ករណី​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox) នៅ កាណាដា និង សហរដ្ឋ​អាម៉េរិក បន្ត​កើនឡើង

ស្ថាប័ន​សុខាភិបាល​សាធារណៈ​របស់ ប្រទេស​កាណាដា (PHAC) កាលពី​ម្សិលមិញ បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox) បន្ថែមទៀត។

ក្នុង​សេចក្ដីប្រកាស PHAC ឱ្យដឹងថា ក្រៅពី​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ចំនួន ១៦ នាក់​ដែល​បាន​រកឃើញ​មុន​នោះ​នៅ Quebec បច្ចុប្បន្ន កាណាដា មាន​ករណី​ឆ្លង​សរុប ២៦ ហាក់​ហើយ ក្នុងនោះ​រួមមាន ២៥ ករណី​នៅ Quebec និង ១ ករណី​នៅ Ontario។ ការប្រកាស​ខាងលើ​ក៏បាន​អះអាងថា អាច​នឹងមាន​ច្រើន​ករណី​ទៀត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ គ្រា​ដែល​មន្ទីរពិសោធន៍​រប​ស់ PHAC បន្ត​ទទួលបាន​សំណាក​ថ្មី​ពី​មូលដ្ឋាន​នានា។

ក្នុង​ថ្ងៃ​ដដែល មជ្ឈមណ្ឌល​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង (CDC) របស់ សហរដ្ឋ​អាម៉េរិក ក៏បាន​ប្រកាសថា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​អុត​ស្វា​ចំនួន ៩ ករណី​នៅក្នុង ៧ រដ្ឋ រួមមាន California, Florida, Massachusetts, New York, Utah, Virginia និង វ៉ា​ស៊ី​ង​តោន។ ក្នុងពេល​ដ៏​ខ្លី​ខាងមុខ នឹងមាន​ករណី​ឆ្លង​ថ្មី​ជាច្រើន​ទៀត នេះ​បើតាម​ការវាយតម្លៃ​រប​ស់​ក្រុមមន្ត្រី​សុខាភិបាល​អាម៉េរិក ខណៈដែល CDC អាម៉េរិក ស្នើឱ្យ​ក្រុម​វេជ្ជបណ្ឌិត និង​ប្រជាជន​បង្កើន​ការប្រុងប្រយ័ត្ន​ជាមួយនឹង​រោគសញ្ញា​នៃ​ជំងឺ​នេះ។

យោងតាម អង្គការ​សុខភាព​ពិភពលោក (WHO) ជំងឺ​អុត​ស្វា មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។ វីរុស​នេះ​ឆ្លង​នៅពេល​មនុស្ស​ប៉ះពាល់​គ្នា​យូរ​ជាមួយនឹង​របួស ធាតុ​រាវ​របស់​រាងកាយ តំណក់ទឹក​ផ្លូវដង្ហើម ឬ​ស​ម្ភ​រ​ដែលមាន​ផ្ទុក​វីរុស ដូចជា ភួយ​ខ្នើយ​ជាដើម។ អាការ​ដំបូង​នៃ​ជំងឺ​អុត​ស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើម​កូនកណ្ដុរ ឈឺ​ខ្នង និង​សាច់ដុំ ក្រោយមក​ក៏​ចេញ​ពងមាន​ខ្ទុះ​លើ​ស្បែក​នៅត្រង់​មុខ ដៃ និង​កន្លែង​ជាច្រើន​ទៀត​របស់​រាងកាយ។ រោង​សញ្ញា​ចាប់ផ្ដើម​បង្ហាញខ្លួន​ក្នុង​រង្វង់​ពី ១ ទៅ ២ សប្ដាហ៍ រាប់​ចាប់ពី​ពេល​ឆ្លង​វីរុស។

Advertisement