ខ្សែភាពយន្ត​ «Creed 3» រកចំណូលបាន 100 លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ដំបូង

វគ្គ​ទី​បី​របស់ «Creed» ដែល​តួអង្គ​សំខាន់​សម្ដែង និង​ដឹកនាំ​រឿង​ដោយ «បុរស​ទាក់ទាញ​បំផុត​ប្រចាំឆ្នាំ 2020» Michael B. Jordan កំពុង​នាំមុខគេ​នៅ​បញ្ជរ​លក់​សំបុត្រ​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ការចាក់​បញ្ចាំង​ឯ​រោងកុន។

កំពូល​ខ្សែភាពយន្ត​ខាងលើ​រកចំណូលបាន 58.7 លាន​ដុល្លារ​នៅ​អាម៉េរិក​ខាងជើង ខ្ពស់ជាង Ant-Man and the Wasp: Quantumania និង​ក្លាយជា​ភាពយន្ត​មាន​ទស្សនិកជន​ច្រើនជាងគេ​នៅក្នុង​រោង​កុនកាលពី​សប្ដាហ៍​កន្លង។ «Creed 3» ក៏​រកបាន 41.8 លាន​ដុល្លារ​នៅលើ​ទីផ្សារ​អន្តរជាតិ ជួយ​ឱ្យ​ប្រាក់​ចំណូល​សរុប​ទូទាំង​សកលលោក​របស់​ភាព​យន្ត​នេះ​ ​កើនឡើង​ដល់ 100.4 លាន​ដុល្លារ។

តួលេខ​ខាងលើ​ខ្ពស់ជាង​ឆ្ងាយ បើ​ធៀប​នឹង​ការរំពឹងទុក​ពី​ក្រុម​អ្នកជំនាញ។ ពីរ​វគ្គ​ដំបូង​របស់ «Creed» រកចំណូលបាន 29.6 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2015 និង 35.5 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2018។ តម្លៃ​សំបុត្រ​កើនឡើង​ខ្ពស់​នៅឯ​បន្ទប់​បញ្ចាំង​ភាពយន្ត​ Imax ក៏​ជា​មូលហេតុ​​ជួយ​ឱ្យ​វគ្គ​បី​របស់​ខ្សែភាពយន្ត​នេះ​រកប្រាក់​បាន​ច្រើន។

ឈុតខ្លីៗ សំខាន់ៗ​របស់ Creed 3

វគ្គ​បី​និយាយ​អំពី​ជីវភាព​របស់​អ្នក​ប្រដាល់​ល្បីឈ្មោះ Adonis Creed។ ពេលនេះ​គាត់​បាន​ក្លាយជា​តារា និង​ទទួលបាន​ការគាំទ្រ​ច្រើន។ ចៃដន្យ ថ្ងៃមួយ​តួអង្គ​ឯក​បាន​ជួប​មិត្ត​ចាស់ Anderson Dame (សម្ដែង​ដោយ Jonathan Majors) ដែល​ទើបតែ​ចេញពី​ពន្ធនាគារ។ Adonis រក​វិធី​ដើម្បី​ជួយ​ស្ដារ​ជីវភាព​របស់ Anderson ឡើងវិញ។ ប៉ុន្តែ អ្វីដែល Anderson ចង់បាន ​គឺ​ជីវភាព​​ពេញ​ដោយ​ភាពជោគជ័យ​របស់ Adonis ជា​រឿង​ដែល Anderson គិតថា ដើមឡើយ​វាយ​ជា​របស់ខ្លួន បើសិន​មិន​ប្រថុយ​ជួយ​ដល់ Adonis កាលពី​ប៉ុន្មាន​ឆ្នាំមុន។

Creed គឺជា​វគ្គ​ចុងក្រោយ​របស់​យីហោ Rocky របស់ Sylvester Stallone។ តួអង្គ​សំខាន់​ក្នុង​ខ្សែភាពយន្ត​នេះ​គឺជា​កំពូល​អ្នក​ប្រដាល់ Adonis Creed កូនប្រុស​របស់​ម្ចាស់​ជើងឯក Apollo Creed។ វគ្គ​មួយ​របស់​ខ្សែភាពយន្ត​ដែល​ចាប់​បញ្ចាំង​កាលពី​ឆ្នាំ 2015 បានទទួល​ជោគជ័យ និង​ទទួលបាន​បេក្ខភាព Oscar។ Michael B. Jordan មានឈ្មោះ​ល្បី​បន្ទាប់ពី​សម្ដែង​ជា​តួអង្គ​ឯកក្នុង​រឿង Creed។ ខ្សែភាពយន្ត​នេះ​ក៏​ជួយ​ឱ្យ Jordan ទទួលបាន​ការចាប់អារម្មណ៍​ពី Marvel និង​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​សម្ដែង​ក្នុង​រឿង Black Panther៕

Advertisement