ស្របពេលដែលផ្លូវជាតិលេខ 3 ពីភ្នំពេញទៅខេត្តកំពត និងផ្លូវជាតិលេខ 7 ពីភ្នំពេញភ្ជាប់ទៅខេត្តកំពង់ចាមមានសភាពខូចខាត សឹករេចរឹលជាច្រើនកន្លែងហើយនោះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចំណាយទឹកប្រាក់ប្រមាណជាជិត 17លានដុល្លារអាមេរិកដើម្បីជួសជុលផ្លូវទាំងពីរនេះឱ្យមានសភាពល្អប្រសើរឡើងវិញ។
នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Ltd កាលពីថ្ងៃទី5 ខែកុម្ភៈ ម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ការចំណាយប្រាក់ដ៏សន្ធឹកសន្ធាប់នេះ គឺដើម្បីលើកកម្រិត និងថែទាំផ្លូវជាតិលេខ 3 និង លេខ 7 ដោយក្នុងគម្រោងជួសជុលកំណាត់ផ្លូវជាតិទាំងពីរនេះ គឺនឹងធ្វើការលើកកម្រិតផ្លូវពីកម្រាលកៅស៊ូ DBST បច្ចុប្បន្នទៅជាកម្រាលកៅស៊ូ AC ហើយនឹងធ្វើការស្ថាបនាលូសងខាងផ្លូវដើម្បីរំដោះទឹកភ្លៀងចេញទៀតផង។
គួរបញ្ជាក់ថា ការងារលើកកម្រិតផ្លូវជាតិទាំងពីរខ្សែនេះប្រកបដោយ ការងារស្ថាបនាក្រាលកៅស៊ូ AC រយៈពេល 18ខែ ហើយបន្តថែទាំរយៈពេល 36ខែ សរុប 54ខែ ដែលនឹងចាប់ផ្ដើមការដ្ឋានពីខែមេសា ឆ្នាំ2018 រហូតដល់ខែកញ្ញា ឆ្នាំ2022 ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោកលេខ 5789-KH គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ 2 (Road Asset Management Project II – RAMP II) ដែលមានប្រវែងសរុប 111.3 គ.ម និងចំណាយទឹកប្រាក់សរុបចំនួន 16,969,422.59 ដុល្លាអាមេរិក។
ក្នុងគម្រោង RAMP-II ដដែលនេះ រាជរដ្ឋាភិបាលបានស្នើទៅធនាគារពិភពលោកដើម្បីខ្ចីហិរញ្ញប្បទានសម្បទាចំនួន 110លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់លើកកម្ពស់កម្រិតផ្លូវជាតិលេខ 4 ដោយក្រាលកៅស៊ូ AC ស្ថាបនាចិញ្ចើមកៅស៊ូ AC និងបន្ថែមនូវប្រព័ន្ធប្រឡាយដែលចាំបាច់ ដើម្បីធានាឱ្យផ្លូវជាតិលេខ 4 អាចធ្វើដំណើរបានគ្រប់រដូវកាល។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោកកំពុងរៀបចំឯកសារបច្ចេកទេសសម្រាប់ហិរញ្ញប្បទាន 110លានដុល្លារអាមេរិកនេះ ហើយនឹងដាក់ជូនក្រុមប្រឹក្សានាយកធនាគារពិភពលោកសម្រេចក្នុងខែមិថុនា ឆ្នាំ2018 ដែលការដ្ឋានសាងសង់អាចនឹងដំណើរការនៅដើមឆ្នាំ2019៕