ម៉ូតូ​អគ្គិសនី Yadea F 200 ABS ជា​ផលិតផល​សហការ​ជាមួយ Porsche

ម៉ូតូ​អគ្គិសនី​ថ្មី​របស់​ក្រុមហ៊ុន Yadea សហការ​ជាមួយ​ក្រុមហ៊ុន Porsche បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 14.7 សេះ អាច​ជិះ​បាន​ចម្ងាយ 129 គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​មួយ​ពេញ។

ក្រុមហ៊ុន​ផលិត​ម៉ូតូ​ចិន Yadea បានបង្ហាញ​ម៉ូតូ​អគ្គិសនី​ម៉ូ​ដែល F 200 ABS មាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​ម៉ូតូ​សាំង 125cc។ ម៉ូតូ​នេះ​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 14.7 សេះ, កម្លាំង​រមួល​កង់ 235 Nm ជួយ​ឱ្យ​បង្កើនល្បឿន​ពី 0-50 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើពេល​តែ 2.5 វិនាទី ហើយ​អាចធ្វើ​ដំណើរ​បាន 100 គីឡូម៉ែត្រ/ម៉ោង និង​រត់​បាន​ចម្ងាយ 129 គីឡូម៉ែត្រ​បន្ទាប់ពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ។

ក្រៅពី​កម្លាំង ចំណុច​ពិសេស​ផ្សេងទៀត​របស់ Yadea F 200 ABS គឺ​រូបរាង។ ក្រុមហ៊ុន​ចិន Yadea និយាយថា F 200 ABS របស់​ខ្លួន​គឺ​ជា​ផលិត​ផល​ដែល​​កើត​ចេញ​ពី​កិច្ច​​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Porsche​។ រូបរាង​របស់​ម៉ូតូ​នេះ​​យក​តាម​​​គំនិត​នៅក្នុង​កិច្ចការ​ឆ្លាក់ រួម​ផ្សំ​នឹង​​ចំណុច​លេចធ្លោ​​របស់​​រថយន្ត Porsche។

F 200 ABS បំពាក់​អំពូល​ភ្លើង​ពេល​ថ្ងៃ​ដ៏​លេចធ្លោ និង​អំពូល LED មួយគូ​នៅ​ខាងមុខ​ ហើយ​ក្បាល​របស់​ម៉ូតូ​នេះ​ក៏មាន​របាំង​​ការ​ពារ​ខ្យល់​​។ ចំណែក​​​អំពូល​ភ្លើង​ខាងក្រោយ និង​អំពូល​ភ្លើង​ហ្វ្រាំង គឺ​យក​តាម​គំនិត​ស្ដី​​ពី​​ពាណិជ្ជ​សញ្ញា​​របស់ Yadea។

Yadea F 200 ABS មាន​តា​ប្លូ​ឌីជីថល និង​ឃ្លុប​ក្រោម​កែប ទំហំ​ធំ។ កង់​ទី​ពីរ​របស់​ម៉ូតូ​នេះ​ត្រូវបាន​បំពាក់​ហ្វាំ​ង​ឌី​ស ខណៈ​ថ្ម​ផ្ទុក​អគ្គិសនី​ត្រូវបាន​ដាក់​ក្រោម​ឈ្នាន់។

យោងតាម​ទំព័រ Paultan ក្រុមហ៊ុន Yadea មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​តម្លៃ ថ្ងៃ​ដាក់លក់ ក៏ដូចជា​ទីផ្សារដំបូងៗរបស់ F 200 ABS នេះ​នៅឡើយ៕

Advertisement