ដើម្បី​ភរិយា​និង​កូន Messi មានការ​សម្រេចចិត្ត​សំខាន់​ស្ដីពី​ក្លឹប​អនាគត

នៅក្នុង​ស្ថានភាព​ដែល​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប PSG នឹង​ត្រូវអស់​សុពលភាព​នៅ​ចុងរដូវ​កាល​នេះ Lionel Messi នឹងត្រូវ​ប្រញាប់​សម្រេច​ចិត្ត​ក្នុងការ​ជ្រើសរើស​ក្រុមបាល់ទាត់​អនាគត។

Messi កំពុងស្ថិត​ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ក្លឹប​បារាំង PSG កាលពី​ឆ្នាំ 2021។ ដំណើរការ​នៃ​ការពន្យារ​សុពលភាព​បាន​ឈាន​ចូលដល់​ដំណាក់កាល​សំខាន់ ដែល​បានចាប់ផ្ដើម​ការចរចា​កាលពី​ដើមខែ​នេះ ប៉ុន្តែ​មិនទាន់បាន​ជោគជ័យ។

នេះ​ក៏​ជា​ពេលដែល Messi អាច​ចរចា​ជាមួយ​ក្លឹប​ដទៃ​ដោយ​សេរី។ ចំណែក​បណ្ដា​ក្លឹប​ក៏មាន​ឱកាស​ច្រើន​ក្នុងការ «ចាប់យក» កំពូល​តារាបាល់ទាត់​ពិភពលោក​នេះ។ យោងតាម​ប្រភពព័ត៌មាន​នៅ​អឺរ៉ុប មិន​ត្រឹមតែ​ក្លឹប​ចាស់ Barca នោះទេ ក្លឹប​ជាច្រើន​ក្រៅ​អឺរ៉ុប មានដូចជា Inter Miami (សហរដ្ឋ​អាម៉េរិក) របស់ Beckham ឬ Al Hilal (អា​រ៉ា​ប៊ី​សា​អូឌីត) ជាដើម ក៏​កំពុង​ចាប់អារម្មណ៍​លើ Messi។

ទោះជា​យ៉ាងណាក៏ដោយ ថ្មីៗនេះ ប្រភពព័ត៌មាន​ដែល​ស្និទ្ធ​នឹង El Pulga (Messi) បានបញ្ជាក់​អំពី​បញ្ហា​នេះ។ ជាក់ស្ដែង អ្នកយកព័ត៌មាន Gaston Edul របស់ TyC Sport Argentina ជា​អ្នក​ធ្លាប់​សម្ភាស​ជាមួយ Messi ជា​ញឹកញាប់ បានឱ្យដឹងថា លទ្ធភាព​ដែលថា M10 នឹង​ចាក​ចេញពី​អឺរ៉ុប គឺជា​មាន​កម្រិត​ទាប​ណាស់។

Edul ជឿថា Messi នឹង​ជ្រើសរើស​តែ PSG ឬ Barca ប៉ុណ្ណោះ។ ដោយសារ​កត្តា​គ្រួសារ Messi នឹងមិន​ទៅ​ទាត់​ឱ្យ​ក្លឹប​នៅ​ខាងក្រៅ​អឺរ៉ុប​ឡើយ។ ជាង​នេះ អំឡុងពេល​បច្ចុប្បន្ន ក្រុម​អ្នកគ្រប់គ្រង​របស់ Messi ក៏​ចរចា​ជាមួយ​តែ​ក្លឹប PSG ប៉ុណ្ណោះ ខណៈដែល Barca មិន​ធ្លាប់មាន​សំណើ​ចរចា​ជា​ផ្លូវការ​ណាមួយ​ឡើយ។

ថ្វីបើ​មាន​ពាក្យ​ចចាមអារ៉ាម​ស្ដីពី​ទំនោរ​ចាក​ចេញពី​ប៉ារីស​នៅ​ចុងរដូវ​កាល ប៉ុន្តែ​បើ​គិត​ជារួម ការ​ស្ថិតនៅ PSG ទំនងជា​ល្អ​បំផុត​សម្រាប់ Messi។ ព្រោះថា PSG សន្យាថា​នឹង​រក្សា​ប្រាក់បៀវត្សរ៍ 41 លាន​អឺរ៉ូ/រដូវ សម្រាប់​កីឡាករ​រូបនេះ។ សំខាន់​ជាង​នេះ គឺថា គ្រួសារ​របស់ M10 ក៏​កំពុងមាន​សុភមង្គល និង​រស់នៅ​យ៉ាង​រីករាយ​ជាមួយ​ជីវភាព​នៅ​ប្រទេស​បារាំង៕

Leave a Comment