ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ខ្នាត​ធំ​មួយ​នៅ កម្ពុជា ចម្រាញ់​មាស​បាន​ជាង 4 តោន គិត​ត្រឹម​ចុង​ខែ​វិច្ឆិកា

គិត​ត្រឹម​ចុងខែ​វិច្ឆិកា 2022 កម្ពុជា ចម្រាញ់​មាស​សរុប​បាន​ជិត 5 តោន នៅក្នុង​ការរុករក និង​ចម្រាញ់​រ៉ែ​មាស​របស់​បណ្ដា​ក្រុមហ៊ុន​ពាក់ព័ន្ធ នេះ​បើតាម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និវត្តជន​នៃ ក្រសួង​រ៉ែ​និង​ថាមពល កាលពី​ថ្ងៃទី 30 វិច្ឆិកា​កន្លងទៅ​នៅ​ទីស្ដីការក្រសួង។

យោងតាម ក្រសួង​រ៉ែ និង​ថាមពល បច្ចុប្បន្ន​ក្រុមហ៊ុន​ចំនួន 4 ដែល​កំពុង​ធ្វើ​អា​ជីក​ម្ម​រ៉ែ​មាស នៅ កម្ពុជា ចម្រាញ់​មាស​សរុប​បាន​ជិត 5 តោន គិត​ត្រឹម​ចុងខែ​វិច្ឆិកា 2022។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​មានប្រសាសន៍ថា បណ្ដា​ក្រុមហ៊ុន​ខាងលើ​បាន​ឈានទៅ​ធ្វើ​អាជីវកម្ម​ជាបណ្តើរៗ នៅតាម​តំបន់រៀងៗខ្លួន។

ក្រសួង​បានឱ្យដឹងថា ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ខ្នាត​ធំ Renaissance Minerals Investment រកបាន​មាស​ច្រើនជាងគេ ដោយ​ចម្រាញ់​បាន​មាស​ទឹក 9 ចំនួន 4,598 គីឡូក្រាម។

សកម្មភាព​រុករក​រ៉ែ​មាស​នៅ កម្ពុជា បច្ចុប្បន្ន ផ្ដោតលើ​បណ្ដា​ខេត្ត​នៅ​ភាគ​ខាងជើង​ប្រទេស រួមមាន ខេត្តព្រះវិហារ ខេត្ត​មណ្ឌល​គី​រី និង​ខេត្តក្រចេះ៕

Advertisement