ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន ថ្លែងថា ដីកាចាប់ខ្លួនលោក ពូទីន ដែលធ្វើឡើងដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិគឺជារឿង «សមហេតុផល» ប៉ុន្តែលោកបានបញ្ជាក់ថា សហរដ្ឋអាម៉េរិក និងសហព័ន្ធរុស្ស៊ីមិនបានទទួលស្គាល់ស្ថាប័ននេះ។
«ខ្ញុំគិតថា នោះគឺជាការសម្រេចចិត្តសមហេតុផល»។ បញ្ហានៅត្រង់ថា ទាំងអាម៉េរិក ទាំងរុស្ស៊ី មិនទទួលស្គាល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ប៉ុន្តែ ខ្ញុំយល់ថា ឥរិយាបថនោះបានបញ្ជូនសារដែលមានភាពខ្លាំងក្លា» លោក បៃដិន ថ្លែងកាលពីថ្ងៃទី 17 មីនា នៅពេលនិយាយដល់ករណីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀស ពូនទីន។
ចំណែកក្រសួងការបរទេសអាម៉េរិកវិញ ក៏បានចោទរុស្ស៊ីថា បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃទី 17 មីនា 2023 តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងស្នងការរបស់ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ Maria Lvova-Belova ក្រោមបទចោទថា «នាំកុមារអ៊ុយក្រែនទៅកាន់រុស្ស៊ីដោយមិនស្របច្បាប់»។ ICC យល់ថា សកម្មភាពខាងលើរបស់រុស្ស៊ីត្រូវបានធ្វើឡើងបន្ទាប់សង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង។
ដីកាតុលាការ ICC ត្រូវបានដាក់ចេញក្រោយពីមានការស៊ើបអង្កេតស្ដីពីការចោទប្រកាន់ដែលថា រុស្ស៊ីប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាម និងប្រឆាំងមនុស្សជាតិទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន។
អំពីទ្រឹស្ដី ដីការបស់ ICC តម្រូវឱ្យប្រទេសទាំង 123 ជាសមាជិក ចាប់ខ្លួនប្រធានាធិបតី ពូទីន និងនាំទៅកាន់ប្រទេសហូឡង់ដើម្បីកាត់ទោស បើសិនលោក ពូទីន មានវត្តមាននៅលើទឹកដីរបស់ពួកគេ។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញវាយតម្លៃថា សេណារីយោនេះពិបាកនឹងកើតឡើង។
សហរដ្ឋអាម៉េរិក និងសហព័ន្ធរុស្ស៊ី ធ្លាប់បានចូលជាសមាជិក ICC តែបានដកខ្លួន និងមិនទទួលស្គាល់ស្ថាប័ននេះ។ ប្រទេសធំៗមួយចំនួនផ្សេងទៀត មានជាអាទិ៍ សាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋឥណ្ឌាជាដើម ក៏មិនមែនជាសមាជិក និងមិនទទួលស្គាល់អំណាចរបស់ ICC៕