ទឹកប្រាក់ 40លាន​ដុល្លារ​នៃ​គម្រោង​វិនិយោគ​ចំនួន5 ត្រូវបាន​អនុម័ត​មុនគេ​នៅ​ដើមឆ្នាំ2018

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​លើ​គម្រោង​វិនិយោគ​ចំនួន5 ដែលមាន​ទឹកប្រាក់​វិនិយោគ 40លាន​ដុល្លារ​នៅ​សប្តាហ៍​ដំបូង​នៃ​ឆ្នាំ2018 ដែល​គម្រោង​វិនិយោគ​ទាំងនោះ​ស្ថិតនៅក្នុង​ខេត្ត និង​ក្រុងផ្សេងៗពីគ្នា។

ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញថា នៅក្នុង​សប្តាហ៍​ទី1នៃ​ខែមករា ឆ្នាំ2018នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​អនុម័ត​លើ​គម្រោង​វិនិយោគ​ចំនួន 5 ផ្សេងគ្នា​មានតម្លៃ​ទុនវិនិយោគ​ជិត 40លាន​ដុល្លារ ដោយ​ផ្តោតលើ​រោងចក្រ​កែច្នៃ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​រោងចក្រ​ផលិត​ស្បែកជើង។ ទិន្នន័យ​នៃ​ការអនុម័ត​លើ​គម្រោង​វិនិយោគ​បន្ថែម​នេះ គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​វិជ្ជមាន​សម្រាប់​វិស័យសេដ្ឋកិច្ច​កម្ពុជា បន្ទាប់ពី​មាន​ក្តី​ព្រួយបារម្ភ​មួយចំនួន​ចំពោះ​លទ្ធភាព​នៃ​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ2018នេះ​ដែល​រង​ឥទ្ធិពល​មកពី​បញ្ហានយោបាយ។

ក្រុមហ៊ុន​ដែល​ទទួលបាន​ការអនុម័ត​ជា​ផ្លូវការ​ពី​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រូ​ម​មាន ៖ ទី1 គឺ​ក្រុមហ៊ុន “RED BOAT ENTERPRISE CO., LTD” ដោយ​ក្រុមហ៊ុន​នេះ​មាន​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ និង​កែច្នៃ​ម្ហូបអាហារ (ត្រី Anchovies ទឹកត្រី និង​ស្ករត្នោត)។ ក្រុមហ៊ុន​នេះ​នឹង​បោះទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ1 ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ 2.83លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 384កន្លែង។

ទី2 គឺ​ក្រុមហ៊ុន​“GLOBAL HOUSE (CAMBODIA) CO., LTD” ។ ក្រុមហ៊ុន​នេះ​មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ក្រុមហ៊ុន​នេះ​បាន​ទម្លាក់​ទុនវិនិយោគ​ចំនួន 10លាន​ដុល្លារ​ក្នុងពេល​អនាគត និង​អាចបង្កើត​ការងារ​បាន​ចំនួន 2.000កន្លែង។ ទី3 គឺ​ក្រុមហ៊ុន “METRO LIFESTYLE DEVELOPMENT CO., LTD” មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​មណ្ឌល2 សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប។

ក្រុមហ៊ុន​នេះ​មាន​ទុនវិនិយោគ​ប្រមាណ 19.49លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 135កន្លែង​ក្នុងពេល​ដំណើរការ។ ទី4 គឺ​ក្រុមហ៊ុន​“SANYO PACKAGE ASIA (CAMBODIA) CO., LTD” ដោយមាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ក្រដាស​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដីឡូត៍​លេខ142 ភូមិ​លំ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មាន​ទុនវិនិយោគ​ប្រមាណ 2.22លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 76កន្លែង។

ចំណែក​ទី5 គឺ​ក្រុមហ៊ុន “GRAND ORIENTAL FOOTWEAR INTERNATIONAL CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ4 ភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ 4.51លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន 1.575កន្លែង។ ក្នុង​ដើមឆ្នាំ2018 ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានស្នើ​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​គាំទ្រ​ឲ្យ​មានការ​បង្កើត​នូវ​តំបន់​ពិសេស​មួយ​សម្រាប់​អភិវឌ្ឍ​សហគ្រាស​ខ្នាតតូច និង​មធ្យម​ក្នុងស្រុក​ដែល​ផ្នែក​ឯកជន​យល់ថា វា​នឹង​ជួយ​សម្រួល​ដល់​ការតភ្ជាប់​អគ្គិសនី​មានតម្លៃ​ថោក និង មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ល្អ​ដែល​ងាយស្រួល​ដល់​ការអភិវឌ្ឍ​ការកែច្នៃ​ផលិតផល​កសិកម្ម​ក្នុងស្រុក៕

Advertisement