ខ្សែប្រយុទ្ធ Charlie Austin របស់ Southampton ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើហិង្សា និងបានរងពិន័យព្យួរ3ប្រកួត ក្រោយពីបានទាត់អ្នកចាំទី Jonas Lossl របស់ក្រុម Huddersfield ចំផ្ទៃមុខ ក្នុងពេលក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 កាលពីថ្ងៃសៅរ៍។ ខ្សែប្រយុទ្ធរបស់ក្រុម Southampton រូបនេះ ត្រូវបានមើលឃើញថា បានទាត់អ្នកចាំទី Lossl ចំច្រមុះ ដែលបានធ្វើឲ្យអ្នកចាំទីរូបនោះ ហូរឈាមពេញផ្ទៃមុខ និងត្រូវការការព្យាបាល់រយៈពេល 4នាទី។
Austin ដែលក្រោយមកត្រូវបានប្តូរចេញដោយសារតែរបួសសរសៃពួរគន្លាក់ជើងនោះ មិនត្រូវបានផ្តល់ការពិន័យដោយអាជ្ញាកណ្តាលភ្លាមៗឡើយ ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសហៅកាត់ថា FA បានសម្រេចចិត្តដាក់ពិន័យព្យួរ 3ប្រកួត ក្រោយពីបានត្រួតពិនិត្យមើលលើឧប្បត្តិហេតុនេះ។ FA បានប្រកាសថា៖ Charlie Austin នឹងត្រូវជាប់ពិន័យព្យួរសម្រាប់ការប្រកួត 3លើកបន្ទាប់របស់ Southampton ក្រោយពីរូបគេត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើហិង្សា។
រូបគេបានទទួលការចោទប្រកាន់នេះ ប៉ុន្តែបានធ្វើការតវ៉ាថា ការដាក់ពិន័យព្យួរមានទំហំធំពេកហើយ។ ការតវ៉ានេះ ត្រូវបានច្រានចោលដោយក្រុមប្រឹក្សាវិន័យឯករាជ្យ។ Austin វ័យ 28ឆ្នាំនឹងត្រូវអវត្តមានក្នុងការប្រកួត 3លើកបន្ទាប់របស់ក្រុម Southampton ពោលគឺការប្រកួតនៅលើទឹកដីក្រុម Tottenham និង Manchester United ក៏ដូចជាការប្រកួតលើទឹកដីខ្លួនឯង ជាមួយនឹងក្រុម Crystal Palace នាថ្ងៃទី2 ខែមករា ឆ្នាំ2018៕
ប្រភពពី៖ The Sun