ខ្សែប្រយុទ្ធ Cristiano Ronaldo បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោកក្នុងកម្មវិធីប្រគល់ពានរង្វាន់ Best Fifa Football Awards ឆ្នាំ2017 ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទ។ ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់របស់ក្លិប Real Madrid រូបនេះបានផ្តួលតារាឆ្នើម Lionel Messi របស់ក្លិប Barcelona និងខ្សែប្រយុទ្ធ Neymar របស់ក្លិប Paris St-Germain ដើម្បីឈ្នះពានកិត្តិយសពី FIFA។
Ronaldo វ័យ 32ឆ្នាំ បានជួយឲ្យក្រុម Real ឈ្នះពានទាំងពានក្របខ័ណ្ឌ Champions League និង La Liga ក្នុងរដូវកាលឆ្នាំ2016-2017។ ខ្សែបម្រើអន្តរជាតិហូឡង់ Lieke Martens របស់ក្លិប Barcelona បានជាប់ជាកីឡាការិនីឆ្នើមប្រចាំឆ្នាំរបស់ FIFA ស្របពេលដែលលោក Zinedine Zidane របស់ក្លិប Real Madrid បានឈ្នះពានគ្រូបង្វឹកឆ្នើមបំផុតប្រចាំឆ្នាំ ហើយអ្នកស្រី Sarina Wiegman សញ្ជាតិហូឡង់ ក៏បានជាប់ជាគ្រូបង្វឹកឆ្នើមផ្នែកនារីប្រចាំឆ្នាំផងដែរ។ ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Olivier Giroud របស់ក្លិប Arsenal បានឈ្នះពាន Puskas សម្រាប់ការរកបានគ្រាប់បាល់ដ៏ល្អដាច់គេបំផុតក្នុងឆ្នាំ2017 តាមរយៈការប្រើកែងជើងទាត់បាល់បញ្ចូលទីក្នុងពេលប្រកួតជាមួយនឹងក្រុម Crystal Palace កាលពីខែមករា។
Ronaldo បានស៊ុតបាល់បញ្ចូលទីសរុប44គ្រាប់ ក្នុងការប្រកួត48លើកសម្រាប់ក្លិប និងប្រទេសរបស់គេក្នុងរដូវកាលមកទល់ពេលនេះ ក្នុងនោះរាប់បញ្ចូលទាំងការស៊ុតបាល់បញ្ចូលទី2គ្រាប់ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ 4-1 លើក្រុម Juventus ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុង Cardiff កាលពីថ្ងៃទី3 ខែមិថុនា ផងដែរ។ នេះគឺជាការឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ពិភពលោកជាលើកទី5 របស់គេ ប៉ុន្តែតារាឆ្នើមរូបនេះនៅតែមិនទាន់ស្កប់ចិត្តឡើយ។ Ronaldo បានឲ្យដឹងថា៖ «ខ្ញុំចង់ឈ្នះពាននេះ7លើក។ ការឈ្នះពាននេះ5លើកគឺជារឿងដ៏ល្អ ប៉ុន្តែ លេខ7 គឺជាលេងនាំសំណាង ហេតុនេះ ការឈ្នះពាន7លើក នឹងក្លាយជារឿងដ៏ល្អអស្ចារ្យ»៕
ប្រភពពី៖ BBC