ចាប់តាំងពីឆ្នាំ 2014 ឱ្យតែជិតដល់រដូវកាល World Cup លោក ង្វៀន វ៉ាន់ តាម (Nguyen Van Tam) នៅ ទីក្រុងហូជីមិញ (ព្រៃនគរ) ប្រទេសវៀតណាម ក៏បើកកន្លែងច្នៃចម្លងពាន «World Cup FIFA» សម្រាប់លក់ឱ្យអតិថិជនយកទៅធ្វើជាអំណោយអនុស្សាវរីយ៍។
ជំហានដំបូងគឺត្រូវចាក់ពុម្ពដោយប្រើប្រាស់ជ័រ composite និងធាតុគីមីដទៃមួយចំនួនទៀត ទៅតាមរូបមន្តដោយឡែក។ «ពិបាកបំផុតគឺការធ្វើពុម្ព ព្រោះថាវាកំណត់អំពីរូបរាងរបស់ផលិតផល។ ខ្ញុំត្រូវស្រាវជ្រាវទៅលើរូបរបស់ពានដែលថតពីគ្រប់ជ្រុងដើម្បីធ្វើតាម។ រដូវកាល World Cup នីមួយៗ ខ្ញុំត្រូវធ្វើពុម្ពផ្សេងៗគ្នា» លោក ង្វៀន វ៉ាន់ តាម ប្រាប់ដូច្នេះ។
កាលពីថ្ងៃទី 11 តុលា នៅក្នុងរោងសិប្បកម្មទំហំប្រហែល 50 ម៉ែត្រក្រឡា លោក តាម និងបុគ្គលិកពីរនាក់ទៀត នាំគ្នាធ្វើពាន។ លោក តាម វ័យ 59 ឆ្នាំ បានឱ្យដឹងថា «ខ្ញុំមានបំណងធ្វើពាន World Cup នេះតាំងពីទសវត្សរ៍ឆ្នាំ 1990 ប៉ុន្តែ រហូតដល់ឆ្នាំ 2014 ទើបមានឱកាសធ្វើ»។
ក្រោយរយៈពេលប្រហែល 10 នាទីដែលទុកឱ្យសមាសធាតុចុះត្រជាក់ និងរឹង ពុម្ពក៏ត្រូវបានបើកចេញ។ ដោយសារមានពុម្ពតែមួយ ហើយរាល់ដំណាក់កាលត្រូវធ្វើដោយដៃ ដូច្នេះក្នុងមួយថ្ងៃពួកគេអាចចាក់ពុម្ពពានបានត្រឹមតែជិត 10 ប៉ុណ្ណោះ។
ក្រោយពីបើកពុម្ព ពួកគេយកក្រដាសខាត់ សម្អាតពាន មុនពេលលាបថ្នាំ គូររូប និងពាសមាស។ មាសសុទ្ធប្រភេទសន្លឹកត្រូវបានពាសពេញផ្ទៃរបស់ពាន ដែលទាំងអស់ប្រហែលពី 40 ទៅ 50 សន្លឹក។ កិច្ចការនេះអាចចំណាយពេលប្រហែល 90 នាទី។
ម្ចាស់សិប្បកម្មខាងលើបានឱ្យដឹងថា «សិប្បកម្មនេះអាចពាសប្រភេទមាសទៅតាមការស្នើរបស់អតិថិជន»។
ផលិតផលនេះមានរូបរាងប្រហាក់ប្រហែលនឹងពាន World Cup ពិត ដោយវាមានកម្ពស់ 36.5 សម, ទទឹងធំបំផុត 13 សម ប៉ុន្តែមានទម្ងន់ស្រាលជាង ពោលគឺប្រហែល 1.5 គីឡូក្រាម។
ពានចម្លងរបស់សិប្បកម្មលោក តាម មានតម្លៃប្រហែល 1 លានដុង (40.5 ដុល្លារអាម៉េរិក) អាស្រ័យទៅលើតម្លៃរបស់មាសដែលយកមកពាស។ មកដល់បច្ចុប្បន្ន សិប្បកម្មនេះបានផលិតពាន World Cup ប្រហែល 50 រួចទៅហើយ។ ក្នុងរដូវកាល World Cup 2022 នេះ លោក តាម មានគម្រោងផលិតឱ្យបាន 500 ពាន។
World Cup 2022 ដែលមានក្រុមបាល់ទាត់ 32 ក្រុមចូលរួម នឹងធ្វើការប្រកួតនៅ ប្រទេសកាតា ចាប់ពីថ្ងៃទី 20 វិច្ឆិកា ដល់ 18 ធ្នូ 2022។ ឆ្នាំនេះ World Cup នឹងប្រកួតក្នុងរយៈពេល 29 ថ្ងៃ មិនមែន 32 ថ្ងៃដូចកាលពីមុន។ នេះក៏ជាលើកទីមួយហើយដែល World Cup ត្រូវបានធ្វើឡើងក្នុងរដូវរងា ដោយសារតែទឹកដីរបស់ប្រទេសម្ចាស់ផ្ទះមានអាកាសធាតុក្ដៅខ្លាំងនៅរដូវក្ដៅ៕