ប្រធានគណៈកម្មការកិច្ចការបរទេស នៃ សភាជាន់ទាបរុស្ស៊ី បានអះអាងថា ការដែល អ៊ុយក្រែន ចុះចាញ់ និង«មិនមានគំនិតហ្វាស៊ីសនិយម» នឹងក្លាយជាលក្ខខណ្ឌចម្បងបង្អស់សម្រាប់ការចរចាសន្តិភាព។
«យើងត្រៀមខ្លួនរួចរាល់ក្នុងការពិនិត្យលើដំណើរការនៃការចរចា បើសិនភាគីខាង អ៊ុយក្រែន ចុះចាញ់ដោយគ្មានលក្ខខណ្ឌ កាត់បន្ថយកម្លាំងប្រដាប់អាវុធ ក៏ដូចជាមិនមានគំនិតហ្វាស៊ីសនិយមទាំងស្រុង និងជាដាច់ខាត» ប្រធានគណៈកម្មការកិច្ចការបរទេសរបស់ សភាជាន់ទាប់រុស្ស៊ី និងជាប្រធានក្រុមចរចាជាមួយ អ៊ុយក្រែន លោក Leonid Slutsky បង្ហោះសារនៅលើ Telegram កាលពីថ្ងៃទី ២៧ សីហាដូច្នេះ។
ប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងគ្រាដែលប្រទេសទាំងពីរ ថ្មីៗនេះ បានលើកឡើងនូវគោលជំហោរយ៉ាងដាច់អហង្ការស្ដីពីលក្ខខណ្ឌសម្រាប់ការចរចា។ ទីក្រុងកៀវ ក្នុងខែនេះបានអះអាងថា នឹងចូលតុចរចា ចុះណាតែ ទីក្រុងមូស្គូ ទទួលរងការខូចខាតធ្ងន់ធ្ងរ និងបរាជ័យក្នុងសមរភូមិ៕