វីដេអូ​៖ តំណាង​រាស្ត្រ​ប្រហែល​ម្ភៃ​នាក់​វាយ​តប់​គ្នា​ក្នុង​សភា​នៅ​បូលីវី

តំណាង​​រាស្ត្រ​ច្រើន​រូប​នៅ​សភា​បូលីវី វាយតប់ បោចសក់​គ្នា​នៅក្នុង​សភា​នៅ​ពេល​តំណាង​រដ្ឋាភិបាល​វាយ​ការណ៍​អំពី​ការ​ដាក់​ពន្ធនាគារ​ចំពោះ​អតីត​អភិបាល​​មួយ​រូប​។

រដ្ឋមន្ត្រី​ Eduardo del Castillo កាល​ពី​ថ្ងៃទី 23 ឧសភា ត្រូវ​បាន​សភា​បូលីវី​កោះហៅ​ឱ្យ​ចូល​មក​រាយការណ៍​អំពី​ករណីលោក​​ Luis Fernando Camacho អតីត​អភិបាល​​តំបន់ Santa Cruz និង​ជា​អ្នក​នយោបាយ​ដ៏ល្បី​ឈ្មោះ​របស់​បក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ 12 ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ថា មាន​ផែនការ​ធ្វើ​រដ្ឋប្រហារ​។

លោក Castillo ការ​ពារ​សេចក្ដីសម្រេច​ចំពោះ​ការ​កាត់​ទោស​អតីត​អភិបាល​ Camacho ព្រម​ទាំង​បាន​រិះ​គន់​ថា​ ក្រុម​តំណាង​រាស្ត្រ​បក្ស​របស់​លោក Camacho ជា​ «ក្រុម​ជ្រុល​និយម លួច​ប្លន់ ហិង្សា ចូល​ចិត្ត​រឹប​អូប​ទ្រព្យ​​របស់​ប្រជាជន​បូលីវី»។

​ពេល​លោក Castillo កំពុងនិយាយ​ តំណាង​រាស្ត្រ​មួយ​ក្រុម​របស់​បក្ស​ប្រឆាំង​ នាំ​គ្នា​លើក​បដា​​ប្រឆាំង​នឹង​ការ​ដាក់​ទោស​លើ​លោក Camacho អម​នឹង​អក្សរមួយ​ឃ្លា «រដ្ឋមន្ត្រី​ភេរវកម្ម»។ ក្នុង​ពេល​តំណាង​រាស្ត្រ​មួយ​ក្រុម​ដែល​គាំទ្រ​រដ្ឋាភិបាល​ព្យាយាម​ដណ្ដើម​យក​បដា ភ្លាម​នោះ​ តំណាង​រាស្ត្រ​ប្រហែល​ 20 នាក់​ ភាគ​ច្រើន​ជា​ស្ត្រី ក៏​​ចូល​ទៅ​វាយ​តប់​ និង​បោច​សក់​គ្នា​ក្នុង​សភា។

ប៉ុន្មាន​នាទី​ក្រោយ​មក ហេតុ​ការណ៍​វាយ​តប់​គ្នា​ក៏បាន​បញ្ចប់​នៅ​ពេល​ក្រុម​តំណាង​រាស្ត្រ​ជា​បុរស​ចូល​ធ្វើ​អន្តរាគមន៍​។ ក្នុង​ហេតុ​ការណ៍​នេះ​ពុំ​មាន​អ្នក​រង​របួសធ្ងន់​ធ្ងរ​​នោះ​ទេ​។

នេះ​គឺជា​ហេតុការណ៍​ថ្មី​បំផុត​ដែល​បង្ហាញ​អំពី​ស្ថានការណ៍​ប្រកាន់​បក្ស​ពួក​ក្នុងរឿង​នយោបាយ​នៅ​ ​បូលីវី​ ជា​ប្រទេស​ដែល​បក្ស​ប្រឆាំង​ប្រកាស​ថា សកម្មជន​បក្ស​ប្រឆាំង​ប្រហែល 180 នាក់​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​។

រដ្ឋាភិបាល​របស់​ប្រធានាធិបតី Luis Arce បាន​ចោទ​ប្រកាន់​សកម្មជន​ទាំង​នោះ​ថា បាន​គាំទ្រ​រដ្ឋប្រហារ​ប្រឆាំង​អតីត​ប្រធានាធិបតី​​ Evo Morales កាល​ពី​ឆ្នាំ 2019 និង​ជួយ​ឱ្យលោក​ស្រី Jeanine Anez អ្នក​នយោបាយ​ស្ដាំនិយម​ឡើង​កាន់​អំណាច​។

យោង​តាម AFP លោក Arce ធ្លាប់​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ក្នុង​សម័យ​ប្រធានាធិបតី Morales និង​ត្រូវ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ម៉ិកស៊ិក នៅ​ពេល​លោក Morales ត្រូវ​បាន​ផ្ដួល​រំលំ​។ ក្រោយ​មក លោក Arce ក៏​បាន​ត្រលប់​មក​ប្រទេស​ និង​ត្រូវ​បាន​បោះ​ឆ្នោត​ជា​ប្រធានាធិបតី​បូលីវី​កាល​ពី​ឆ្នាំ 2020​ គ្រា​ដែល​លោក​ស្រី Anez ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៕

Advertisement