(ប្រទេសថៃ) – Teerasil Dangda បន្តហាត់ដាច់ដោយឡែកកាលពីល្ងាចថ្ងៃទី 15 មករា ហើយទំនងជាពិបាកនឹងអាចចូលរួមប្រកួតជើងទីពីរនៃវគ្គផ្ដាច់ព្រ័ត្រនៅ AFF Cup 2022 ដែលថៃត្រូវប៉ះវៀតណាមនៅថ្ងៃទី 16 មករានេះ។
ក្រុមកីឡាករជម្រើសជាតិថៃ បានចូលហាត់នៅវេលាម៉ោង 17 និង 10 នាទី កាលពីម្សិលមិញ យឺតជាង 10 នាទីធៀបនឹងការគ្រោងទុកដំបូង។ ក្រុមកីឡាករចាប់ផ្ដើមដោយការរត់លើទីលាននៅកីឡដ្ឋាន Thammasat ប៉ុន្តែ Teerasil បែរជាដើរជាមួយបុគ្គលិកសុខាភិបាលទៅវិញ។
កីឡាករលេខមួយរបស់ថៃ បានរងរបួសត្រង់កំភួនជើងនៅក្នុងការប្រកួតដែលបានឈ្នះក្រុមម៉ាឡេស៊ី 3-0 នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទីពីរ និងមិនបានចូលទាត់វគ្គផ្ដាច់ព្រ័ត្រជើងទីមួយនៅវៀតណាម។ កាលពីថ្ងៃទី 14 មករា Teerasil ក៏មិនបានចូលហាត់ ប៉ុន្តែបានទៅមន្ទីរពេទ្យ។ កីឡាកររូបនេះប្រហែលជាមិនអាចចូលរួមប្រកួតជើងទីពីរនៃវគ្គផ្ដាច់ព្រ័ត្រនៅ AFF Cup 2022 ដែលថៃត្រូវប៉ះវៀតណាមនៅល្ងាចថ្ងៃទី 16 មករានេះទេ។
Teerasil Dangda រកបាន 6 គ្រាប់ស្មើនឹង Tien Linh របស់ក្រុមវៀតណាម ដែលបច្ចុប្បន្នពួកគេកំពុងនាំមុខក្នុងតារាងចំណាត់ថ្នាក់ស្ដេចកម្ទេចទីនៅ AFF Cup 2022។ ខ្សែប្រយុទ្ធកើតឆ្នាំ 1988 នេះធ្លាប់ដណ្ដើមបានតំណែងស្ដេចកម្ទេចសំណាញ់ទីចំនួន 4 លើក នៅ AFF Cup ហើយបច្ចុប្បន្នគឺជាកំពូលថ្វីជើងលំដាប់ទីមួយរបស់ពានរង្វាន់នេះ ដោយរកបាន 25 គ្រាប់។
ក្រោយពីទទួលបានលទ្ធផល 2-2 ពេលប៉ះវៀតណាមក្នុងវគ្គផ្ដាច់ព្រ័ត្រជើងទីមួយនៅកីឡដ្ឋាន My Dinh ក្រុមថៃកាន់តែមានការជឿជាក់នៅពេលធ្វើជាម្ចាស់ផ្ទះ។ នៅកីឡដ្ឋាន Thammasat ថៃទើបតែត្រូវប៉ើងសំណាញ់ទីមួយគ្រាប់ប៉ុណ្ណោះ ពេលបានឈ្នះកម្ពុជា 3-1។
ការប្រកួតរវាងថៃ និងវៀតណាម នឹងចាប់ផ្ដើមនៅវេលាម៉ោង 19 និង 30 នាទី ថ្ងៃទី 16 មករា 2023។ ក្រុមដែលដណ្ដើមបានតំណែងជើងឯកនឹងត្រូវបានប្រធាន FIFA លោក Gianni Infantino ប្រគល់ពានរង្វាន់ដោយផ្ទាល់៕