កម្ពុជា-ចិន ឯកភាពគ្នា​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

ភ្នំពេញ៖ ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរឡើង ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា និង​ក្រសួងពាណិជ្ជកម្ម​របស់​ប្រទេស​ចិន បាន​ឯកភាពគ្នា​បង្កើត​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ក្នុង​យុគសម័យ​បច្ចេកវិទ្យា​នេះ ដោយបាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។

អនុស្សរណៈ​ថ្មី​នេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រី​ស្តីទី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ឯកឧត្តម WANG Bingnan អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) ដើម្បី​ជំរុញ​វិស័យនេះ​ឱ្យមាន​ទំនាក់ទំនង​កាន់តែ​ប្រសើរឡើង ក៏ដូចជា​ផ្តល់​ភាពងាយស្រួល​សម្រាប់​វិនិយោគិន​ប្រទេស​ទាំងពីរ​ដែរ។

អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​សម្រាប់​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ (One Belt One Road Initiative) របស់​រដ្ឋាភិបាល​ចិន ដែល​អាច​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​ពី​ប្រទេស​ចិន​មក​កម្ពុជា​ដើម្បី​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា។តាមរយៈ​អនុស្សរណៈ​នេះ ភាគី​ទាំងពីរ​នឹង​សហការគ្នា​ដើម្បី​បង្កើត​បរិយាកាស​ឱ្យមាន​អំណោយផល​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក ក្រោម​គោលបំណង​ទទួលបាន​ផលប្រយោជន៍​ទៅវិញទៅមក​ដូចខាងក្រោម​នេះ៖

1.ស្វែងយល់​គ្រប់​ច្រកល្ហក​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក ដូចជា​ការសិក្សា​រួម​កម្មវិធី​បណ្ដុះបណ្ដាល​ស​ម​ត្ថ​ភាព ជំនួយ​បច្ចេកទេស​លើ​ការបង្កើត​ក្របខ័ណ្ឌ​ច្បាប់ និង​ការអនុវត្ត​ច្បាប់ ព្រមទាំង​ចែករំលែក​បទពិសោធ​ស្ដីពី​ការកំណត់​គោលនយោបាយ និង​ការគ្រប់គ្រង​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​ដោយ​រដ្ឋាភិបាល។ល។

2.ភាគី​ទាំងពីរ​នឹង​លើកទឹកចិត្ត​ឱ្យ​សហគ្រាស​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក រួមមាន​ការជំរុញ​ពាណិជ្ជកម្ម​លើ​ផលិតផល​ទៅវិញទៅមក​ពីសា​មី​ប្រទេសរៀងៗខ្លួន តាមរយៈ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក។

3.ភាគី​ទាំងពីរ​នឹង​គាំទ្រ​សកម្មភាព​សហប្រតិបត្តិ​កា​រលើ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក តាមរយៈ​ការផ្លាស់ប្ដូរ​បទពិសោធ​អាជីវកម្ម ការបណ្ដុះបណ្ដាល និង​ការកសាង​សមត្ថភាព និង​ការផ្លាស់ប្ដូរ​បទពិសោធ​អនុវត្តល្អៗ និង​ន​វា​នុ​វត្ដ​ន៍ថ្មី។

ដើម្បីឱ្យ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ល្អប្រសើរ​ឡើង កម្ពុជា​នឹង​ត្រៀមខ្លួន​រៀបចំ​ដូចជា ៖

1-យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក

2-ហេដ្ឋារចនាសម្ព័ន្ធ​ទំនាក់ទំនង​ទូរគមនាគមន៍

3-កិច្ច​សម្រួល​ពាណិជ្ជកម្ម​អេឡិចត្រូនិក

4-Online Payment Gateway

និង 5-ធនធានមនុស្ស​លើ​វិស័យ​អេឡិចត្រូនិក។

ជាមួយគ្នានេះដែរ កម្ពុជា​បាន​សំណូមពរ​ឱ្យ​ភាគី​ចិន​បង្កើត​កម្មវិធី​ទស្សនកិច្ច​សិក្សា និង​បណ្តុះបណ្តាល​សមត្ថភាព​ដ​ល់​មន្ត្រី​ជំនាញ​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ធនាគារជាតិ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាដើម។

ឯកឧត្តម កឹម ស៊ីថន បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ខាងលើ​អំពី​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា-ចិន​ឆ្នាំ2016 ដែលមាន​ចំនួន 4,760 លាន​ដុល្លារ​អាមេរិក (កើនឡើង​ប្រមាណ 7.3% បើ​ធៀប​នឹង​ឆ្នាំ2015) ជាពិសេស​រហូតមកដល់​បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​បាន​ឈានឡើង​លើសពី 5,000 លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2017 ដែល​ចំនួន​នេះ លើសពី​ការរំពឹងទុក​ដែល​កំណត់ដោយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ។

ចំណែក​ឯកឧត្តម​អនុរដ្ឋមន្ត្រី​ចិន មានជំនឿថា​ក្រោយពី​មាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នឹង​កាន់​តែមាន​សម្ទុះ​យ៉ាងខ្លាំង​បន្ថែមទៀត ហើយនឹង​កើនឡើង​ដល់ 6,000លាន​ដុល្លារ​អាមេរិក នៅត្រឹម​ឆ្នាំ2020៕

Advertisement