អាជ្ញាធររបស់នាយករដ្ឋមន្ត្រី Modi បានដាក់ឯកសារឡើងទៅតុលាការកំពូលរបស់ឥណ្ឌា ដើម្បីច្រាលចោលសំណើរបស់គូស្នេហ៍ភេទទីបី (LGBT) ដែលស្នើសូមឱ្យទទួលស្គាល់អាពាហ៍ពិពាហ៍របស់មនុស្សភេទដូចគ្នា។
ក្រសួងយុត្តិធម៌ឥណ្ឌាជឿថា បើទោះជាទំនាក់ទំនងក្នុងសង្គមអាចមានរូបភាពច្រើនយ៉ាង ប៉ុន្តែអាពាហ៍ពិពាហ៍ដែលស្របច្បាប់គឺសម្រាប់គូស្នេហ៍មានភេទផ្ទុយគ្នា ហើយរដ្ឋមានផលប្រយោជន៍ស្របច្បាប់នៅក្នុងការរក្សាប្រការនេះ។
«ការណ៍ដែលមនុស្សភេទដូចគ្នារស់នៅក្នុងនាមជាភរិយាស្វាមី និងមានទំនាក់ទំនងផ្លូវភេទ មិនអាចប្រៀបប្រដូចទៅនឹងនិយមន័យគ្រួសាររបស់ឥណ្ឌា ដែលរួមមានភរិយា ស្វាមី និងកូន» ឯកសារពីក្រសួងយុត្តិធម៌មានឃ្លាសរសេរដូច្នេះ។ តុលាការមិនអាចត្រូវបានគេស្នើឱ្យ «ប្ដូរផ្លាស់គោលនយោបាយបង្កើតច្បាប់របស់ប្រទេសជាតិដែលបានចាក់ឫសជ្រៅទៅក្នុងបទដ្ឋានសាសនា និងសង្គម»។
នៅក្នុងសេចក្ដីសម្រេចជាប្រវត្តិសាស្ត្រមួយកាលពីឆ្នាំ 2018 តុលាការកំពូលឥណ្ឌា បានកែប្រែច្បាប់ដែលដាក់ទោសព្រហ្មទណ្ឌចំពោះគូស្នេហ៍ភេទដូចគ្នា ដោយបានលុបចោលការហាមប្រាមចំពោះទំនាក់ទំនងផ្លូវភេទរបស់មនុស្សភេទដូចគ្នាដែលមានតាំងពីសម័យអាណានិគម។
នៅក្នុងប៉ុន្មានខែចុងក្រោយនេះ យ៉ាងហោចណាស់មានញត្តិចំនួន 15 ត្រូវបានដាក់ឡើងទៅតុលាការកំពូល ដើម្បីស្នើសូមឱ្យទទួលស្គាល់អាពាហ៍ពិពាហ៍របស់មនុស្សភេទដូចគ្នា ក្នុងបំណងបង្កើតឱ្យមានមូលដ្ឋានច្បាប់សម្រាប់ការប្រឈមមុខជាមួយនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Narendra Modi។
បច្ចុប្បន្ន ទ្វីបអាស៊ី ភាគច្រើននៅតែដើរយឺតជាងលោកខាងលិច នៅក្នុងការទទួលស្គាល់អាពាហ៍ពិពាហ៍របស់មនុស្សភេទដូចគ្នា។ ទំនាក់ទំនងស្នេហារវាងមនុស្សភេទដូចគ្នានៅតែត្រូវបានចាត់ទុកថាជារឿងខុសច្បាប់នៅក្នុងប្រទេសមួយចំនួនទ្វីបនេះ ក្នុងនោះមានជាអាទិ៍ ប្រទេសម៉ាឡេស៊ី និងជប៉ុនជាដើម។
នៅក្នុងលិខិតផ្ញើទៅកាន់តុលាការកំពូលកាលពីថ្ងៃទី 12 មីនា 2023 រដ្ឋាភិបាលឥណ្ឌាបានអះអាងជាថ្មីថា សេចក្ដីសម្រេចរបស់តុលាការកាលពីឆ្នាំ 2018 មិនមែនជាការទទួលស្គាល់សិទ្ធិស្របច្បាប់ជាមូលដ្ឋានចំពោះអាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នាទៅតាមច្បាប់របស់ប្រទេសឥណ្ឌាឡើយ ហើយការផ្លាស់ប្ដូរណាមួយទាក់ទិននឹងរចនាសម្ព័ន្ធច្បាប់គឺសុទ្ធតែត្រូវអនុម័តដោយសភា មិនមែនតុលាការនោះទេ៕