រុស្ស៊ី​ថា «ការប៉ះទង្គិច​នុយ​ក្លេ​អែរ​ជិត​មកដល់» ក្រោយ​ពី​​​អង់គ្លេស​គ្រោង​ជញ្ជូន​គ្រាប់​អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្សោយ​ទៅឱ្យ​អ៊ុយ​ក្រែ​ន

Challenge 2

ក្រុមមន្ត្រី​នៅ​ទីក្រុង​មូ​ស្គូ​បាន​ថ្កោលទោស​អង់គ្លេស ទាក់ទិន​នឹង​រឿង​ជញ្ជូន​គ្រាប់​ទម្លុះ​ដែក​មាន​ផ្ទុក​អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្សោយ​ទៅឱ្យ​អ៊ុយ​ក្រែ​ន និង​ព្រមាន​ថា នឹងធ្វើ​ការឆ្លើយតប​យ៉ាង​សមស្រប។

រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​អង់គ្លេស Annabel Goldie កាលពី​ថ្ងៃទី 21 មីនា បានឱ្យដឹងថា ក្នុងចំណោម​គ្រាប់កាំភ្លើង​សម្រាប់​រថក្រោះ​យុទ្ធសាស្ត្រ Challenger 2 ដែល​ប្រទេស​នេះ​គ្រោង​នឹង​ដឹក​ទៅឱ្យ​អ៊ុយ​ក្រែ​ន មាន​គ្រាប់​ទម្លុះ​ដែក​ដែលមាន​ផ្ទុក​អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្សោយ។ យោងតាម Goldie គ្រាប់​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​​ក្នុងការ​កម្ទេច​រថក្រោះ​ទំនើប និង​យាន​ពាស​ដែក។

ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ក្នុង​ថ្ងៃ​ដដែល​បាន​និយាយថា «បើសិន​រឿងនេះ​កើតឡើង រុស្ស៊ី​នឹង​ឆ្លើយតប​យ៉ាង​សមស្រប ដោយសារ​លោកខាងលិច ជារួម បានចាប់ផ្ដើម​ប្រើប្រាស់​អាវុធ​ដែលមាន​ផ្ទុក​សមាសធាតុ​នុយ​ក្លេ​អែរ»។

 

ចំណែក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Shoigu វិញ ក៏បាន​ព្រមាន​ថា ការសម្រេចចិត្ត​របស់​អង់គ្លេស ធ្វើឱ្យ​មូ​ស្គូ និង​បស្ចិម​លោក​ខិត​កាន់តែ​ជិត​ករណី «ប៉ះទង្គិច​នុយ​ក្លេ​អែរ។ ពិតណាស់ រុស្ស៊ី​ក៏មាន​របស់​សម្រាប់​តប​ត»។

ក្រសួងការពារជាតិ​អង់គ្លេស បន្ទាប់មក​ក៏បាន​ចោទ​រុស្ស៊ី​ថា «មាន​ចេតនា​រក​វិធី​ធ្វើឱ្យ​ព័ត៌មាន​ប្រាសចាក​ការពិត»។ អ៊ុយ​រ៉ា​ញូ​ម​ខ្សោយ «មិន​ទាក់ទង​នឹង​អាវុធ និង​ថាមពល​នុយ​ក្លេ​អែរ» ហើយ​វា​គឺជា «សមាសធាតុ​ស្ដង់ដា​មួយ» ដែល​ត្រូវបាន​ប្រទេស​នានា​ប្រើប្រាស់ ក្នុងនោះ​មាន​រុស្ស៊ី​ផងដែរ។

Challenge 2

អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្សោយ​គឺជា​ផលិតផល​សំណល់​ពី​ការ​ចម្រាញ់​អ៊ុយ​រ៉ា​ញ៉ូ​ម​ក្នុង​ការផលិត​វត្ថុ​ធាតុ​ថាមពល និង​អាវុធ​នុយ​ក្លេ​អែរ។ វា​មាន​វិទ្យុសកម្ម​ទាប​ជាង​ធៀប​នឹង​លោហធាតុ​នេះ​នៅក្នុង​ធម្មជាតិ ប៉ុន្តែ​បង្ក​ការបារម្ភ​អំពី​ជាតិពុល។ អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្សោយ​តែង​ត្រូវបាន​ផលិត​ជា​គ្រាប់កាំភ្លើង​ទម្លុះ​ដែក ដោយសារ​មាន​ដង់ស៊ីតេ​ខ្ពស់ជាង 70% ធៀប​នឹង​សំណ។

កាលពី​ខែមករា អង់គ្លេស​ប្រកាសថា នឹង​ផ្ដល់ជំនួយ​ជា​រថក្រោះ​យុទ្ធសាស្ត្រ Challenger 2 ដើម្បីឱ្យ​អ៊ុយ​ក្រែ​ន​អាច «វាយ​រុញច្រាន​កងទ័ព​រុ​ស្ស៊»។ Challenger 2 ត្រូវបាន​បង្កើតឡើង​ដើម្បី​កម្ចាត់​រថក្រោះ​របស់​សត្រូវ។ Challenger 2 ត្រូវបាន​ប្រើប្រាស់​នៅក្នុង​សង្គ្រាម​នៅ​បូ​ស្នី-អ៊ែរ​ហ្សេ​ហ្គោ​វីន, កូ​សូ​វ៉ូ និង​អ៊ីរ៉ាក់៕

Advertisement