ក្រុម​ប្រទេស​ផលិត​ប្រេង (OPEC) ព្យាករ​ថា តម្រូវការ​ប្រេង​រ៉ែ​នឹង​ផ្ទុះ​ការកើនឡើង​ជាថ្មី

របាយការណ៍​ថ្មី​របស់ ក្រុម​ប្រទេស​ផលិត​ប្រេង (OPEC) យល់ថា តម្រូវការ​ប្រេង​ហ្វូ​ស៊ី​ល នឹង​នៅតែ​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ខាងមុខ ដោយ​ឡើងដល់​ជិត 110 លាន​ធុង/ថ្ងៃ​នៅក្នុង​ឆ្នាំ 2040។

OPEC យល់ថា តម្រូវការ​ប្រើប្រាស់​ប្រេង​នឹង​កើនឡើង​ខ្ពស់​នៅពេល​ចំនួន​ប្រជាជន និង​សេដ្ឋកិច្ច​នៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ រីកចម្រើន​ខ្លាំង។ អង្គការ​នេះ​អះអាងថា តម្រូវការ​ប្រេង​ក្នុង​ឆ្នាំ 2025 នឹង​ឡើងដល់ 105.5 លាន​ធុង​ជា​រៀងរាល់ថ្ងៃ ច្រើនជាង​ប្រហែល 2 លាន​ធុង/ថ្ងៃ ធៀប​នឹង​ការ​ព្យាករ​ដែល​បានលើកឡើង​កាលពី​ឆ្នាំ​កន្លង។ ឆ្នាំ 2021 ពិភពលោក​បាន​ប្រើប្រាស់​ប្រេង 97 លាន​ធុង/ថ្ងៃ។

ការដែល​តម្រូវការ​ប្រេង​នៅ ប្រទេស​ចិន បន្ថយល្បឿន​មកវិញ រួម​នឹង​ការចាកចោល​ឥន្ធនៈ​ហ្វូ​ស៊ី​ល​របស់​ប្រទេស​​លោក​ខាង​លិច​ នឹង​នាំឱ្យ​កំណើន​នៃ​តម្រូវការ​ប្រេង​រ៉ែ​ត្រូវ​ធ្លាក់ចុះ ហើយនឹង​ចុះ​ទាប​បំផុត​នៅ​ពាក់កណ្ដាល​ទសវត្សរ៍​ខាងមុខ។ ក៏ប៉ុន្តែ OPEC នៅតែ​យល់ថា តម្រូវការ​ប្រេង​របស់​ពិភព​លោ​ល​នឹង​ឡើងដល់​ជិត 110 លាន​ធុង/ថ្ងៃ ចាប់ពី​ឆ្នាំ 2040 កើនឡើង​ជិត 2 លាន​ធុង/ថ្ងៃ ធៀប​នឹង​ការ​ព្យាករ 108.2 លាន​ធុង/ថ្ងៃ​ដែល​ពួកគេ​បាន​ព្យាករ​កាលពី​ឆ្នាំ 2021។

OPEC ព្យាករ​ថា ចំនួន​ប្រជាជន​ទូទាំង​ពិភពលោក​នឹង​កើន 1.6 ពាន់​លាន​នាក់​បន្ថែមទៀត​ចាប់ពីពេលនេះ​ដល់​ឆ្នាំ 2045។ 96% នៃ​កំណើន​របស់​ប្រជាជន​ថ្មី​នេះ​គឺ​ស្ថិតនៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ។ ដូច្នេះ បើ​ទោះ​តម្រូវ​ប្រេង​របស់​បណ្ដា​ប្រទេស​អ្នកមាន​ក្នុង​ក្រុម OECD នៅ​ឆ្នាំ 2045 នឹង​ថយចុះ 10.7 លាន​ធុង/ថ្ងៃ ក៏​តម្រូវការ​ប្រេង​ក្នុង​បណ្ដា​ប្រទេស​នៅក្រៅ​ក្រុម​នេះ កើន 23.6 លាន​ធុង/ថ្ងៃ។

យោងតាម OPEC ថាមពល​ហ្វូ​ស៊ី​ល រួមមាន​ប្រេង​រ៉ែ ធ្យូងថ្ម និង​ឧស្ម័ន​ធម្មជាតិ​នឹង​នៅតែ​គ្រប់គ្រង​ទីផ្សារ​ច្រើន​ទសវត្សរ៍​ទៀត។ ថាមពល​នេះ​នឹង​កាន់កាប់​ប្រហែល 70% ក្នុងចំណោម​ថាមពល​សរុប​របស់​ពិភពលោក​នៅ​ឆ្នាំ 2045 ដោយ​ថយចុះ​បន្តិច​ធៀប​នឹង 80% នាបច្ចុប្បន្ន។ ការថយចុះ​នេះ​បណ្ដាលមកពី​ការកាត់បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម។ ចំណែក​ប្រេង​ឧស្ម័ន​វិញ នឹងមិន​មានការ​ប្រែប្រួល​ឡើយ។

OPEC គិតថា វិស័យ​ឧស្សាហកម្ម​ថាមពល​ហ្វូ​ស៊ី​ល​នឹងត្រូវ​ការ​ខ្ទង់​ប្រាក់​វិនិយោគ 12.1 ទ្រី​លាន ( 12,100,000,000,000) ដុល្លារ​អាម៉េរិក រហូតដល់​ឆ្នាំ 2045 ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ និង​ធានា​សន្តិសុខ​ថាមពល​របស់​ពិភពលោក។ តួលេខ​នេះ​ខ្ពស់ជាង 3 សែន​លាន ( 300,000,000,000) ដុល្លារ ធៀប​នឹង​ការ​ព្យាករ​កាលពី​ឆ្នាំមុន។

ក៏ប៉ុន្តែ អង្គការ​ថាមពល​អន្ត​រ​ជាតិ (IEA) បានឱ្យដឹងថា ខ្ទង់​ប្រាក់​វិនិយោគ​ថ្មី​សម្រាប់​ឥន្ធនៈ​ហ្វូ​ស៊ី​ល ត្រូវតែ​ផ្អាក​ជា​​បណ្ដោះ​អាសន្ន បើ​សិន​ពិភពលោក​ចង់ឱ្យ​កម្ដៅ​របស់​ផែនដី​ស្ថិតក្នុង​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន៕

Advertisement