស់​ឯកឧត្តម ថោង ខុន នេះ​ត្រូវ​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ករ​ទេសចរណ៍ វិនិយោគិន​ទេសចរណ៍​នៅ​រមណីយដ្ឋាន​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ​កាលពី​សប្តាហ៍​មុន ដោយ​ក្នុងនោះ ឯកឧត្តម​បានលើកឡើង​នូវ​បញ្ហា​មួយចំនួន​ថា ម្ចាស់​អាជីវកម្ម​សណ្ឋាគា​រ​មួយចំនួន ពេល​មាន​អាជ្ញាប័ណ្ណ​កាស៊ីណូ បែរជា​លែង​មកសុំ​អាជ្ញាប័ណ្ណ​សណ្ឋាគារ ដែល​នេះ​ជាការ​អនុវត្ត​ខុសច្បាប់ បើ​ដូច្នេះ​មន្ទីរ​ទេសចរណ៍​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ណែនាំ​ដល់​ពួកគេ​ឱ្យមក​សុំ​អាជ្ញាប័ណ្ណ​សណ្ឋាគារ​បន្ថែម។ តែបើ​ពួកគេ​មិន​ព្រម​មកសុំ​អាជ្ញាប័ណ្ណ​តាម​នីតិវិធី​ទេ ត្រូវតែ​ទទួល​ការផាកពិន័យ​តាមច្បាប់ ហើយ​បើ​ពួកគេ​នៅតែ​មិន​ព្រមទៅ​បង់​ការផាកពិន័យ​ទៀត​នោះ ត្រូវតែ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន។ ចំពោះ​អាជីវកម្ម​កាស៊ីណូ ក្រោយ​បានទទួល​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ហើយ ត្រូវសុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក​អភិបាលខេត្ត យន្ត មីន បានឱ្យដឹងថា បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ​មាន​សណ្ឋាគារ​ចំនួន 69កន្លែង ផ្ទះសំណាក់ 319កន្លែង ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន 251កន្លែង ម៉ាស្សា 42កន្លែង ឌី​ស្កូ​តែ​ក 5កន្លែង ខារ៉ាអូខេ 12កន្លែង ដឹកជញ្ជូន​ផ្លូវទឹក 40កន្លែង និង​ទីភ្នាក់ងារ​ទេសចរណ៍ 31ក្រុមហ៊ុន។ ទន្ទឹមនឹង​ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ រមណីយដ្ឋាន​ទេសចរណ៍ អាជីវកម្ម និង​សេវាកម្ម​ទេសចរណ៍ថ្មីៗ បានធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន ហើយ​កំពុង​ត្រូវបាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ផងដែរ។

ជាមួយគ្នា​នោះដែរ ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា  អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​ជំ​រុញឱ្យ​ប្រតិបត្តិ​ករ និង​វិនិយោគិន​ទេសចរណ៍ ជាពិសេស​ម្ចាស់​ទីតាំង ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ត្រូវ​ពង្រឹង​ការយកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ហ្មត់ចត់ តាម​ស្មារតី​នៃ​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​វិនិយោគិន​ទេសចរណ៍​ជា​ធរមាន ដើម្បី​ឆ្លើយតប​ក្នុងការ​បង្ការ និង​ទប់ស្កាត់​បទល្មើស​នានា។

ឯកឧត្តម ថោង ខុន បាន​បន្ថែមថា ការអនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​វិនិយោគិន​ទេសចរណ៍​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ទេសចរ​ជាតិ-អន្តរជាតិ ដែល​កំពុង​កើន​ឡើងជា​រៀងរាល់ឆ្នាំ ដោយនៅ​ឆ្នាំ2017 កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ 5.6លាន​នាក់ កើនឡើង 12%។

តាម​ការ​ព្យាករ នៅ​ឆ្នាំ2020 កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​យ៉ាងតិច 7លាន​នាក់ ក្នុងនោះ​តំបន់ឆ្នេរ​សមុទ្រ​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ 2លាន​នាក់ និង​ទេសចរ​ជាតិប្រមាណ 4លាន​នាក់។

នៅ​ឆ្នាំ2017 ខេត្ត​ព្រះសីហនុ​ទទួលបាន​ទេស​ចរ​ជាតិ​ជាង 1លាន​នាក់ និង​ទេសចរ​អន្តរ​ជាតិប្រមាណ 47ម៉ឺន​នាក់ កើនឡើង 16% ក្នុងនោះ​ទេសចរ​ចិន​មាន​ចំនួន 12ម៉ឺន​នាក់ កើនឡើង 126% ស្ថិតក្នុង​លំដាប់​ទី1។ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុកថា ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​នោះ ឆ្នេរសមុទ្រ​កម្ពុជា​ក៏ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​ជា «ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​បំផុត​លើ​សកលលោក» និង​ប្រសិទ្ធ​នាម​ថា​ជា «តារា​រះ​នា​ទិសនិរតី»ផងដែរ៕

Advertisement