Sialkot គឺជា​ប្រភព​ផលិត និង​ផ្គត់ផ្គង់​បាល់ទាត់ដ៏​ធំ​របស់​​ពិភពលោក

ទីក្រុង​ភាគ​ឦសាន​របស់ ប៉ា​គី​ស្ថាន រួមចំណែក 70% ក្នុង​ប្រភព​ផ្គត់ផ្គង់​បាល់ទាត់​នៅលើ​ពិភពលោក បូក​រួមទាំង​បាល់ទាត់ Al Rihla នៅ World Cup 2022។

រាប់ទាំង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022 នេះ FIFA បាន​ប្រើប្រាស់​បាល់ Al Rihla និង Al Hilm ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Adidas យ៉ាងតិច 300,000 គ្រាប់។ ការផលិត​បាល់​ប្រភេទ​នេះ​ត្រូវបាន Adidas ប្រគល់ឱ្យ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​ប៉ា​គី​ស្ថាន Forward Sport ដោយមាន​រោងចក្រ​ធំជាងគេ​នៅ Sialkot ប្រទេស​ប៉ា​គី​ស្ថាន។

តំណាង​របស់​រោងចក្រ​ខាងលើ​បានឱ្យដឹងថា ពួកគេ​រួមចំណែក 33% នៃ​បរិមាណ​សរុប​របស់​បាល់ Al Rihla។ នេះ​គឺជា​រដូវ​កាល​ទី​បី​បន្តបន្ទាប់​ដែល Forward Sports បាន និង​កំពុង​ផ្គត់ផ្គង់​បាល់​សម្រាប់ World Cup។ World Cup រុស្ស៊ី 2018 Forward Sports បាន​ផ្គត់ផ្គង់​បាល់​ដែលមាន​ឈ្មោះថា Telstar 18 ចំណែក World Cup ប្រេ​ស៊ី​ល 2014 រោងចក្រ​នេះ​ផ្គត់ផ្គង់​បាល់​ឈ្មោះ Brazuca។ World Cup 2022 ក្រុមហ៊ុន Forward Sports បាន​ផលិត​បាល់ Al Rihla ដោយ​ប្រើ​បច្ចេកវិទ្យា​ដែល​ពួកគេ​បាន​អភិវឌ្ឍ​តាំងពី​ឆ្នាំ 2007។

ក៏ប៉ុន្តែ បើ​គិត​ជារួម Forward Sports គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​នៅក្នុង​ភាពល្បីល្បាញ​របស់​ទីក្រុង Sialkot ក្នុង​វិស័យ​ផលិត​ឧបករណ៍​កីឡា​អន្តរជាតិ។ ក្នុង​វិស័យ​បាល់ទាត់ ទីក្រុង​នេះ​មាន​រោងចក្រ​ប្រហែល 1,000 ដែលមាន​កម្មករ​ធ្វើ​ការសរុប​ប្រហែល 60,000 នាក់ (ស្មើនឹង 8% នៃ​ចំនួន​ប្រជាជន​សរុប​របស់​ទីក្រុង​នេះ)។

ដោយមាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស​នេះ Sialkot ត្រូវបាន​គេ​ប្រដូច​ទៅនឹង​រោងចក្រ​ផលិត​បាល់ទាត់​ដែល​ដេរ​ដោយ​ដៃ​ធំ​បំផុត​លើ​ពិភពលោក ដោយ​រួមចំណែក 70% នៃ​ប្រភព​ផ្គត់ផ្គង់ និង 80% នៃ​បរិមាណ​បាល់ទាត់​ដែល​ដេរ​ដោយ​ដៃ។

យោងតាម Bloomberg Businessweek បាល់​ដែល​ដេរ​ដោយ​ដៃ​មាន​ភាព​មាំមួន​​ជាង​បាល់​ដែល​ដេរ​ដោយ​ម៉ាស៊ីន។ បាល់​ស្ទើរតែ​ទាំងអស់​នៅ Sialkot ត្រូវបាន​ផលិត​ពី​ស្បែក​ចម្រុះ (cotton, polyester និង polyurethane)។ វត្ថុធាតុដើម​សម្រាប់​ផលិត​បាល់​នេះ​ត្រូវបាន​នាំចូល​ពី​ច្រើន​ប្រទេស។ បាល់​តម្លៃ​ទាប​បំផុត​គឺ​ប្រើប្រាស់​វត្ថុ​ធាតុ​យកមក​ពី ប្រទេស​ចិន។ ចំណែក​បាល់​គុណភាព​ខ្ពស់ជាង​នេះ​គឺ​ប្រើប្រាស់​វត្ថុ​ធាតុ​របស់ កូរ៉េខាងត្បូង។ ដោយឡែក បាល់​សម្រាប់​ទាត់​នៅ អឺរ៉ុប គឺ​ត្រូវ​ប្រើ​វត្ថុ​ធាតុ​របស់ ជប៉ុន៕

Advertisement