ប្រទេសនេប៉ាល់ប្រកាសកាន់ទុក្ខមួយថ្ងៃក្រោយពីមានហេតុការណ៍ធ្លាក់យន្តហោះដឹកមនុស្ស 72 នាក់ពេលកំពុងត្រៀមចុះចតនៅឯព្រលានយន្តហោះ Pokhara។
ឧបនាយករដ្ឋមន្ត្រីនេប៉ាល់ Bishnu Poudel បានឱ្យដឹងថា ថ្ងៃនេះប្រទេសនេប៉ាល់កាន់ទុក្ខដើម្បីរម្លឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះយ៉ាងតិច 68 នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Yeti Airlines កាលពីថ្ងៃទី 15 មករា 2023។
ក្រសួងមហាផ្ទៃនេប៉ាល់ ប្រកាសថា នឹងបង្ហូតទង់ជាតិពាក់កណ្ដាលដងដើម្បីរម្លឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងហេតុការណ៍ដ៏សោកសៅនេះ។ រដ្ឋាភិបាលនេប៉ាល់ ក៏បានសម្រេចផ្អាករាល់សេវាកម្មសាធារណៈ លើកលែងតែសេវាកម្មចាំបាច់ និងពន្យារពេលរាល់កម្មវិធីដែលបានគ្រោងទុក នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ Phadindra Mani Pokharel។
ចំណែកក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines ក៏បានផ្អាករាល់ជើងហោះហើរដែលត្រូវបានកំណត់រួចហើយ ក្រោយពីមានហេតុការណ៍នៅ Pokhara។
យន្តហោះ ATR-72 របស់ Yeti Airlines បានជួបគ្រោះថ្នាក់ពេលកំពុងរងវិធីចុះចតលើព្រលានយន្តហោះអន្តរជាតិ Pokhara នៅភាគកណ្ដាលប្រទេសនេប៉ាល់។ អាជ្ញាធរនេប៉ាល់បានឱ្យដឹងថា បានរកឃើញសាកសពជនរងគ្រោះ 68 នាក់នៅកន្លែងកើតហេតុ។
វីដេអូដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមបង្ហាញថា យន្តហោះ ATR-72 កំពុងហោះលើកម្ពស់ទាបខាងលើផ្ទះរបស់ប្រជាជនក៏ស្រាប់តែផ្អៀង 90 អង្សាទៅខាងឆ្វេង។ ក្រោយមកយន្តហោះនោះក៏បាត់ខ្លួនពីអេក្រង់ ប៉ុន្តែ នៅតែឮសំឡេងម៉ាស៊ីន និងសំឡេងប៉ះទង្គិចដ៏ខ្លាំង ដែលទំនងជាសំឡេងយន្តហោះធ្លាក់ដល់ដី។
ATR-72 គឺជាប្រភេទយន្តហោះដឹកអ្នកដំណើរខ្នាតតូច ដែលត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ 1988 និងអាចដឹកមនុស្សបាន 78 នាក់។ យន្តហោះ ATR-72 ជាង 400 គ្រឿងត្រូវបានផលិត និងលក់ឱ្យក្រុមហ៊ុនអាកាសចរណ៍នានានៅលើពិភពលោក។
មុននោះ ប្រទេសនេប៉ាល់ក៏ធ្លាប់មានគ្រោះថ្នាក់ធ្លាក់យន្តហោះដ៏មហារន្ធត់មួយកាលពីឆ្នាំ 1992 ដែលបានសម្លាប់មនុស្ស 167 នាក់។ យន្តហោះដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាននោះ ជួបឧបទ្ទវហេតុនៅពេលព្យាយាមចុះចតនៅរដ្ឋធានីកដ្ឋមណ្ឌូ (Kathmandu)៕