ប្រធានាធិបតីបេឡារុស លោក Lukashenko យល់ថា អ៊ុយក្រែន អាចបញ្ចប់សង្គ្រាមបានដោយការចរចាជាមួយ រុស្ស៊ី និងធ្វើសម្បទានទឹកដីដើម្បីបញ្ចៀសហានិភ័យកើតសង្គ្រាមនុយក្លេអែរ។
«យើងត្រូវតែឈប់ សម្រេចកិច្ចព្រមព្រៀង បញ្ចប់ស្ថានការណ៍ច្របូកច្របល់ និងសង្គ្រាមនៅ អ៊ុយក្រែន» ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ប្រាប់ក្រុមអ្នកយកព័ត៌មាននៅ រដ្ឋធានីមីនស្កិ៍ កាលពីម្សិលមិញដូច្នេះ។
លោក Lukashenko បន្តថា «ចូរឈប់ទៅ ហើយយើងនឹងស្វែងរកឃើញវិធីដើម្បីបន្តរស់។ មិនចាំបាច់ដើរឆ្ងាយជាងនេះ ឆ្ងាយជាងនេះគឺជាជ្រោះជ្រៅនៃសង្គ្រាមនុយក្លេអែរ។ មិនបាច់ទៅដល់ទីនោះទេ»។
ទន្ទឹមនឹងនេះ ប្រធានាធិបតីបេឡារុស ក៏បានចោទប្រកាន់បស្ចិមលោកថា កំពុងស្វែងរកការធ្វើសង្គ្រាមជាមួយ រុស្ស៊ី និងបង្ខំឱ្យមានសង្គ្រាមនៅ អ៊ុយក្រែន។
បើតាមប្រធានាធិបតីបេឡារុស រដ្ឋាភិបាលអ៊ុយក្រែន អាចបញ្ចប់សង្គ្រាមបើសិនចាប់ផ្ដើមចរចាឡើងវិញជាមួយនឹង រុស្ស៊ី និងទទួលយកសំណើរបស់ មូស្គូ។
លោក Lukashenko អំពាវនាវដល់ រដ្ឋាភិបាលអ៊ុយក្រែន «ចូលតុចរចា និងយល់ព្រមឈប់គំរាមកំហែង រុស្ស៊ី» ហើយទទួលយកការបាត់បង់ទឹកដីនៅតំបន់ភាគខាងត្បូង និងភាគខាងកើតរបស់ អ៊ុយក្រែន ដែល រុស្ស៊ី កំពុងកាន់កាប់។
រុស្ស៊ី បានចាប់ផ្ដើមចូលលុកលុយ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ កុម្ភៈ ២០២២។ បេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់ រុស្ស៊ី ដើរតួនាទីជាកន្លែងប្រមូលផ្ដុំកងកម្លាំងទាហានរបស់ ទីក្រុងមូស្គូ នៅក្នុងយុទ្ធនាការយោធានេះ។
ក៏ប៉ុន្តែ មកដល់ពេលនេះ លោក Lukashenko នៅតែចៀសវាងការបញ្ចូល បេឡារុស ទៅក្នុងភាគីមួយក្នុងសង្គ្រមនៅ អ៊ុយក្រែន ដែលប្រការនេះទំនងជាបណ្ដាលមកពី ប្រជាពលរដ្ឋបេឡារុស ភាគច្រើនមិនគាំទ្រឱ្យបញ្ជូនទ័ពចូលលុកលុយប្រទេសជិតខាង៕