កូរ៉េខាងត្បូង ចំណាយ​ ៤០ លាន​ដុល្លារ​ ដើម្បី​សង្គ្រោះ​វិស័យ​​គីមជី​ (Kimchi) ក្នុង​ស្រុក

រដ្ឋាភិបាល​កូរ៉េខាងត្បូង ទើប​តែ​បាន​សម្រេច​សាងសង់​រោង​ចក្រចំនួន ២ បន្ថែម​ទៀត ដើម្បី​រក្សា​ទុក​ស្ពៃបូកគោ ដែល​មាន​តម្លៃ​ ៤០ លាន​ដុល្លារ​អាម៉េរិក​ ក្នុង​គ្រាដែល​បណ្ដា​ក្រុម​ហ៊ុន​ផលិត​ជ្រក់​គីមជី​នៅ​ប្រទេស​នេះ ជួប​បញ្ហា​កង្វះ​ប្រភព​ផ្គត់​ផ្គង់​។

សារព័ត៌មាន​ Reuters បាន​ឱ្យ​ដឹង​ថា រោង​ចក្រ​រក្សា​ស្ពៃបូក​គោ​នីមួយ​ៗ មាន​ទំហំ​ ៩,៩០០ ម៉ែត្រ​ក្រឡា នឹង​ត្រូវ​បាន​សាងសង់​នៅ​តំបន់​ជនបទ​ក្នុង​ទឹក​ដី​ Goesan និង Haenam។ ទំហំ​សរុប​របស់​រោង​ចក្រ​ទាំង​ពីរ​នេះ​គឺ​ប្រហាក់​ប្រហែល​នឹង​ទីលាន​បាល់​ទាត់​ចំនួន ៣ និង​អាច​រក្សា​ទុក​ស្ពៃបូកគោ​បាន​រហូត​ដល់ ១០,០០០ តោន​ និងជ្រក់​ស្ពៃ​បូគោ​បាន​ ៥០ តោន​ជា​រៀង​រាល់​ថ្ងៃ​។

គម្រោង​​រោង​ចក្រ​ទាំង​ខាងលើ​ដែល​​គ្រោង​នឹង​ត្រូវ​ចំណាយ​ប្រហែល ៥៨ ពាន់​លាន​វ៉ុន (៤០ លានដុល្លារ​អាម៉េរិក)​ នេះ​ នឹង​​ត្រូវ​បាន​សាង​សង់​រួច​រាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០២៥​។

ស្ថានភាព​អាកាស​ធាតុ​ប្រែប្រួល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំមក​នេះ បាន​បណ្ដាល​ឱ្យ​មាន​សីតុណ្ហ​ភាព​កើន​ឡើងខ្ពស់ និង​ភ្លៀង​ធ្លាក់​ច្រើន​ជាង​មុន ធ្វើ​ឱ្យប្រភព​ផ្គត់ផ្គង់​ស្ពៃ​បូកគោ​ដែល​ជា​វត្ថុ​ធាតុ​ដើម​សំខាន់​របស់​គីមជី ត្រូវ​ថយ​ចុះ​ច្រើន​។ ក្នុង​ឆ្នាំ​នេះ តម្លៃ​ស្ពៃបូកគោ​នៅ កូរ៉េខាង​ត្បូង បាន​កើន​ឡើង​ទ្វេដង​ក្នុង​រង្វង់​មិន​ដល់​ ៣ ខែ ដោយ​មូលហេតុ​បណ្ដាល​មក​ពី​អតិផរណា​ក្នុង​ខែ​កក្កដា​ឆ្នាំ​នេះ បាន​កើន​ឡើង​ខ្ពស់​បំផុត​ក្នុង​អំឡុង​ ២៤ ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក Ahn Ik-jin នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ផលិត​គីមជី Cheongone Organic បាន​ឱ្យ​ដឹង​ថា «យើង​តែង​តែ​ទិញ​ស្ពៃបូកគោ​នៅ​ក្នុង​ខែ​មិថុនា ដើម្បី​រក្សា​ទុក​ និង​ប្រើប្រាស់​បណ្ដើរ​ៗ បន្ទាប់​ពី​តម្លៃ​កើន​ឡើង​។ ប៉ុន្តែ ឆ្នាំ​នេះ យើង​អស់​ទំនិញ​រលីង​ហើយ»។

«យើង​ធ្លាប់​ផលិត​គីមជី​ ១៥ តោន​ជា​រៀងរាល់​ថ្ងៃ។ ប៉ុន្តែ ពេល​នេះ​ តួលេខ​នេះ​នៅសល់​តែ​ ១០ តោន​ ឬ​ទាប​ជាង​នេះ» លោក Ahn Ik-jin បញ្ជាក់​ និង​បន្ថែម​ថា ក្រុម​ហ៊ុន​បាន​ដំឡើង​តម្លៃ​គីម​ជី​ដល់ ២/៣ ធៀប​នឹង​តម្លៃ​មុន​នោះ​ ពោល​គឺ​ស្មើ​នឹង ៣.៥ ដុល្លារ​អាម៉េរិក​/​គីឡូក្រាម​។

វិស័យ​ឧស្សាហកម្ម​គីមជី​របស់ កូរ៉េខាងត្បូង បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​យ៉ាង​យូរ​ ខណៈ​ដែល​ការ​នាំ​ចូល​ពី​ ប្រទេស​ចិន (តម្លៃ​ស្មើ​នឹង ១/៣ នៃ​តម្លៃ​គីមជី​ដែល​ផលិតក្នុង​ស្រុក) បាន​កើន​ឡើង​ក្នុង​រង្វង់ ២ ទសវត្សរ៍​កន្លង ដោយ​កាន់​កាប់ចំណែក​ទីផ្សារ​គីម​ជី​ក្នុង ​ប្រទេស​កូរ៉េខាងត្បូង ប្រមាណ ៤០%​។

យោង​តាម​ការ​ស្រាវជ្រាវ​របស់ Korea Rating & Data កាលពី​ឆ្នាំ​មុន ជិត​ពាក់​កណ្ដាល​ក្នុង​ចំណោម​អ្នក​ផលិត​គីមជី របស់ កូរ៉េខាងត្បូង បាន​បិទ​ទ្វារ​ជា​រៀងរហូត ឬ​​​ងាក​ទៅ​រក​អាជីវកម្ម​ផ្សេង​។ ក្នុង​ពេល​នេះ ក្រុម​អ្នក​ផលិត​គីមជី​នៅ កូរ៉េខាងត្បូង កំពុង​តែ​រំពឹង​ថា គម្រោង​ថ្មី​របស់​រដ្ឋាភិបាល យ៉ាង​ហោច​ណាស់​ក៏​នឹង​អាច​ជួយ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ផលិត​គីម​ជី​ក្នុង​ស្រុក​ មិន​បាត់​បង់​ «មុខ​នាទី»៕

Advertisement