គ្រាដែលបញ្ហាការប្រែប្រួលអាកាសធាតុបាននិងកំពុងក្លាយជាបញ្ហាប្រឈមមួយដ៏ធំនៅក្នុងពិភពលោកជាពិសេសនៅកម្ពុជា។ យោងតាមការសិក្សាមួយបានបញ្ជាក់ថា បរិមាណបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជានឹងកើនឡើងប្រហែល4ដងនៅឆ្នាំ 2030 និងបន្តកើនឡើងប្រហែល 24ដង នៅឆ្នាំ2050 បើធៀបទៅនឹងឆ្នាំ2010 នេះបើគ្មានវិធានការទប់ស្កាត់។
ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន លើកឡើងថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុ បាននិងកំពុងក្លាយជាបញ្ហាប្រឈមមួយដ៏ធំ នៅក្នុងពិភពលោកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ដើម្បីដោះស្រាយជាបន្ទាន់។ ដូច្នេះទើបក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន សហការជាមួយវិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសកលនៃប្រទេសជប៉ុនបានរៀបចំកម្មវិធីសិក្ខាសាលាមួយស្តីពី ការកសាងសមត្ថភាពស្តីពីការអភិវឌ្ឍបញ្ចេញកាបូនតិចសម្រាប់ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ កម្មវិធីនេះធ្វើឡើងដើម្បីពិភាក្សាថា តើត្រូវពង្រឹងសហគមន៍ស្រាវជ្រាវដែលគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត និងការអនុវត្តសកម្មភាពនានា ដោយផ្អែកលើវិទ្យាសាស្ត្រនៅប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ានាពេលអនាគតយ៉ាងដូចម្តេច? ។
ឯកឧត្តមបានបន្តថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផង បាននិងកំពុងប្រឈមនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដែលបណ្តាលឱ្យបាត់បង់ជិវិតមនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តធនធានធម្មជាតិ និងប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមយ៉ាងធ្ងន់ធ្ងរ។ ជាក្ដីរំពឹងតាមរយៈការសិក្សាមួយនេះពិតជាបានឆ្លើយតបទៅតាមតម្រូវការចាំបាច់ជាក់ស្តែង និងការចែករំលែកនូវចំណេះដឹង បទពិសោធពីគោលនយោបាយ និងផែនការអភិវឌ្ឍន៍បញ្ចេញកាបូនតិច និងវិធានការដោះស្រាយការប្រែប្រួលអាកាសធាតុនៅបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ី និងផ្តល់ឱកាសឱ្យអ្នកចូលរួមស្វែងយល់កាន់តែច្បាស់ អំពីសារៈសំខាន់នៃការរៀបចំផែនការអភិវឌ្ឍបញ្ចេញកាបូនិក នៅតាមបណ្តាទីក្រុងនៅតំបន់អាស៊ី ជាពិសេសប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ។
គួរបញ្ជាក់ថា ដោយសារតែបម្រែបម្រួលអាកាសធាតុទឹកជំនន់ឆ្នាំ2013 បានធ្វើឱ្យកម្ពុជាបាត់បង់ថវិកាប្រមាណ 360លានដុល្លារ ស្មើនឹង10% នៃថវិកាជាតិ និងនៅឆ្នាំ2050 ការបាត់បង់សេដ្ឋកិច្ចជាតិដោយសារការប្រែប្រួលអាកាសធាតុអាចកើនដល់ប្រមាណ 3,5% នៃ GDP ប្រសិនបើពុំមានចាត់វិធានការណាមួយ ។យោងតាមរបាយការណ៍របស់អន្តរដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុលើកទី5 បានបង្ហាញថា ផែនដីកំពុងបន្តឡើងកម្តៅ ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុទៅលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបរិស្ថានពិភពលោកកាន់តែធ្ងន់ធ្ងរឡើងៗ ។ ឧស្ម័នផ្ទះកញ្ចក់នៅលើពិភពលោកបានកើនឡើងជិត2ដងក្នុងរយៈពេល2ទសវត្សរ៍ចុងក្រោយនេះ ពីឆ្នាំ1990ដល់ឆ្នាំ 2010 បរិមាណនេះនឹងបន្តកើនឡើងកាន់តែខ្ពស់ប្រសិនបើគ្មានវិធានការកាត់បន្ថយសមស្របនោះទេ ។
ពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ ស្ថាប័នរូបីយវត្ថុអន្តរជាតិ(IMF) ធ្លាប់បានប្រាប់ទៅកាន់ប្រទេសអ្នកមានឱ្យទៅជួយប្រទេសអ្នកក្រីក្រដើម្បីដោះស្រាយផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ឬជាប្រទេសមានការរីកចម្រើនយឺតយ៉ាវ ឬក៏ប្រទេសដែលមានលំហូរជនភៀសខ្លួនច្រើន។
ស្ថាប័នអន្តរជាតិមួយនេះ បានលើកឡើងថា ប្រទេសក្រីក្រដែលមានចំណូលតិចតួច គឺបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចតែប៉ុណ្ណោះ ដូច្នេះប្រទេសធំៗត្រូវតែចូលរួមផ្តល់ជំនួយក្នុងនាមជាប្រទេសដែលបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើន។ IMF លើកឡើងថា ការកើនឡើងនូវកម្ដៅរបស់ផែនដីបានជះឥទ្ធិពលមិនស្មើគ្នាឡើយ ហើយប្រទេសក្រីក្រនឹងលំបាកក្នុងការដោះស្រាយចំពោះផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុនេះ។
ពាក្យ «ឧស្ម័នផ្ទះកញ្ចក់» Greenhouse gas (GHG) ជាឧស្ម័នដែលមាននៅក្នុងបរិយាកាស ដែលកើតឡើងដោយធម្មជាតិឬដោយសកម្មភាពមនុស្ស ហើយដែលស្រូបយក និងបញ្ចេញរស្មីតាមជំហានរលកជាក់លាក់ក្នុងជំហានរលកនៃរំភាយរស្មីកម្តៅក្រហមអាំងហ្វ្រាដែលភាយចេញពីផ្ទៃផែនដីបរិយាកាស និងពពក។ បាតុភូតទាំងនេះបង្កឱ្យមានផលផ្ទះកញ្ចក់។
ចំហាយទឹក (H2O)ឧស្ម័នកាបូនិក(CO2) ឌីអាសូតម៉ូណូអុកស៊ីត (N2O)មេតាន(CH4)និងអូសូន (O3) ជាឧស្ម័នផ្ទះកញ្ចក់ចម្បងៗនៅក្នុងបរិយាកាស របស់ផែនដី។ ក្រៅពីនេះ មានឧស្ម័នផ្ទះកញ្ចក់មួយចំនួននៅក្នុងបរិយាកាស ដែលបង្កើតឡើងដោយមនុស្សទាំងស្រុង ដូចជាហាឡូកាបួ និងសារធាតុដទៃទៀតដែលផ្ទុកក្លរនិងប្រូម គឺស្ថិតក្រោមការគ្រប់គ្រងនៃពិធីសារម៉ុងរ៉េអាល់។ ក្រៅពី CO2 N2O និង CH4ពិធីសារក្យូតូ គ្រប់គ្រងឧស្ម័នផ្ទះកញ្ចក់ដទៃទៀត ដូចជា ស៊ុលភួអ៊ិចសាភ្លុយអរីត (SF6) អ៊ីដ្រូភ្លុយអរ៉ូកាបួ (HFCs) និងពែរភ្លុយអរ៉ូកាបួ (PFCs)៕