សេវាកម្មអ៊ីនធើណិតផ្កាយរណប Starlink ដែលមានតម្លៃប្រហែល 49 ដុល្លារអាម៉េរិក/ខែ ចាប់ផ្ដើមផ្គត់ផ្គង់តាំងពីម្សិលមិញ (22 កុម្ភៈ) នៅហ្វ៊ីលីពីន ហើយគ្រោងនឹងផ្គត់ផ្គង់នៅកម្ពុជា និងប្រទេសមួយចំនួនទៀតនៅអាស៊ីអាគ្នេយ៍ចាប់ពីឆ្នាំ 2023 នេះ។
«Starlink បានមានវត្តមាននៅហ្វ៊ីលីពីន» គណនី Twitter របស់ SpaceX បានបង្ហោះសារជាភាសាក្នុងស្រុកមួយឃ្លាដូច្នេះកាលពីរសៀលថ្ងៃទី 22 កុម្ភៈ។ មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk ក៏បានចែករំលែកបន្តសារនេះផងដែរ។
នៅក្នុងផែនទីផ្គត់ផ្គង់សេវាអ៊ីនធើណិត Starlink ហ្វ៊ីលីពីនគឺជាប្រទេសដំបូងនៅអាស៊ីអាគ្នេយ៍ដែលត្រូវបានពង្រាយសេវាកម្មនេះ។ ចំណែកប្រទេសកម្ពុជា ម៉ាឡេស៊ី ព្រុយណេ សិង្ហបុរី និងឥណ្ឌូណេស៊ី ក៏គ្រោងនឹងមានសេវាអ៊ីនធើណិត Starlink នៅក្នុងឆ្នាំនេះ ខណៈឡាវនឹងមាននៅឆ្នាំក្រោយ។ ដោយឡែក ប្រទេសថៃ និងវៀតណាម ពុំទាន់ឃើញមានការកំណត់ពេលវេលាជាក់លាក់នៅឡើយ។
ដើម្បីប្រើប្រាស់អ៊ីនធើណិត Starlink អតិថិជននៅហ្វ៊ីលីពីនត្រូវទិញឧបករណ៍ចាប់រលកសញ្ញាតម្លៃ 29,320 ប៉េសូ (ប្រហែល 532 ដុល្លារអាម៉េរិក) និងថ្លៃសេវាអ៊ីនធើណិតប្រចាំខែ 2,700 ប៉េសូ (49 ដុល្លារ) ក្នុងមួយខែ។ ល្បឿននៃការទាញយកទិន្នន័យដោយប្រើប្រាស់អ៊ីនធើណិត Starlink ស្ថិតក្នុងចន្លោះពី 50 ទៅ 200 Mbps៕